អានតួអត្ថបទ
កម្ពុជា

ថ្នាក់ដឹកនាំកំពូល​គណបក្ស​ទាំង​ពីរ​ កំពុងជជែក​​បញ្ចប់​បញ្ហា​ ដែល​ពុំទាន់​យល់​ស្រប​ លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ស្តីពី ​គ.ជ.ប​

រហូតដល់​ព្រឹក​សៅរ៍​នេះ លោក​សម រង្ស៊ី បាន​ឲ្យ​ដឹងថា លោក​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជជែក ឈានទៅ​បញ្ចប់​បញ្ហា ដែល​ក្រុមការងារ​គណបក្ស​ទាំងពីរ ពុំទាន់​បាន​ឯកភាពគ្នា លើ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ នោះ​គឺពាក់ព័ន្ធ​នឹង​ស្វ័យភាព​ការងារ​របស់​សមាជិក​គ.ជ.ប និង​ពាក្យពេចន៍​មួយចំនួនទៀត។

លោកសម រង្ស៊ី និងលោក ស ខេង
លោកសម រង្ស៊ី និងលោក ស ខេង Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ថ្នាក់ដឹកនាំ​កំពូល ពោលគឺ​លោក និង​លោក​សខេង កំពុង​ជជែក​បន្ត​លើ​អ្វីដែល​ក្រុមការងារ​ពុំទាន់​ឯក​ភាពគ្នា​។ ក្នុងនោះ លោក​បាន​ជួប​តាម​ទូរស័ព្ទ ដើម្បី​បញ្ចប់​បញ្ហា លើ​សំ​ណុ​ច​សេសសល់ ក្នុង​សេច​ក្តី​ព្រាង​រដ្ឋធម្មនុញ្ញ។ នោះ​គឺ​ពាក្យពេចន៍ និង​រៀបចំ​ឃ្លោ​ឃ្លា ឲ្យ​បាន​ត្រឹមត្រូវ។ តែ​មិនមែនជា​ការងារ​ធំដុំ​ទេ។

លោក​សម រង្ស៊ី បាន​អះអាងថា ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ បាន​ជជែក​គ្នា​ហើយ តែ​ពេលនេះ លោក​មិនអាច​លាតត្រដាង​ទេ។

ក្រុមការងារ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា និង​លោក អេង ឆៃអ៊ាង បន្ទាប់ពី​កិច្ចប្រជុំ​រយៈពេល ៣​ម៉ោង​ កាលពី​រសៀល​ថ្ងៃទី១សីហា បាន​ឯកភាព​លើ​វិសោធនកម្ម​មាត្រា ៧៦ និង​ការបង្កើត​ជំពូក​​ថ្មី ទាក់ទង​នឹង​អង្គ​ការរៀបចំ​ការបោះឆ្នោត គជប ដែលមាន ២ មាត្រា កំណត់​ពី​តួនាទី និង​​អាណត្តិ​របស់​គ.ជ.ប។ តែ​ក្រុមការងារ​គណបក្ស​ទាំងពីរ មិនបាន​កំណត់​ឲ្យ​សមាជិក​គជប​ថ្មី មាន​​អភ័យឯកសិទ្ធិ​ដូច​តំណាងរាស្ត្រ​នោះទេ។ រីឯ​ស្វ័យភាព​ការងារ​របស់​គ.ជ.ប ក៏ត្រូវ​ក្រុម​ការងារ​​ចម្រុះ ទុក​ជូន​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ ជា​អ្នកសម្រេច។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក អេង ឆៃអ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៅសល់តែ​ពី​ពីរ​ចំណុច​ប៉ុណ្ណោះ ដែល​ពុំទាន់​ឯក​ភាព​ នោះ​គឺ​ស្វ័យភាព​ការងារ និង​ពាក្យពេចន៍​មួយចំនួន។ ចំណុច​ទាំងពីរ​នោះ ថ្នាក់ដឹកនាំ​កំពូល​ អាច​ជជែក​គ្នា​តាម​ទូរស័ព្ទ នឹង​សម្រេចបាន​ហើយ ដោយ​មិនចាំបាច់​ដល់​ថ្នាក់​ប្រជុំ​ទល់មុខ​គ្នា​ទៀត​ទេ។

យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​សមរង្ស៊ី បាន​បដិសេធ​មិន​បញ្ជាក់ថា ពេលណា ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចូលធ្វើ​សច្ចាប្រណិធាន ស្បថ​ក្នុង​ព្រះបរមរាជវាំង និង​ចូលប្រជុំ​រដ្ឋសភា នោះទេ។ លោក​សមរង្ស៊ី លើកឡើងថា ពេល​ចប់​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ហើយ​ ទើប​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា ត្រូវធ្វើ​អ្វី​បន្តទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ