អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​បង់ពន្ធ​​​បាន​ទទួល​ផលប្រយោជន៍​អ្វីមកវិញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា ប្រភេទ​ពន្ធ​ជាច្រើន​ត្រូវ​បាន​បង្កើតឡើងនៅ​កម្ពុជា ដូចជា ពន្ធលើ​ប្រាក់​បៀវត្ស និង​ពន្ធ​លើ​អចលនទ្រព្យ​ ជាដើម។ នេះ​នៅមិនទាន់​គិត​ពីពន្ធ​ចាស់ៗ ដូចជា ពន្ធលើ​យានយន្ត និង​ពន្ធលើ​ការ​ធ្វើ​អាជីវកម្ម ជាដើម ដែល​មាន​ស្រាប់​ពីមុន។ កាតព្វកិច្ច​ជាប់ពន្ធ​ថ្មីៗ​ជាច្រើន​បែបនេះ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ចោទ​ជា​សំណួរ​ថា តើ​ហេតុអ្វី​បាន​ជា​គេ​ត្រូវ​បង់ពន្ធ? តើ​ពលរដ្ឋ​ម្នាក់ៗ​ទទួល​បាន​ផលប្រយោជន៍​អ្វី ពី​ការ​បង់ពន្ធ​នេះ?

អគ្គនាយកដ្ឋាន​ពន្ធដារ
អគ្គនាយកដ្ឋាន​ពន្ធដារ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

បើនិយាយ​តាម​លក្ខណៈ​សង្គមសាស្រ្ត និង​ទស្សនវិជ្ជានយោបាយ យើង​ត្រូវ​បង់ពន្ធ ពីព្រោះ នេះ​គឺ​ជា​កាតព្វកិច្ច​របស់​យើង​គ្រប់គ្នា ក្នុង​នាមជា​ពលរដ្ឋ​នៃ​ប្រទេស​មួយ។ កាតព្វកិច្ច​បង់ពន្ធ​នេះ មាន​សម្រាប់​ពលរដ្ឋ​គ្រប់ប្រទេស​ទាំងអស់ មិនថា​តែ​នៅកម្ពុជា ឬ​នៅ​ប្រទេស​ណាផ្សេងទៀត​ទេ។

តាមការពិត កាតព្វកិច្ច​បង់ពន្ធ​នេះ​​មាន​ប្រវត្តិ​ដ៏​ចំណាស់​រាប់ពាន់​ឆ្នាំ​មកហើយ ពោលគឺ ចាប់តាំង​ពី​ការ​បង្កើត​រដ្ឋ​ដំបូង​ កាល​ពី​ប្រមាណ​ជា ៦ពាន់​ឆ្នាំមុន​ម៉្លេះ។ បើ​និយាយ​ឲ្យចំ​ទៅ ការបង់ពន្ធ គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្កើតរដ្ឋ តាំង​ពីដំបូង គឺ​ ​រដ្ឋ​មានកាតព្វកិច្ច​រក្សា​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ​របស់​ប្រជាជន ព្រមទាំង​ធានា​នូវ​សេវា​សាធារណៈ​​សម្រាប់​សហគមន៍ ចំណែក​ពលរដ្ឋ​វិញ​មាន​កាតព្វកិច្ច​បង់ពន្ធ​ជូនរដ្ឋ។

និយាយ​ពី​ការ​បង់ពន្ធ គេ​គួរ​ធ្វើការ​បែងចែក ​រវាង​ការបង់អាករ ដូចជា ការ​បង់​ថ្លៃ​ទឹក ថ្លៃភ្លើង ឬ​ថ្លៃ​ប្រមូលសម្រាម ជាដើម ដែល​ជាការ​បង់ថ្លៃ​ទៅលើ​សេវាណាមួយ​ជាក់លាក់ និង​ការ​បង់ពន្ធ​ទូទៅ ដូចជា ការ​បង់ពន្ធ​លើ​យាន​ជំនិះ ពន្ធ​លើ​ប្រាក់​បៀវត្ស ពន្ធលើ​តម្លៃ​បន្ថែម ​ពន្ធលើ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន ឬ​ពន្ធ​លើ​អចលនទ្រព្យ​ ជាដើម ដែល​មិនមែន​ជា​ការបង់​ថ្លៃ​ទៅលើ​សេវា​ណាមួយ​ជាក់លាក់។ ប្រភេទ​ពន្ធ​ទូទៅ​នេះ​ហើយ ដែល​អាច​ឲ្យ​អ្នក​បង់ពន្ធ​ចោទ​ជា​សំណួរ​ថា តើ​បង់​ពន្ធ​នេះ​បាន​ប្រយោជន៍​អ្វី?

តាមការពិត​ការបង់ពន្ធ វា​គឺ​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ថវិកា​ជាតិ ដើម្បី​ឲ្យ​រដ្ឋ​មាន​លុយ​យក​ទៅ​ចំណាយ ដោយ​មិនចាំបាច់​បោះពុម្ពលុយ​ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​អតិផរណា។ សម្រាប់​កម្ពុជា ការបង្កើន​ចំណូល​ពីការ​បង់ពន្ធ​ គឺ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ ដើម្បី​ឈានទៅ​បញ្ឈប់​ការ​ពឹងផ្អែក​លើ​ជំនួយ​ពី​បរទេស។

សម្រាប់​អ្នកបង់ពន្ធ ថ្វីដ្បិត​តែពន្ធ​នេះ​​មិនមាន​ការ​កំណត់​អំពី​សេវា​ណាមួយ​​​ជាថ្នូរ​មកវិញ​ជាក់លាក់​​ក៏ពិតមែន ក៏ប៉ុន្តែ គេ​អាច​ទទួល​បាន​ផលប្រយោជន៍​ជាច្រើន​ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ពី​ការ​បង់ពន្ធ​នេះ ពីព្រោះ​ថា លុយ​ដែល​បាន​ពី​ការ​បង់ពន្ធ​នេះ​នឹង​ត្រូវ​យក​ទៅ​ចំណាយ​​ទៅលើ​ការ​បើក​ប្រាក់​បៀវត្ស​​ដល់​មន្រ្តី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ ដែល​ជា​អ្នក​ទទួលបន្ទុក​ផ្តល់​សេវារដ្ឋបាល ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស។

បើនិយាយ​ពី​​ការរស់នៅ​ប្រចាំថ្ងៃ​វិញ ពលរដ្ឋ​ម្នាក់ៗ​អាច​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ការ​បង់ពន្ធ ហើយ​ពេល​ខ្លះ​ទាំងមិនដឹងខ្លួន គឺ​តាមរយៈ​សេវាសាធារណៈ ឬ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​គេ​ប្រើប្រាស់​ជារៀងរាល់​ថ្ងៃ ដូចជា ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ។ល។ និង​។ល។ ដើម្បី​ធានា​នូវ​សេវាសាធារណៈ​​អស់ទាំងនេះ​ ដូចជា ការ​សាងសង់ ជួសជុល​ថែទាំ ស្ពាន ថ្នល់ អគារ​សាលារៀន និង​មន្ទីរពេទ្យ, ការ​បើក​ប្រាក់​បៀវត្ស​​ដល់​គ្រូបង្រៀន និង​គ្រូពេទ្យ រដ្ឋ​ត្រូវការ​ចំណាយលុយ ហើយ​​ប្រភព​ចំណូល​ដ៏ធំបំផុត​នៃ​ថវិកា​របស់​រដ្ឋ គឺ​បាន​មក​ពី​ការបង់ពន្ធ។​

អ្នកបង់ពន្ធ​ខ្លះ​អាច​នឹង​រអ៊ូថា ផលប្រយោជន៍​ដែល​ខ្លួន​ទទួល​បាន​មាន​ចំនួន​តិច បើ​ធៀប​នឹង​ទំហំ​ពន្ធ​ដែល​ខ្លួន​​បានបង់។ ក៏ប៉ុន្តែ គេ​ក៏​មិន​ត្រូវ​ភ្លេច​ដែរ​ថា ការបង់ពន្ធ​មិនមែន​ធ្វើឡើង​ដោយ​សំឡឹង​តែ​ផលប្រយោជន៍​ដែល​ត្រូវ​ទទួល​បាន​មក​វិញ​នោះទេ។ គោលការណ៍​ដ៏សំខាន់​មួយ នៃ​ការ​បង់ពន្ធ គឺ​ “សាមគ្គីភាព” និង “សមធម៌”។ បន្ទុក​បង់ពន្ធ​ត្រូវ​តែ​សមាមាត្រ​ទៅ​តាម​លទ្ធភាព​របស់​ពលរដ្ឋ​ម្នាក់ៗ ក៏ប៉ុន្តែ សេវា​សាធារណៈ​ដែល​កើតចេញ​ពី​ការ​បង់ពន្ធ​នេះ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​សមូហភាព​ទាំងមូល។ អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​ត្រូវ​បង់​ច្រើន​ ហើយ​បើទោះបី​ជា​ផលប្រយោជន៍​ដែល​គេ​ទទួល​បាន​មកវិញ មាន​តិច​ជាង​ទំហំ​ពន្ធ​ដែល​គេ​បាន​បង់ ក៏ប៉ុន្តែ គេ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត។

ក៏ប៉ុន្តែ នេះ​គឺ​ជា​គោលការណ៍។ រីឯ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​វិញ ជាពិសេស នៅ​ក្នុង​ប្រទេស​កម្ពុជា​ គេអាច​យល់បាន​ពីគំនិត​របស់​ប្រជាពលរដ្ឋ​ខ្លះ ដែល​មិនសូវ​មាន​ទឹកចិត្ត​បង់ពន្ធ ដោយសារតែ​​​គេ​គិតថា លុយ​ដែល​គេ​បង់ពន្ធ​​នេះ​​មិន​ប្រាកដថា​បាន​ចូល​ទៅក្នុង​ថវិកា​រដ្ឋ​ទាំងអស់នោះទេ ដោយ​មួយផ្នែក​​អាច​នឹង​ត្រូវ​ជ្រុះចូល​ទៅក្នុង​ហោប៉ៅ​របស់​មន្រ្តី​ពុករលួយ។ ក្នុងពេល​ជាមួយគ្នា ​សេវាសាធារណៈ ដែល​រដ្ឋ​ត្រូវ​ផ្តល់ជា​តម្លៃ​តបស្នង​ដល់​ការ​បង់ពន្ធ ​ក៏​មិនត្រូវ​បាន​ធានា​ឲ្យ​បាន​ម៉ត់ចត់។ នៅ​សាលា ការអប់រំ​មិនសូវមាន​​គុណភាព។ នៅ​តាម​មន្ទីរពេទ្យរដ្ឋ​​ភាគច្រើន ​បើ​អ្នកជំងឺ​គ្មាន​លុយ​ឲ្យ​គ្រូពេទ្យ មិនអាច​ទទួលបាន​ការ​ព្យាបាល​ម៉ត់ចត់។ បើ​និយាយ​ពី​សេវាកម្ម​ពន្លត់​អគ្គិភ័យ​ មន្រ្តី​ពន្លត់​អគ្គិភ័យខ្លះ​ ទារយក​លុយ​ពី​ជនរងគ្រោះ​ជាមុន​សិន ទើប​ព្រម​បាញ់​ទឹកពន្លត់ភ្លើង។ ចំពោះ​មន្រ្តី​សាធារណៈ​វិញ ជាពិសេស មន្រ្តី​ជាន់ខ្ពស់ មាន​អ្នកខ្លះ​នាំគ្នា​តាំងខ្លួន​ជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ ក្នុងពេល​ដែល​ពួកគេ​​ទទួល​ប្រាក់​ខែ​ពី​ថវិកា​របស់​រដ្ឋ ដែល​មានន័យថា​ជា​ថវិកា​ដែល​បាន​ពី​ការ​បង់ពន្ធ​របស់​ប្រជាជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ