អានតួអត្ថបទ
កម្ពុជា

សហគមន៍​បឹង​កក់ និង​បុរីកីឡា តវ៉ា​រក​ដំណោះ​ស្រាយ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ អ្នក​បុរីកីឡា​ពីរ​នាក់​ដួល​សន្លប់

ប្រជាសហគមន៍​តំបន់​បឹង​កក់ និង​បុរីកីឡា បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ តាម​ការ​គ្រោង​ទុក​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរពន្លឿន​ការ​​ដោះ​ស្រាយ ​បញ្ចប់​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​នៅ​តំបន់​បឹង​កក់​។ ក្រោយ​ពី​បាន​ចូល​ទៅ​ជួប​ជាមួយ​តំណាង​សាលា​ក្រុង អ្នក​ភូមិ​បឹង​កក់ និង​បុរី​កីឡា បាន​សម្រេច​រំសាយ​ការ​ជួបជុំ​ហើយ នៅ​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់​នេះ ដើម្បី​រង់​ចាំ​មើល​ដំណោះ​ស្រាយ ដែល​សាលាក្រុង​ភ្នំពេញ​សន្យា​ថា នឹង​ចាប់​អនុវត្ត​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​សប្ដាហ៍​នេះ​។ នៅ​ក្នុង​ការ​តវ៉ា​នោះ អ្នក​បុរី​កីឡា​ពីរ​នាក់​ក៏​បាន​ដួល​សន្លប់​ផង​ដែរ​។

ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់ និង​បុរីកីឡា អង្គុយ​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០១៤
ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់ និង​បុរីកីឡា អង្គុយ​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០១៤ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ភាព​យឺត​យាវ មិន​គោរព​ពាក្យ​សន្យា​របស់​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​អ្នក​ភូមិ​បឹង​កក់ និង​បុរី​កីឡា​ជិត​១០០​នាក់ មក​ជួបជុំ​តវ៉ា លើ​ចញ្ចើម​ផ្លូវ ទល់​មុខ​សាលា​រាជធានី​ភ្នំពេញ​។ លោក​ស្រី ទេព វណ្ណី តំណាង​អ្នក​ភូមិ​បឹង​កក់ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា សាលា​រាជធានី​បាន​សន្យា​ជាមួយ​អ្នក​ភូមិ​កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ ថា​នឹងដោះ​ស្រាយ ផ្ដល់​បណ្ណ​កម្មសិទ្ធិ​​ជូន​អ្នក​ភូមិ​បឹង​កក់​៤០​គ្រួសារទៀត ​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​។ ប៉ុន្តែ​រហូត​មក​ទល់​ថ្ងៃ​ទី​២៨​កក្កដា​ទៅ​ហើយ នៅ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​​ណា​មួយនៅ​​ឡើយ​ទេ​។

ក្រៅ​ពី​ទាមទារ​ឲ្យ​ពន្លឿន​ការ​ដោះ​ស្រាយ​តាម​សន្យា ក្រុម​អ្នក​ភូមិ​ក៏​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ រៀប​ចំ​កំណត់​ព្រំដី​ទំហំ​១២,៤៤​ហិកតា​របស់​អ្នក​ភូមិ ឲ្យ​ដាច់​ស្រឡះ​ពី​ដី​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​។ នេះ​បើ​តាម​លោក​ស្រី ទេព វណ្ណី​។

បន្ទាប់​ពី​ធ្វើ​ការ​តវ៉ា​នៅ​លើ​ចិញ្ចើម​ផ្លូវ ទល់​មុខ​សាលា​រាជធានី​ភ្នំពេញ​អស់​មួយ​រយៈ តំណាង​អ្នក​ភូមិ​ចំនួន​១៣​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ជាមួយ​លោក​មាន ចន្ទយ៉ាដា ដែល​ជា​នាយក​រង​​រដ្ឋបាល​សាលា​រាជធានី​។ ជា​លទ្ធផល សាលា​រាជធានី​ភ្នំពេញ​បាន​សូម​ទោស​អ្នក​ភូមិ​ចំពោះ​ការ​យឺត​យ៉ាវ និង​បាន​សន្យា​ថា ដំណើរ​ការ​ដោះស្រាយ​ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទាំង​៤០​គ្រួសារ នឹង​ចាប់​ផ្ដើម​ពី​សប្ដាហ៍​នេះ​ត​ទៅ​។ សប្ដាហ៍​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​អញ្ជើញ​មួយ​គ្រួសារ​មក​ដោះ​ស្រាយ ហើយ​នៅ​សប្ដាហ៍​ក្រោយ នឹង​អញ្ជើញ​១៤​គ្រួសារ​ទៀត​។ ចំណែក​អ្នក​សេស​សល់ សាលា​រាជធានី​ភ្នំពេញ​នឹង​ដោះ​ស្រាយ​ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ដី​ជូន ជា​បន្ត​បន្ទាប់​។  ក្រុម​អ្នក​ភូមិ បាន​រំសាយ​ការ​ជួបជុំ​តវ៉ា​ហើយ នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ចន្ទ​ទី​២៨​កក្កដា​នេះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី ទេព វណ្ណី​។

សូមជម្រាប​ជូន​ថា ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មិន​មាន​ការ​បិទ​ផ្លូវ​​ទេ​។ យ៉ាង​ណា​ក៏​ដោយ ស្ដ្រី​បុរី​កីឡា​២​នាក់​បាន​ដួល​សន្លប់ បន្ទាប់​ពី​មាន​ការ​រុញ​ច្រាន​ពី​សំណាក់​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ​។ ក្រុម​អ្នក​ភូមិ​ចោទ​ថា កង​សន្តិសុខ បាន​ប្រើ​ប្រាស់​ដំបង​ឆក់​ស្ដ្រី​បុរី​កីឡា​ទាំង​ពីរ​នាក់​នោះ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ