អានតួអត្ថបទ
កម្ពុជា

ថៃ​នៅ​តែ​ចាប់​បញ្ជូន​ពលករ​ខុស​ច្បាប់​ខ្មែរ​មក​វិញ​

រហូត​ពេល​នេះ ពលករ​ខ្មែរ​ខុសច្បាប់ នៅ​តែ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កាន់​កម្ពុជា​រាប់​រយ​នាក់​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ៗ​ដដែល។ ដោយ​ឡែក អ្នក​ដែល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ ក៏​មាន​ច្រើន​រយ​នាក់​ផងដែរ។ សង្គម​ស៊ីវិល ដែល​តាមដាន​បញ្ហា​ពលករ​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​បាន​បញ្ជាក់​ថា ភាគ​ច្រើន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ជ្រើសរើស​វិធី​ខុសច្បាប់​ដដែល។

ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។
ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។ RFI
ផ្សាយពាណិជ្ជកម្ម

ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់ ពី​ប្រទេស​ថៃ នៅ​តែ​បន្ត​មាន​ឥត​ដាច់។ អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ំ​សារឿ​ត បាន​បញ្ជាក់ នៅ​ថ្ងៃ​ពុធ​ទី ៩ កក្កដា​នេះ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ពលករ​ខ្មែរ​ខុស​ច្បាប់ ប្រមាណ ៥​រយ​នាក់​ដែរ ដែល​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​មក​ដី​កម្ពុជា​វិញ ជា​រៀងរាល់ថ្ងៃ។ ប៉ុន្តែ​បើ​តាម លោក ស៊ំ​ចាន់​គា មន្ត្រី​អង្គការ​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ បាន​លើក​ឡើង​ថា ថៃ​នៅ​តែ​បញ្ជូន​ពលករ​ខ្មែរ ចន្លោះ​ពី ៨​រយ​នាក់ ទៅដល់ ១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។

សូម​រំលឹក​ថា ការ​ចាប់​បន្ត​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​នេះ គឺ​ធ្វើ​ឡើង​តាំង​ពី​ដើម​ខែ​មិថុនា​មក​ម្ល៉េះ​ក្នុង​យុទ្ធនាការ​បោសសំអាត​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ដី​ថៃ។ យ៉ាងណាក៏ដោយ ពលករ​ខ្មែរ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ប្រមាណ​ជា ២​ភាគ​៣ គឺ​កំពុងតែ​ត្រឡប់ ទៅ​កាន់​ប្រទេស​ថៃ​វិញ​ ដើម្បី​ស្វែងរក​ការងារ​ជា​បន្ត។ នេះ​បើ​តាម​លោក ស៊ំ​ចាន់​គា មន្ត្រី​អង្គការ​អាដហុក​ដដែល។ មន្ត្រី​អង្គ​ការ ដែល​តាម​ដាន​បញ្ហា​ពលករ​រូប​នេះ បាន​អះអាង​ថា ពលករ​ខ្មែរ​ភាគ​ច្រើន នៅ​តែ​ជ្រើសរើស​ការ​ចំណាក​ស្រុក ទៅ​កាន់​ប្រទេស​ថៃ តាមរយៈ​ការ​ឆ្លងកាត់​ព្រំដែន​ខុស​ច្បាប់​ដដែល។ ព្រោះ​ថា​បណ្តា​ពលករ​ខ្មែរ​ខុស​ច្បាប់​ទាំងអស់ ត្រូវ​ការ​ដោះស្រាយ​បញ្ហា​ជីវភាព​ជាបន្ទាន់។

បើ​តាម​លោក​ស៊ំ ចាន់​គា កា​របន្ថូរ​បន្ថយ​ច្បាប់​ក្រិត្យ​ក្រម របស់​ប្រទេស​ថៃ​នោះ គឺ​ជា​មូលហេតុ​ធំ ដែល​ជំ​រុញឱ្យ​កម្មករ​ធ្វើ​ចំណាក់ស្រុក​កាន់​តែ​ច្រើន ដោយ​មិនចាំបាច់​ឆ្លងកាត់​តាមរយៈ​ក្រុមហ៊ុន​​ពលករ​នោះ​ទេ។ ព្រោះ​ថា ពលករ​ខ្មែរ​ម្នាក់ ដែល​បាន​ចូល​ដល់​ដី​ថៃ​ហើយ គឺ​ត្រូវ​ការ​តែ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ នឹង​ទទួល​បាន​បណ្ណ​ការងារ​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​របស់​ប្រទេស។ មិន​តែ​ប៉ុ​ណ្នោះ ពលករ​ខ្មែរ នឹង​មិន​ត្រូវ​កាត់​ប្រាក់​អត្ថ​ប្រយោជន៍​ ឬ​ត្រូវបាន​ក្រុមហ៊ុន​ពលករ ដក​ហូត​លិខិត​ឆ្លងដែន​នោះ​ទេ។ សូម​បញ្ជាក់​ជូន​ថា ក្រោយ​ការ​ត្រឡប់​យ៉ាង​គំហុក របស់​ពលករ​ខ្មែរ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ ដែល​រដ្ឋាភិបាល​បាន​បញ្ជាក់ថា មាន​ពលករ​ប៉ុន្មាន​ម៉ឺន​នាក់​ហើយ ត្រូវ​បាន​ផ្តល់​ទិដ្ឋាការ​ការងារ​ស្រប​ច្បាប់ ឬ​ផ្តល់​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​អាជីព​ជំនាញ​ដល់​ពលករ​ទាំង​ជាង ២៥​ម៉ឺន​នាក់​ទេ។

បើ​ទោះ​បី​ជា​បែប​ណា​ក៏​ដោយ ការ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់​ចៀសវាង ការ​ចាប់​បញ្ជូន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ និង​ជម្រើស​ប្រកប​មុខរបរ នៅ​ក្នុង​ស្រុក គឺ​ជា​លើក​ទឹក​ចិត្ត​ពី​មន្ត្រី​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ