អានតួអត្ថបទ
កម្ពុជា

អន្តរជាតិ​ស្វាគមន៍ ចំពោះ​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​

ក្រៅ​ពី​ការ​ស្វាគមន៍​ពី​មតិ​ជាតិ ចំពោះ​ការ​បិទ​បញ្ចប់​ជម្លោះ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សហគមន៍​អន្តរជាតិ​ឯណោះ​វិញ ក៏​បាន​ទះ​ដៃ​អបអរសាទរ​ផងដែរ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្តរជាតិ​នៅ​តែ​អំពាវនាវ​ឱ្យ​គណបក្ស​ទាំងពីរ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​បន្ត​កំណែទម្រង់​ស្ថាប័ន​ជាតិ​មួយចំនួន ដើម្បី​ធានា​បាន​នូវ​វឌ្ឍនភាព​សង្គម។

មេដឹកនាំគណបក្ស​ជាប់ឆ្នោតទាំងពីរ។
មេដឹកនាំគណបក្ស​ជាប់ឆ្នោតទាំងពីរ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​អន្តរជាតិ បាន​ធ្លាក់​មកជា​បន្ត​បន្ទាប់ ដោយ​ស្វាគមន៍​ចំពោះ​ការបិទ​បញ្ចប់​ជម្លោះ​នយោបាយ ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជិត​មួយឆ្នាំ​កន្លង​មកហើយ។ ពី​ទីក្រុង​ហ្ស៊ឺ​ណែវ លោក សូរិយា​ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា លោក​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​កិច្ចព្រមព្រៀង​នយោបាយ ដែល​គណបក្ស​ទាំងពីរ​បាន​រក​ឃើញ​នូវ​ចំណុច​រួម ដែលជា​អត្ថប្រយោជន៍​សំខាន់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល។

មិន​ខុសពី​អង្គការសហប្រជាជាតិ​ប៉ុន្មាន​នោះទេ សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា អាមេរិក ក៏​បាន​បង្ហាញ​ជំហរ​ថា​ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​នយោបាយ​នេះ​ផងដែរ។ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក John Simmonsបានលើកឡើង​តាមរយៈ​សារ​អេ​ឡិច​ត្រូវ​និ​ច​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រៅពី​កិច្ចព្រមព្រៀង​នយោបាយ អាមេរិក​ក៏​ស្វាគមន៍​ចំពោះ​ការដោះលែង​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង៧រូប​ឱ្យនៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទន្ទឹមគ្នា​នោះ​ផងដែរ។

ដោយឡែក​រដ្ឋមន្ត្រី​ការ​បរ​ទស​ជប៉ុន ក៏បាន​ផ្ញើរ​សារ​របស់ខ្លួន​តាមរយៈ​ស្ថា​ត​ទូត​ដើម្បី​អបអរ​ដល់​ការ​ការ​ឈានដល់​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ទាំងពីរ។ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី២២កក្កដា រដ្ឋាភិបាល​ជប៉ុន​បាន​អះអាងថា រាល់​ការជជែក​ពិភាក្សាគ្នា​ក្នុង​កិច្ចសហប្រតិបត្តិការ​សំដៅ​កំណែទម្រង់​ស្ថាប័ន​ជាតិ ការរីកចម្រើន​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​កសាង​ជាតិ គឺ​កិច្ច​ការដែល​ជប៉ុន​ត្រូវ​ជម្រុញ​បន្ថែមទៀត។

ក្នុង​កិច្ច​ការ​កសាង​ប្រទេសជាតិ​ដែល​នឹងត្រូវ​បន្ត​ទៅមុខទៀត​នោះ កំណែទម្រង់​លើ​ប្រព័ន្ធយុត្តិធម៌ ការអនុវត្ត​ការ​សិទ្ធមនុស្ស គឺ​ជា​កត្តា​សំខាន់​របស់លោក ស៊ូ​ប៊ែ​ឌី​ដែល​បាន​ជំរុញ​ឱ្យ​គណបក្ស​ទាំងពីរ​ចាប់ផ្តើម​ធ្វើការ​ជាមួយគ្នា​ជាបន្ទាន់។ សម្រាប់​សហរដ្ឋអាមេរិក​វិញ កំណែទម្រង់​ស្ថាប័ន​ជាតិ និង​វឌ្ឍនភាព​នៃ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​អ្វីដែល​អាមេរិក​រំពឹង​ពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​គណបក្សនយោបាយ​ទាំងពីរ​ចាប់ពី​ក្រោយ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ។

សូម​រំលឹក​ឡើងវិញ​ថា ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ដែល​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​បាន​ទះដៃ​អបអរសាទរ​នេះ គឺ​កើតឡើង​ក្រោយ​ជំនួប​កំពូល​លើក​ទី២រយៈពេល៥ម៉ោង​រវាង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាលពី​ថ្ងៃទី២២កក្កដា​ម្សិលមិញ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ