អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តុចរចា​មិន​គួរ​ក្លាយ​ជា​ជម្រើស​ចុង​ក្រោយ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​កើតមាន​អំពើហិង្សា​រហូតដល់​ចាប់ខ្លួន​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង៧នាក់​ដាក់​ពន្ធនាគារ​​ម​ក គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ចូល​តុ​ចរចា​ជាថ្មី​នៅ​ថ្ងៃ​អង្គារ​ទី២២កក្កដា​នេះ។ ការដោះស្រាយ​បញ្ហា​នៅលើ​តុ​ចរចា​គឺជា​រឿង​គួរ​ឲ្យ​សាទរ​ពីព្រោះ​នេះ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី។ ប៉ុន្តែ ការចរចា​មិនគួរ​នឹង​ក្លាយជា​ជម្រើស​ចុងក្រោយ​បន្ទាប់ពី​បង្ហូរឈាម​គ្នា​អស់ចិត្ត​នោះឡើយ។ ផ្ទុយទៅវិញ តុ​ចរចា​គួរតែ​ជា​ជម្រើស​ដំបូង​ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម។ ប៉ុន្តែ នៅ​កម្ពុជា កិច្ចចរចា​ច្រើនតែ​ត្រូវបាន​ប្រើ​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​អស់ចិត្ត។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?

កិច្ចប្រជុំរវាងគណបក្សទាំងពីរ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី ២២ កក្កដា ២០១៤
កិច្ចប្រជុំរវាងគណបក្សទាំងពីរ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី ២២ កក្កដា ២០១៤ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅ ជំនួប​កំពូល​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បានកើត​ឡើង​សារជាថ្មី។ ជំនួប​នេះ​បាន​កើតឡើង​បន្ទាប់ពី​អំពើហិង្សា​មួយឈុត​ទៀត​កាលពី​ថ្ងៃទី១៥កក្កដា​ដែល​ឈាន​រហូតដល់​ការចាប់ខ្លួន​តំណាងរាស្ត្រ​ជាប់ឆ្នោត​បក្សប្រឆាំង៧នាក់​ដាក់ពន្ធនាគារ និង​បន្ទាប់ពី​លោក សម រង្ស៊ី វិលត្រឡប់​មកពី​បរទេស​វិញ។

ប្រសិនបើ​គេ​ពិនិត្យ​ទៅលើ​សេចក្តីប្រកាស​រួម​រវាង​គណបក្ស​ទាំងពីរ កិច្ចចរចា​កំពូល​នេះ​នឹង​ធ្វើឡើង​ក្រោម​ស្មារតី​ផ្សះផ្សារ បង្រួបបង្រួម​ជាតិ និង​ដោយ​ឈរលើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​និង​ប្រជាជន។ ជាពិសេស​ជំនួប​កំពូល​លើក​នេះ​ធ្វើឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ដែល​បាន​ព្រមព្រៀងគ្នា​ក្នុង​កិច្ចចរចា​តាម​ទូរស័ព្ទ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​ថ្ងៃទី៩មេសា។ កិច្ចចរចា​ថ្ងៃទី៩មេសា​បានសម្រេច​លទ្ធផល​ពី៨០ទៅ៩០ភាគរយ​ហើយ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ភាគី​ចរចា​ទាំងពីរ។

ដូច្នេះ ប្រសិនបើ​ជំនួប​កំពូល​លើក​នេះ​ឈរលើ​ការផ្សះផ្សារ​ជាតិ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន​មែន​នោះ កិច្ចព្រមព្រៀង​ឈានទៅ​បញ្ចប់​វិបត្តិ​នយោបាយ​ច្បាស់​ជា​នឹង​អាច​រកឃើញ​ជាក់​ជាមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើ​បញ្ហា​នៅ​បន្ត​ជាប់គាំង​តទៅទៀត អ្នកនយោបាយ​ទំនងជា​មិនបាន​បំពេញ​តាម​គោលការណ៍​ដូចដែល​ខ្លួន​បានលើកឡើង​នោះឡើយ។

យ៉ាងណា​ក៏ដោយចុះ លទ្ធផល​យ៉ាងណា​ជា​រឿង​មួយ ប៉ុន្តែ អ្វីដែល​គេ​មិនអាច​មើលរំលង​បាន​នោះ​គឺ នៅ​កម្ពុជា តុ​ចរចា​ច្រើនតែ​ត្រូវគេ​ប្រើប្រាស់​ជា​ជម្រើស​ចុងក្រោយ​ទៅវិញ​គឺ​មិនមែនជា​ជម្រើស​ដំបូង​នោះឡើយ។ ជាទូទៅ នៅពេល​មាន​វិបត្តិ​នយោបាយ ជាពិសេស​វិបត្តិ​ក្រោយ​ការបោះឆ្នោត គណបក្ស​ដែលជា​គូបដិបក្ខ​ច្រើនតែ​ប្រើ​សាច់ដុំ​ដាក់គ្នា​សិន។ នៅពេលដែល​ការដំឡើង​សាច់ដុំ​ឈានដល់​អំពើហិង្សា​រហូតដល់​បណ្តា​ល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ទើប​ពួកគេ​ងាក​ទៅរក​តុ​ចរចា។ ទម្លាប់​បែបនេះ​បាន​កើតឡើង​តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ ជា​រៀង​រហូតមក។

ម្យ៉ាងទៀត ក្នុង​កិច្ចចរចា​ទៀតសោត អ្នកនយោបាយ​ច្រើនតែ​ឈរលើ​ផលប្រយោជន៍​បក្ស​នយោបាយ​​ជាធំ។ ហេតុដូច្នេះ​ហើយ​បានជា​កិច្ចចរចា​មិន​ងាយ​ទទួលបាន​លទ្ធផល​ភ្លាមៗ​ទេ។ វិបត្តិ​នយោបាយ​ត្រូវ​អូសបន្លាយ​រាប់​ឆ្នាំ​និង​ត្រូវ​ឆ្លងកាត់​ព្រឹត្តិការណ៍​ហិង្សាធំៗជាច្រើន​ទើប​អា​ចរក​ទីបញ្ចប់​ឃើញ។ ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ច្រើនតែ​បញ្ចប់​ទៅដោយ​របៀប​ពីរ​យ៉ាង៖ ទី១គឺ បញ្ចប់​នៅលើ​តុ​ចរចា​បន្ទាប់ពី​បាន​ព្រមព្រៀងគ្នា​បែងចែក​អំណាច​ទៅតាម​សមាមាត្រ​នៃ​សំឡេងឆ្នោត។

ជាក់ស្តែង ដំណោះស្រាយ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ១៩៩៣ ឆ្នាំ ១៩៩៨ និង​ឆ្នាំ ២០០៣ ជាដើម។ និង​ទី២គឺ បញ្ចប់​ដោយ​កម្លាំងបាយ​ដូចជា​ព្រឹត្តិការណ៍ ៥និង៦ កក្កដា ឆ្នាំ ១៩៩៧ ជា​ឧទាហរណ៍​ជាក់ស្តែង។

ជាការ​ពិតណាស់ ទម្លាប់​ប្រើ​កម្លាំងបាយ​និង​ការចំណាយ​ជីវិត​មនុស្ស​សម្រាប់​ដោះស្រាយ​បញ្ហានយោបាយ​គួរតែ​ក្លាយជា​អតីតកាល​ទៅហើយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ទសវត្សរ៍។ ជាពិសេស របត់​ប្រជាធិបតេយ្យ​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ គួរ​តែ​ជា​ពេលវេលា​សមស្រប​ដែល​អ្នកនយោបាយ​ត្រូវ​ផ្តល់​តម្លៃ​ដល់​ដំណោះស្រាយ​នយោបាយ​​នៅលើ​តុ​ចរចា​ជា​អាទិភាព។ ប៉ុន្តែ កន្លងទៅនេះ ការចរចា​ច្រើនតែ​ជាប់គាំង​មិន​អាច​​ទៅមុខ​រួច​ក្រោម​មូលហេតុ​ច្រើនយ៉ាង​ក្នុងនោះ​មាន​មូលហេតុ​សំខាន់​ពីរ​ដែល​លេចធ្លោ​ជាងគេ៖

ទី១ មកពី​អ្នកនយោបាយ​ហាក់​នៅ​ខ្វះ​បទពិសោធ​ក្នុង​ការចរចា​ពោលគឺ​ពួកគេ​មិនសូវ​ពូកែ​សម្រប​សម្រួល​គ្នា​ប៉ុន្មាន​ឡើយ ប៉ុន្តែ បែរជា​ចូលចិត្ត​ប្រើ​យុទ្ធសាស្ត្រ«វាយ​ផង​ចរចា​ផង» ដើម្បី​យក​ប្រៀប​ទៅលើ​គូបដិបក្ខ​ទៅវិញ។ និង​ទី២ គឺ​មកពី​ពួកគេ​ចាត់ទុក​ផលប្រយោជន៍​គណបក្សរ​បស់​ខ្លួន​ធំ​ជាង​ប្រយោជន៍​ជាតិ។ ជាទូទៅ​ទាល់តែ​មាន​អន្តរាគមន៍​ពី​ភាគី​ទី៣ដែលជា​អ្នកមាន​ឥទ្ធិពល​ទើប​អា​ចរក​ដំណោះស្រាយ​បាន។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ក៏​ពួកគេ​ត្រូវ​រង់ចាំ​ទាល់តែ​អស់ខ្យល់​រៀងខ្លួន​ទើប​ព្រម​ចូល​តុ​ចរចា។

ដូច្នេះ គួរតែ​ដល់ពេល​ហើយ​ដែល​អ្នកនយោបាយ​បង្ហាញ​ភាពចាស់ទុំ​ឲ្យ​បាន​ច្រើន​ទាក់ទង​នឹង​ការចរចា​ដោះស្រាយ​បញ្ហានយោបាយ។ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ តុ​ចរចា​ត្រូវគេ​ចាត់​ទុក​ជា​​ទីលាន​​តែមួយគត់​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា។ បើទោះជា​មាន​ភាព​តានតឹង​ដោយ​ចៀស​មិន​រួច ក៏​គេ​មិនគួរ​បណ្តោយ​ទុក​ឲ្យ​កើតមាន​អំពើហិង្សា​បង្ហូរឈាម​នោះដែរ៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ