អានតួអត្ថបទ
កម្ពុជា

ស្ថាន​ទូត​វៀតណាម​មិន​ទទួល​ញត្តិ​ពី​ក្រុម​បាតុករ បង្ក​ជា​ការ​ប្រមូល​ផ្ដុំ​តវ៉ា​បន្ត

សហព័ន្ធ​និស្សិត​បញ្ញាវន្ត​កម្ពុជា ព្រះ​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ដង្ហែ​ញត្តិ​​តាម​ដង​វិថី​នានា ដើម្បី​ដាក់​ជូន​ទៅ​កាន់​ស្ថានទូត​បរទេស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​​កម្ពុជា ទាក់ទង​ទៅ​នឹង​កំណត់​ត្រា​និង​ភស្តុតាង​នានា ដែល​បង្ហាញ​ថា ដែនដី​សណ្ដ​កម្ពុជា​ក្រោម គឺ​ជា​ទឹក​ដី​របស់​កម្ពុជា​។ ក្បួន​ដង្ហែ​បាន​ដាក់​ញត្តិ​តាម​ស្ថានទូត​ចំនួន​៦ ដោយ​គ្មាន​អំពើ​ហិង្សា​អ្វី​ឡើយ​។ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​ថា ក្រុម​អ្នក​ដើរ​ក្បួន​មាន​កំហុស ក៏​ប៉ុន្តែ​កង​កម្លាំង​ប្រកាន់​យក​ភាព​អត់ធ្មត់​ច្រើន​បំផុត ដើម្បី​រក្សា​បរិយាកាស​ចរចា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​ថ្ងៃ​ស្អែក​។

ការ​ហែ​ក្បួន​ដាក់​ញត្តិ​របស់​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា ព្រះ​សង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ថ្ងៃ​ទី​២១​កក្កដា ឆ្នាំ​២០១៤
ការ​ហែ​ក្បួន​ដាក់​ញត្តិ​របស់​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា ព្រះ​សង្ឃ​ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ថ្ងៃ​ទី​២១​កក្កដា ឆ្នាំ​២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​យុវជន​ដែល​មក​ពី​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​ពាន់​នាក់ ទំបំផុត​បាន​ទៅ​ដល់​ខាង​មុខ​ស្ថានទូត​វៀតណាម ដែល​ស្ថិត​នៅ​លើ​មហាវិថី​ព្រះមុនីវង្ស​។ ស្ថាន​ទូត​វៀតណាម​ជា​គោលដៅ​ចុង​ក្រោយ​គេ​បង្អស់ ដែល​ក្រុមអ្នក​តវ៉ា ត្រូវ​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​កក្កដា​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត នៃ​ទឹក​ដី​កម្ពុជា​ក្រោម​។

ការ​ដង្ហែ​ក្បួន​មិន​មាន​ឧបសគ្គ ឬ​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​តាម​ផ្លូវ​ឡើយ ខណៈ​ដែល​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​បាន​ចេញ​ទៅ​បិទ​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន នៅ​ជុំវិញ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន នៅ​ឯ​វិមាន​ឯករាជ្យ ដើម្បី​កុំ​ឲ្យ​អ្នក​ហែ​ញត្តិ​ដើរ​កាត់​។

ជា​ការ​កត់​សម្គាល់ ការ​ដង្ហែ​​ញត្តិ​របស់​ក្រុម​អ្នក​តវ៉ា​ដែល​ពាក់​អាវ​យឺត​ពណ៌​ស មាន​ផែនទី​កម្ពុជា កាល​ពី​សម័យ​អាណាចក្រ​ខ្មែរ ប្រដាប់​ដោយ​ទង់ជាតិ ទង់​សាសនា និង​បដា​ដែល​មាន​សរសេរ​អក្សរ​ថា «កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​ខ្មែរ» ផង​នោះ បាន​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៧​ព្រឹក ដោយ​ធ្វើ​ការ​ប្រគល់​ញត្តិ​របស់​ពួក​គេ​ដល់​ស្ថានទូត​បារាំង​មុន​គេ បន្ទាប់​មក​ទៅ​ស្ថានទូត​អង់គ្លេស ទូត​អាមេរិក ទូត​រុស្ស៊ី តំនាង​សហភាព​អឺរ៉ុប ស្ថានទូត​ចិន និង​ចុង​ក្រោយ​គឺ​ស្ថានទូត​វៀតណាម​។

ក៏​ប៉ុន្តែ​មន្ដ្រី​ស្ថានទូត​វៀតណាម​បដិសេធ​មិន​ទទួល​ញត្តិ​ទេ ដោយ​បង្គាប់​ឲ្យ​ក្រុម​អ្នក​តវ៉ា​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ​វិញ ក៏​ប៉ុន្តែ​ក្រុម​អ្នក​ហែ​ញត្តិ​មិន​យល់​ព្រម ហើយ​ក៏​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម មិនទៅ​ណា​រហូត​មក​ទល់​ថ្ងៃ​ត្រង់​នេះ​។

លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ថា អាជ្ញាធរ​បាន​បង្ហាញ​នូវ​ភាព​អត់ធ្មត់​ឲ្យ​បាន​កាន់​តែ​ច្រើន​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា ដោយ​សារ​ថែ​រក្សា​បរិយាកាស​នៃ​ការ​ជួប​ចរចា​គ្នា​ថ្នាក់​កំពូល រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដែល​កំពុង​វិវត្ត​ទៅ​បាន​ល្អ​នៅ​ថ្ងៃ​ស្អែក​។ លោក​បញ្ជាក់​ថា សាលា​រាជធានី មិន​មែន​ជា​កន្លែង​ទទួល​ញត្តិ​សម្រាប់​ស្ថានទូត​វៀតណាម​ទេ​។ ទោះ​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ក្រុង​ក៏​បាន​សម្រប​សម្រួល​ឲ្យ​អភិបាល​រង​ខណ្ឌ​ចំការមក​មួយ​រូប មក​ទទួល​ញត្តិ​ជំនួស ហើយ​សន្យា​ថា នឹង​បញ្ជូន​ទៅ​កាន់​ស្ថាន​ទូត​វៀតណាម មិន​ឲ្យ​បាត់​បង់​ឡើយ​។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​៨​ខែ​កក្កដា​កន្លង​ទៅ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា យុវជន​ខ្មែរ និង​ព្រះ​សង្ឃ បាន​ធ្វើ​បាតុកម្ម​តវ៉ា​ម្ដង​ហើយ នៅ​មុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​លោក​ត្រឹង វ៉ាន់ថុង អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា សុំ​ទោស​ជា​សាធារណៈ​ចំពោះ​សម្ដី​ដែល​ខ្លួន​បាន​និយាយ​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​តាំង​ពី​យូរ​លង់​មក​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ