អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង ចូល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ម៉ោង​៤​ល្ងាច ថ្ងៃ​អង្គារ ទី​៥​សីហា

នៅ​ទី​បំផុត តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្សសង្គ្រោះជាតិ នឹង​អញ្ជើញ​ចូល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​​ថ្ងៃ​អង្គារ ទី​៥​សីហា​ស្អែក​នេះ នៅ​ក្នុង​ព្រះ​បរម​រាជវាំង ចំពោះ​មុខ​ព្រះ​មហាក្សត្រ​។ នេះ​បើ​តាម​លិខិត​សម្ដេច​ចៅហ្វាវាំង ផ្ញើ​ជូន​រដ្ឋសភា​ជាតិ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​។ អ្នក​វិភាគ​ឯករាជ្យ បាន​សម្ដែង​ក្ដី​អបអរ​ចំពោះការ​វិវត្ត​ចុង​ក្រោយ​នេះ និង​​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គម បើ​ទោះ​បី​ជា​មាន​ការ​រកាំ​រកូស​យ៉ាង​ណា​ក្ដី​។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ថត​រូប​អនុស្សាវរីយ៍​ពេល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០១៣
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ថត​រូប​អនុស្សាវរីយ៍​ពេល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០១៣ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

នៅ​ម៉ោង​៤​រសៀល ថ្ងៃ​អង្គារ​ទី​០៥​សីហា ឆ្នាំ​២០១៤ គឺ​ជាង​មួយ​ឆ្នាំ​ក្រោយ​​​ការ​បោះ​ឆ្នោត​ជាតិ អាណត្តិ​ទី​៥​ ប្រជាពលរដ្ឋ​កម្ពុជា នឹង​​បាន​ឃើញ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប ចង​ក្បិន​ពណ៌​ស្វាយ ពាក់​អាវ​កុត ឬ​អាវ​ប៉ាក់​ពណ៌​ស អញ្ជើញ​ចូល​ក្នុង​ព្រះ​បរម​រាជវាំង ដើម្បី​ធ្វើ​សច្ចា​ប្រណិធាន នៅលើ​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ​។ 

លិខិត​ចុះ​ថ្ងៃ​ទី​៤​ខែ​សីហា​របស់​ព្រះ​បរម​រាជវាំង ដែល​ឆ្លើយ​តប​មក​កាន់​រដ្ឋ​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពិធី​សច្ចា​ប្រណិធាន​ ជូន​អ្នក​តំណាង​រាស្ត្រ​ចំនួន​៥៥​រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៥​សីហា ស្អែក​​នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះ​រាជាធិបតីភាព​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​។ បើ​តាម​លិខិត​ដដែល ការ​រៀប​ចំ​​ពិធី​សច្ចា​ប្រណិធាននេះ គឺ​ធ្វើ​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា ព្រះ​បាទ សម្ដេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជា និង​លិខិត​ចុះ​ថ្ងៃ​ទី​៤​ខែ​សីហា របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​។

លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​ឯករាជ្យ បាន​សម្ដែង​ក្ដី​អបអរ​ចំពោះ​ការ​ចូល​ធ្វើ​សច្ចា​ប្រណិធាន​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប។ លោក​ស្រី ជា វណ្ណាត លើក​ឡើង​ថា នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​កម្ពុជា ចាប់​ដៃ​គ្នា​ធ្វើ​ការ​ដើម្បី​បម្រើ​ប្រទេស​ជាតិ ដោះ​ស្រាយ​បញ្ហា​សង្គម និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​ជាង​នេះ​ទៅ​ទៀត​។ ការ​ធ្វើ​ការ​រួម​គ្នា ​បើ​តាម​អ្នក​វិភាគ​ឯករាជ្យ​រូប​នេះ គឺ​តែង​តែ​ជួប​ប្រទះ​បញ្ហា​រកាំរកូស​ខ្លះ ប៉ុន្តែ​លោក​ស្រី​ជា វណ្ណាត​សង្ឃឹម​ថា គណបក្ស​ទាំង​ពីរ នឹង​ជជែក​ពិភាក្សា​ជាមួយ​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​អាច​នឹង​កើត​មាន​ឡើង​នា​ពេល​អនាគត​។

សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ទី​៤​សីហា​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ។ ជា​លិខិត​ដែល​ស្នើ​សុំ​ចាត់​ចែង​រៀប​ចំ​ឲ្យ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​របស់​ខ្លួន បាន​ចូល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ចំពោះ​មុខព្រះ​ភ័ក្ត្រ​​ព្រះ​មហាក្សត្រ​។ ភ្លាម​ៗ​នោះ អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​សម្ដេច​ចៅហ្វា​វាំង ដោយ​បាន​ស្នើ​សុំ​ឲ្យ​រៀប​ចំ​ពិធី​សច្ចា​ប្រណិធាន ជូន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​។ តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ប្រកាស​សុពលភាព​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០១៣ ប៉ុន្តែ​ពុំ​ទាន់​បាន​ចូល​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​នៅ​ឡើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ