អានតួអត្ថបទ
កម្ពុជា

វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​បិទ​បញ្ចប់ បក្ស​ប្រឆាំង​​ព្រម​ចូល​​សភា ស្រប​ពេល​​​តំណាង​រាស្ត្រ​​​​ខ្លួន​​ត្រូវ​បាន​ដោះ​លែង

ក្រោយកិច្ច​ប្រជុំ​កំពូល​ដែល​មាន​រយៈ​ពេល​ជិត​៥​ម៉ោង គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​សមាសភាព​ម្ខាង​៨​រូប បាន​ឈាន​ទៅ​សម្រេច​កិច្ច​ព្រម​ព្រៀង​រួម​មួយ បិទ​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ នៅ​កម្ពុជា​។ គណបក្ស​សង្គ្រោះ​ជាតិ យល់​ព្រម​ចូល​សភា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា​របស់​ជាតិ ​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ស្រប​ពេល​ដែលបេក្ខជន​ជាប់​ឆ្នោត និង​សកម្មជន​​របស់​ខ្លួន​សរុប​ទាំង​អស់​៨​រូប ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​។

លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម ក្រោយ​កិច្ច​ប្រជុំ​កំពូល ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤
លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម ក្រោយ​កិច្ច​ប្រជុំ​កំពូល ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត​ វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​បាន​អូស​បន្លាយ​ពេល​អស់​ជិត​មួយ​ឆ្នាំមក​នេះ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​។ បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​ពេល​ជិត​៥​ម៉ោង នៅ​ថ្ងៃ​អង្គារ ទី​២២​កក្កដា​នេះ គណបក្ស​សង្គ្រោះជាតិសម្រេច​ថា ខ្លួន​នឹង​ចូល​ធ្វើ​ការ​នៅ​រដ្ឋសភា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ លោក​យឹម សុវណ្ណ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង បាន​បញ្ជាក់​ប្រាប់យ៉ាង​​ដូច្នេះ នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ។

ពាក់ព័ន្ធ​នឹង​ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង​នេះ លោក​ព្រំ សុខា មន្ដ្រីជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​រៀប​ចំ​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​រដ្ឋ​សភា តាម​រូបមន្ត​៧​ទល់​នឹង​៦ ដោយ​ត្រូវ​បង្កើត​គណៈកម្មាធិការ​អចិន្ត្រៃយ៍ក្នុង​រដ្ឋ​សភា​​បន្ថែម​មួយ​ទៀត ពី​លើគណៈកម្មាធិការ​ចំនួន​៩​ដែល​មាន​ស្រាប់​។ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​តំណែង​ជា​ប្រធាន និង​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា ព្រម​ទាំង​ប្រធាន​គណៈកម្មាធិការ​ចំនួន​៥​។ រី​ឯ​គណបក្ស​សង្គ្រោះជាតិ​ ទទួល​បាន​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា និង​ប្រធាន​គណៈកម្មាធិការ​ចំនួន​៥ផង​​ដែរ​។

គណបក្ស​ទាំង​ពីរ បាន​ព្រម​ព្រៀង​គ្នា​កែ​ទម្រង់ការ​បោះ​ឆ្នោត និង​កំណត់​ឡើង​វិញ​នូវ​កាល​បរិច្ឆេទ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ប៉ុន្តែ​មិន​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ​ទេ​។ លោក​ព្រំ សុខា បាន​គូស​បញ្ជាក់​ថា ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​រៀប​ចំ​ឡើង​វិញ ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ និង​មាន​ឯករាជ្យ​ពេញ​លេញ។ ហើយ​ថា ស្ថាប័ន​នេះ ត្រូវ​ជ្រើស​តាំង​ដោយ​រដ្ឋសភា តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ​៥០​ភាគរយ​បូក​មួយ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល​។

បើ​តាម​លោក​ព្រំ សុខា ​ស្ថាប័នរៀបចំ​ការ​បោះ​ឆ្នោត​ថ្មី មាន​សមាសភាព​៩​រូប ក្នុង​នោះ​៤​រូប​ជ្រើស​ដោយ​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល ៤​រូប​ជ្រើស​ដោយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូល​រួម​ក្នុង​រដ្ឋាភិបាល និង​១​រូប​ទៀត ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​អស់។ ក្នុង​ករណី​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ថ្មី​នេះ​មិន​អាច​បង្កើត​បាន ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ដែល​មាន​ស្រាប់ ត្រូវ​បន្ត​ការងារ​របស់​ខ្លួន​ដដែល​។

ក្រៅ​ពី​នេះ គណបក្ស​ទាំង​ពីរ ក៏​បាន​ព្រម​ព្រៀង​គ្នា ​ពិនិត្យ​រៀប​ចំ​ឡើង​វិញ​នូវ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ព្រឹទ្ធសភា ព្រម​ទាំង​​ធ្វើ​ការ​កែ​ទម្រង់ និង​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់​ៗ ពិសេស​ស្ថាប័ន​ឯករាជ្យ​នានា ឲ្យ​បំពេញ​ការងារ​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ​។

ដើម្បី​ធានា​នូវ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​នៅ​ថ្ងៃ​អង្គារ​នេះ គណបក្ស​ទាំង​ពីរ នឹងធ្វើ​ការ​​សិក្សារួម​គ្នា ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម ​បទដ្ឋាន​គតិយុត្ត​នានា​ផង​ដែរ​។

​កិច្ច​ប្រជុំ​កំពូល​បិទ​បញ្ចប់ វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​បិទ​បញ្ចប់​។ បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៧​រូប រួម​ជាមួយ​សកម្មជន​មួយ​រូប​ទៀត ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ​ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​២២​កក្កដា​នេះ។ អ្នក​ទាំង​៨​រូប ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពីមាន​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា នៅ​ក្នុង​ការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​កន្លង​ទៅ​។ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​កាសែត​ជាតិ-អន្ដរជាតិ​ជា​ច្រើន​នាក់ បាន​ទៅ​ដល់​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ទទួល​ស្វាគមន៍​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​សកម្មជន​ដែល​ទើប​តែ​ទទួល​បាន​សេរីភាព​ជា​ថ្មី​។ ជា​ការ​ទទួល​ស្វាគមន៍​ក្រោម​តំណក់​ទឹក​ភ្លៀង តែ​មាន​ភាព​កក់​ក្ដៅ​៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ