អានតួអត្ថបទ
កម្ពុជា

​សមត្ថកិច្ច​បង្ក្រាប​​បាតុកម្ម​នៅមុខ​​ស្ថានទូត​​វៀតណាម

ក្រុម​ប៉ូលិស ​​និង​​កង​សន្តិសុខ​​រាប់​សិប​​នាក់​បាន​​រារាំង​និង​​បង្ក្រាប​​ជាច្រើន​លើក​លើ​​ក្រុម​បាតុករ​ដែល​​បាន​​ព្យាយាម​​ប្រមូល​ផ្តុំ​​តវ៉ា​នៅមុខ​​ស្ថានទូត​​វៀតណាម​។ ​ក្រុមបាតុករ​ជា​​យុវជន​​ព្រះសង្ឃ​​ពលរដ្ឋ​​ខ្មែរ​​ក​ម្ព​ជា​​ក្រោម​ រួមទាំង​​សកម្មជន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ បាន​ទាមទារ​​ឲ្យ​​អ្នក​នាំពាក្យ​​ស្ថានទូត​​វៀតណាម​ប្រចាំ​​កម្ពុជា​ សុំទោស​​ចំពោះ​​ការ​​អះអាង​ថា​ទឹក​ដី​ខ្មែរ​​កម្ពុជា​​ក្រោម​​​ជា​​កម្មសិទ្ធិ​​របស់​​វៀត​ណា​ម​យូរ​​ហើយ​ មិនមែន​​ទើបតែ​​អាណានិគម​​បារាំង​កាត់​​ចេញ​ពី​​កម្ពុជា​នៅ​​ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​១៩៤៩​នោះ​ទេ​។

ការប៉ះទង្គិចគ្នារវាងបាតុករខ្មែរកម្ពុជាក្រោម និងសមត្ថកិច្ច ​នៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា។
ការប៉ះទង្គិចគ្នារវាងបាតុករខ្មែរកម្ពុជាក្រោម និងសមត្ថកិច្ច ​នៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

នេះ​ជាការ​ប៉ះទង្គិច​រុញច្រានដេញ​វាយ​ដោយ​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​ខណ្ឌចំការមន​ទៅ​លើ​ក្រុមបាតុករជា​ក្រុមយុវជនព្រះសង្ឃពលរដ្ឋ​ខ្មែរ​ក​ម្ព​ជា​ក្រោមរួមទាំង​សកម្មជន​គណ​បក្ស​​​សង្គ្រោះ​ជាតិកាលពី​ព្រឹក​ថ្ងៃទី៨កក្កដា​នេះនៅមុខ​ស្ថានទូត​វៀតណាមក្នុង​ទីក្រុង​ភ្នំពេញ​។

ការប៉ះទង្គិចបានកើត​ឡើងជា​ច្រើនលើក ខណៈដែល​​អាជ្ញាធរ​​​សមត្ថកិច្ច​កង​សន្តិសុខ​​ខណ្ឌ​ចំការមន​ បានដាក់​របាំង​បិទផ្លូវឈរ​រារាំងនិង​បណ្តេញ​បាតុករមិន​ឲ្យ​ប្រមូលផ្តុំធ្វើ​​​បាតុកម្ម​តវ៉ា​នៅមុខ​​ស្ថានទូត​​វៀតណាម​​ឡើយ​។ ​អាជ្ញាធរ​សមត្ថកិច្ច​បាន​​លើក​​ហេតុផល​​ថា ​​ការ​ជួប​ជុំ​នោះ​នាំ​ឲ្យ​​ប៉ះពាល់​​ដល់​​អធិបតេយ្យភាព​ឯករាជ្យ​ភាព​​របស់​​ស្ថានទូត​​វៀតណាម ​និង​​ប៉ះពាល់​​សណ្តាប់​ធ្នាប់​​​សាធារណៈ​ កកស្ទះ​​ចរាចរណ៍​​ និង​​អាច​​ប៉ះពាល់​​ដល់​​ទំនាក់ទំនង​​ការ​ទូត​​រវាង​​កម្ពុជា​​និង​​វៀតណាម​។

ប៉ុន្តែ​ក្រុមបាតុករនៅតែ​បន្ត​ប្រមូលផ្តុំនៅក្បែរ​ស្ថានទូត​វៀតណាម។ ​ក្រុមបាតុករដែលជា​​
យុវ​​​​ជន​ព្រះសង្ឃពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មាន​ទាំង​លោក​​​ម៉ម​សូណង់ដូផង ​បាន​ស្រែក​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាមសូមទោស​ចំពោះ​ការលើកឡើង​របស់ខ្លួនដែលថា ​ទឹកដី​កម្ពុជា​ក្រោមជា​របស់​វៀតណាម​យូរ​មកហើយ​មិនមែន​ទើបតែ​បារាំង​កាត់​ចេញពី​កម្ពុជា ​ប្រគល់​ឲ្យ​វៀតណាម​គ្រប់គ្រងនៅ​ថ្ងៃទី៤មិថុនា​ឆ្នាំ១៩៤៩​នោះទេ។

ប៉ុន្តែ ​​ប្រវត្តិសាស្ត្រ​បាន​កត់ត្រាហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​យូរ​ឆ្នាំ​មកហើយ​ថា ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោមត្រូវបាន​អាណានិគម​បារាំងកាត់​ចេញពី​កម្ពុជា ​ប្រគល់​ឲ្យ​វៀតណាម​គ្រប់គ្រងនៅ​ថ្ងៃទី៤​ខែ​មិថុនាឆ្នាំ១៩៤៩។

យ៉ាងណាក៏ដោយ ការប្រមូលផ្តុំ​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី៨កក្កដា​នេះ ត្រូវបាន​បង្ក្រាប​ដោយ​ហិង្សា។​ តែ​មិនមាន​អ្នករបួស​ធ្ងន់ធ្ងរ ឬក៏​មាន​បាតុករត្រូវ​ចាប់ខ្លួន​នោះទេ។ ​ប៉ុន្តែ​ក្នុងពេល​វាយ​បង្ក្រាប​នោះ​ ​កង​កម្លាំង​សន្តិសុខបាន​ឆក់យក​អាយ​ភេត ម៉ាស៊ីន​ថត ​និង​ទូរស័ព្ទ​របស់​បាតុករ ​និង​របស់​អ្នក​កាសែត​​មួយចំនួន។

រហូតដល់​ម៉ោង​ជិត១២ថ្ងៃត្រង់ បាតុករបាន​រំសាយ។ លោកម៉ៅ ពិសេស ​ប្រធាន​សហព័ន្ធ​និស្សិត​​​បញ្ញា​វ័​ន្ត​កម្ពុជា ​ដែល​បាន​ដឹកនាំ​ការជួបជុំ​តវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម ​បញ្ជាក់ថា​បាតុករ​ទុកពេល​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម លោកត្រឹង​ វ៉ាន់​ថុង ៣ខែ ដើម្បី​ឲ្យ​គាត់​ឆ្លើយ​តប ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិតនៃ​ទឹក​ខ្មែរ​កម្ពុជា​ក្រោម។ ​បើ​នៅតែ​មិន​ឆ្លើយតប​ទេ ​នោះ​​បាតុករ​​នឹងដាក់​ញត្តិហើយ​កៀងគរធ្វើបាតុកម្ម​ម្តងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ