អានតួអត្ថបទ
កម្ពុជា

មេ​បក្ស​ប្រឆាំង​ទាំង​ពីរ រង​អត្ថាធិប្បាយ​អវិជ្ជមាន​ពី​មិត្ត​នៅ​ក្នុង​ហ្វេសប៊ុក​

ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ទាំងពីរ បាន​ទទួល​យ៉ាង​ក្រាសក្រែល​នូវ​អត្ថាធិ​ប្បាយ​មិន​ពេញ​ចិត្ត​ពី​គ្រប់​ទិសទី បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​កិច្ច​ព្រមព្រៀង​រួម​ជាមួយ​គណបក្ស​ ប្រជាជន​កម្ពុជា ក្រោយ​កិច្ច​ប្រជុំ កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​បំបែក​ភាព​ទាល់​ច្រក​ខាង​នយោបាយ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា​ប្រជាពលរដ្ឋ នៅ​មិន​ទាន់​យល់​ពី​សារៈសំខាន់ ហើយ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ពន្យល់​ពួកគេ​បន្ថែមទៀត។

ទំព័រហ្វេសប៊ុក របស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
ទំព័រហ្វេសប៊ុក របស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ RFI
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ម៉ោង​ក្រោយពី​ចេញ​សេចក្តី​ប្រកាស​រួម ដែល​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ រវាង​មេ​ដឹក​នាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ និង​រូបថត​លោក សម រង្សី និង លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រង​ការ​វាយ​ប្រហារ​យ៉ាងខ្លាំង​ពី​អត្ថាធិប្បាយ​មិន​សប្បាយចិត្ត​ពី​សំណាក់​មិត្ត​ក្នុង​បណ្តាញ​សង្គម ដែលមាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ។

មាន​ពាក្យពេជន៍​ជា​ច្រើន​រាប់សិប ត្រូវបាន​គេ​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ហ្វេ​ស​ប៊ុ​កលោក សម រង្សី​និង​លោក កឹម សុខា ដូចជា« CPP ជា​វាំងនន​បិទបាំង​ការ​ឈ្លានពាន​របស់​យួន ឯ​CNRP​វិញ​បាន​ចូលខ្លួន​ធ្វើជា​កញ្ចក់​រៃ​បាន់​បិទបាំង អំពើរ​អាក្រក់​របស់​CPP» «សូមកុំ​ដើរ​ជាន់​ដាន​ចាស់​របស់​ហ្វ៊ុន​ស៊ិន​ប៉ិច!» «កុំ​បន្ទោស​គាត់ គួរ​បន្ទោស​ខ្លួនឯង​ជិះទូក​មិន​មើល​ឲ្យ​ហើយ​ម្តេច​ដល់ កណ្តាលទន្លេ​ទើប​ដឹង​ទូក​ធ្លាយ»។ រួម​នឹង​អត្ថាធិប្បាយ​អាក្រក់ៗ​ជា​ច្រើន​ទៀត​ដែល​ខ្លះ​បាន​ប្រើប្រាស់​ពាក្យពេជន៍​អសុរ​ស​ផងដែរ។

ជាមួយ​គ្នា​នេះ ក៏មាន​អត្ថាធិប្បាយ​គាំទ្រ​ដល់​មេបក្ស​ប្រឆាំង​ទាំងពី​ផងដែរ ឬ​ក៏​អត្ថាធិប្បាយ​បែប​លួង​ចិត្ត​ដូចជា «ខ្ញុំ​សង្ឃឹម​ថា​ការ​បញ្ចប់​ភាព​ជាប់គាំង​ផ្នែក​នយោបាយ​នេះ នឹង​ជួយ​អោយ​ប្រទេស​មាន​សុខ​សន្តិភាពប្រជាជន​អាច​បន្ត​របរ​ទទួលទាន​បាន​ដូច​ធម្មតា​វិញ និង​សេដ្ឋកិច្ច​រីកចម្រើន។ប៉ុន្តែ​ខ្ញុំ សង្ឃឹមថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​ជា​ឆ្អឹង​ជំទាស់​នឹង CPP រាល់​ភាពមិន​ប្រក្រតី ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​រាស្ត្រ ជាដើម។»

ជុំវិញ​ការធ្វើ​អត្ថាធិប្បាយ​មួយ​អស់​ដៃ​របស់​មិត្ត​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​សម រង្សី និង​លោក កឹម សុខា នា​ពេល​នេះ​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ មានប្រតិកម្ម​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​អត់ធ្មត់ រង់​ចាំ​មើល​លទ្ធផល​ចុង​ក្រោយ​​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង ដែល​នឹង​ស្តែង​ចេញ​នូវ​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ។

ចំណុចសំខាន់ៗ​មួយ​ចំនួន ត្រូវ​បាន​លោក យឹម សុវណ្ណ លើក​ឡើង​ថាស​ង្គ្រោះ​ជាតិ​មាន​ឱកាស​​ចូលរួម​នោះ គឺ​ការ​កែទម្រង់​គ.ជ.ប ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​​វិទ្យុ និង​ទូរទស្សន៍ ប្រព័ន្ធ​ត្រួតពិនិត្យ​តុល្យភាព​អំណាច រវាង​រដ្ឋសភា និង​រដ្ឋាភិបាល និង​កិច្ចការ​ជា​ច្រើន​ទៀត ដែល​គណបក្សប្រឆាំង​នេះ​ត្រូវ​បំពេញ​លើស​ពី​កិច្ច​ព្រម​ព្រៀង​ចំណុចគោលៗ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវការ​ពេល​ពន្យល់​លម្អិត​អ្នកគាំទ្រ​របស់​ខ្លួន​បន្ថែម​ទៀត។

លោក​ប៉ែន ពុទ្ធ​សភា អ្នក​កាន់​ហ្វេ​ស​ប៊ុ​ក​របស់មេ​បក្ស​ប្រឆាំង​លោក សម រង្សី បាន​ថ្លែង​ថា អត្ថា​ធិប្បាយ​បាន​ធ្លាក់​មក​គ្រប់​ច្រក​ល្ហក ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក៏ប៉ុន្តែ​នោះ​ជា​សេរីភាព​របស់​ពួកគេ។

ជាមួយគ្នា​នេះ អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទី​ស្តី​ការ​គណ​រដ្ឋ​មន្ត្រី លោក ទិ​ត្យ សុធា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​អត្ថាធិប្បាយ​នានា​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មេដឹកនាំ​គណបក្សប្រឆាំង​ទាំងពីរ ក៏​ប៉ុន្តែ​លោក​អំពាវនាវ​ថា គួរតែ​អ្នក​ឡើង​តាម​បណ្តាញ​សង្គម​ទាំងអស់​គប្បី​រក្សា​ភាព​បង្រួបបង្រួម​ជាតិ នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ