អានតួអត្ថបទ
កម្ពុជា

សហគមន៍​ជាតិ​ និង​អន្តរជាតិ​ ធ្វើ​ប្រតិកម្ម​ចំពោះ​ការ​ចាប់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​

ចាប់ពី​អង្គការ សមាគម នៅក្នុង​ប្រទេស​កម្ពុជា រហូតដល់​អង្គការ​ស​ហ​ប្រជា​តិ ក្នុងនោះ​ក៏មានដែរ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប សុទ្ធតែ​ចាប់អារម្មណ៍​លើ​ការចាប់​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ៧នាក់ ដាក់​ឃុំ​បណ្ដោះអាសន្ន ក្រោយ​ព្រឹត្តិការណ៍​ហិង្សា ថ្ងៃទី១៥ ខែកក្កដា ក្នុង​ក្រុងភ្នំពេញ។ នៅ​ថ្ងៃ​សុក្រ ជាមួយនឹង​ការសម្ដែង​សេចក្តីសោកស្តាយ ការ​ថ្កោលទោស និង​ការស្នើ​ឱ្យមាន​កិច្ចចរចា​ខាង​នយោបាយ​ឡើងវិញ សហគមន៍​អន្តរជាតិ​អំពាវនាវ​ឱ្យមាន​ការគោរព​សិទ្ធិមនុស្ស ដើរ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​លើកស្ទួយ​យុត្តិធម៌​នៅ​កម្ពុជា។

ការប៉ះទង្គិចគ្នា រវាងក្រុមសមត្ថកិច្ច ជាមួយ​ក្រុម​បាតុករ។
ការប៉ះទង្គិចគ្នា រវាងក្រុមសមត្ថកិច្ច ជាមួយ​ក្រុម​បាតុករ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដោយ«ព្រួយបារម្ភ»ចំពោះ​អំពើហិង្សា​រវាង​បាតុករ​គណបក្សប្រឆាំង និង​ភ្នាក់ងារ​សន្តិសុខ ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី១៥ ខែកក្កដា​នោះ និង​ចំពោះ«ការដាក់ទោស​ធ្ងន់»លើ​សមាជិក​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោកស្រី រ៉ាវី​ណា សែម​ដា​ហ្សា​នី (Ravina Shamdasani) អ្នកនាំពាក្យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​អំពាវនាវ​ឱ្យ​មន្ត្រី​យុត្តិធម៌«គោរព​ឱ្យបាន​ម៉ឺងម៉ាត់​តាម​បទដ្ឋាន​សិទ្ធិមនុស្ស» ក្នុង​ចំណាត់ការ​ទាក់ទង​នឹង​ករណីនេះ។

ដោយ​ជម្រុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការស៊ើបអង្កេត​អំពើហិង្សា​នោះ«ជាបន្ទាន់ ប្រកបដោយ​តម្លាភាព អ​ព្យា​ក្រិត​ភាព និង​ប្រសិទ្ធភាព» លោកស្រី រ៉ាវី​ណា សែម​ដា​ហ្សា​នី ក៏បាន​ស្នើឱ្យ​គ្រប់ភាគី«ចរចា​គ្នា​វិញ ដើម្បី​បញ្ចប់​ការជាប់គាំង​នយោបាយ»។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា «បម្រាម​ទាំងឡាយ​ចំពោះ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ប្រមូលផ្តុំ​គ្នា​ដោយ​សន្តិវិធី ត្រូវតែ​ដកចេញ​ភ្លាម ហើយ​គ្រប់គ្នា​ត្រូវតែ​អនុវត្ត​សិទ្ធិ​ទាំងនេះ​ដោយ​សន្តិវិធី»។

ទន្ទឹមនឹង​នេះដែរ គណៈប្រតិភូ​សហភាព​អឺរ៉ុប​ក៏«សោកស្តាយ»ចំពោះ​អំពើហិង្សា​នៅក្បែរ​ទី​លាន​​ប្រជាធិប​តេយ្យ​ថ្ងៃនោះ ហើយ​ថ្លែងថា«មេដឹកនាំ​កម្ពុជា​នានា​ត្រូវតែ​ធ្វើ​សកម្មភាព​ដោយ​ការទទួលខុសត្រូវ ដើម្បី​ជា​ប្រយោជន៍​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា និង​ត្រូវតែ​បង្ការ​អំពើហិង្សា​បន្ថែមទៀត»។

គណៈប្រតិភូ​សហភាព​អឺរ៉ុប​សង្កត់ធ្ងន់ថា «នីតិវិធី​ដ៏​ច្បាស់លាស់​ត្រូវតែ​អនុវត្ត ហើយ​សិទ្ធិ​ទាំង​ឡាយ​​នៃ​ជន​ដែល​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន ត្រូវតែ​គោរព​ឱ្យបាន​ពេញលេញ»។ គណៈប្រតិភូ​សហភាព​អឺរ៉ុបជម្រុញ​​ឱ្យ«គ្រប់ភាគី​ទាំងអស់​ស្តារឡើងវិញ​ឱ្យបាន​ឆាប់រហ័ស នូវ​លក្ខខណ្ឌ​នា​នា​​ដើម្បី​វិល​មក​ចរចា​គ្នា ខាង​នយោបាយ ដោយ​ការស្ថាបនា​វិញ»។

ស្រដៀង​គ្នា​នេះដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ឈ្មោះ ជែ​ន្នី​ហ្វ៊ើ សា​គ្គី (Jennifer R.J. Psaki) លើកឡើងថា «យើង​ថ្កោលទោស​អំពើហិង្សា (...) ដែល​បង្ក​ឱ្យ​កងសន្តិសុខ និង​បាតុករ​របួស»។ លើសពីនេះ​ទៀត អ្នកស្រី ជែ​ន្នី​ហ្វ៊ើ សា​គ្គី អំពាវនាវ​ឱ្យ«ដោះលែង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ» ព្រមទាំង​ឱ្យ​រដ្ឋ​ភិ​បាល​កម្ពុជា «ដក​បម្រាម​ធ្វើបាតុកម្ម​ចេញ និង​អនុញ្ញាតឱ្យ​ប្រជាជន​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី»។

ប្រតិកម្ម​ខាងលើ​របស់​សហគមន៍​អន្តរជាតិ​ជាការ​ធ្វើឱ្យ​សំឡេង​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​កាន់តែ​កងរំពង​ឡើង។ មុននេះ​មួយថ្ងៃ បណ្ដុំ​អង្គការ និង​សមាគម​មិនមែន​រដ្ឋាភិបាល ជាង២០អង្គភាព បាន​សម្ដែង«ការសោកស្តាយ» និង«ថ្កោលទោស​ការចោទប្រកាន់​ដោយ​មិនមាន​មូលដ្ឋាន​ច្បាប់ និង​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើហិង្សា និង​ការគាបសង្កត់» តាមរយៈ​សេចក្តី​ថ្លែង​ការរួម​មួយ​ចុះ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ