អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​លួច​ចម្លង​​ដែល​កំពុង​ចាក់ឫស​ក្នុង​សង្គមខ្មែរ​គឺ​ជា​សត្រូវ​នៃ​គំនិត​ច្នៃប្រឌិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុងប្រទេស​កម្ពុជា នៅ​ពេលណា​​ដែល​ការ​ប្រឡង​ធំៗ ដូចជា ការ​ប្រឡង​បាក់ឌុប ឬ​ប្រឡង​ឌីប្លូម ជាដើម ​ជិតឈាន​ចូលមកដល់ បញ្ហា​បែកធ្លាយវិញ្ញាសារ ឬ​ការ​លួចចម្លង​គ្នា តែងតែ​ចោទឡើង​ជាប្រចាំ។ ការលួចចម្លង ដែល​ជា​មេរោគ​សង្គម​ស៊ីរូង​បំផ្លិចបំផ្លាញ​គំនិត​ច្នៃប្រឌិត ទាំង​នៅ​ក្នុង​ជីវិត​សិក្សា និង​នៅ​ក្នុង​ការប្រកប​របរអាជីព។

បណ្តា​សៀវភៅ​ដាក់​លក់​នៅ​ក្នុង​បណ្ណាគារ​អន្តរជាតិ​ អាយ​ ប៊ី​ ស៊ី ​។
បណ្តា​សៀវភៅ​ដាក់​លក់​នៅ​ក្នុង​បណ្ណាគារ​អន្តរជាតិ​ អាយ​ ប៊ី​ ស៊ី ​។ RFI-សុគន្ធា
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា វប្បធម៌​នៃ​ការលួចចម្លង​មិនមែន​​កើតមាន​ឡើងតែ​នៅ​ក្នុង​សាលារៀន​នោះទេ តែ​វា​បាន​ក្លាយ​ជា​ផ្នត់គំនិត​ដែល​ចាក់ឫស​យ៉ាងជ្រៅ​ក្នុង​សង្គមខ្មែរ ចាក់ឫស​យ៉ាងជ្រៅ​រហូត​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​យល់ថា ការលួចចម្លង គឺ​ជា​រឿង “ធម្មតា” ហើយ​ភ្លេចគិត​ថា វា​ជា​បញ្ហា​ដ៏គ្រោះថ្នាក់​មួយ។

តាមពិត ការលួចចម្លង​មិនមែន​គ្រាន់តែ​បង្ក​ផល​ប៉ះពាល់​ទៅដល់​គុណភាព​អប់រំ​នៅ​សាលា​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វា​​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​សង្គម​ទាំងមូល ពីព្រោះ​ថា ទម្លាប់​នៃ​ការលួចចម្លង​នេះ​វា​អាច​បន្ត​ដក់​ជាប់​នៅ​ក្នុង​ផ្នត់​គំនិត​សិស្ស​ម្នាក់ៗ រហូត​ដល់​ក្រោយ​ពេល​បញ្ចប់​ការសិក្សា ហើយ​ចេញ​ប្រកប​របរ​ចិញ្ចឹមជីវិត។

កាលពីនៅ​សាលា គេនាំគ្នា​លួចចម្លង ដើម្បី​បានពិន្ទុ​ល្អ បាន​ឡើង​ថ្នាក់ និង​បាន​សញ្ញាបត្រ ហើយ​នៅ​ក្រោយ​ពេល​ចេញ​ពី​សាលា គេនាំគ្នា​បន្ត​លួចចម្លង ដើម្បី​ធ្វើ​អាជីវកម្ម។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​ខាង​បទភ្លេង​និង​ចម្រៀង នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ការ​ថតចម្លង ទាំង​ការ​ចម្លង​តាម​ស្នាដៃ​ចាស់ៗ​ដែល​មានស្រាប់​ពីមុន និង​ជាពិសេស គឺ​ការ​ចម្លង​ពី​បរទេស។

ការ​ចម្លង​ស្នាដៃ​របស់​អ្នក​ដទៃ​​​ក៏​តែងតែ​កើតមាន​ជារឿយៗ​ដែរ នៅ​ក្នុង​ចំណោម​​អ្នក​និពន្ធ ហើយ​សូម្បីតែ​អ្នក​សារព័ត៌មាន​មួយចំនួន​ក៏​ចូលចិត្ត​ចម្លង​ស្នាដៃ​គេ​មក​ដាក់ឈ្មោះ​ខ្លួនឯង​ផងដែរ ទាំង​ការ​ចម្លង​ទាំងស្រុង ឬ​ការ​ដកស្រង់​ផ្នែក​ណាមួយ ដោយ​មិន​បញ្ជាក់​ប្រភពដើម។

រីឯ​នៅ​ក្នុង​ការ​ធ្វើ​ជំនួញវិញ ការ​រកស៊ី​តាមគ្នា ក៏​​ជា​ទម្លាប់​មួយដែរ​របស់​ពាណិជ្ជករ​ខ្មែរ។ ជាទូទៅ គេសង្កេត​ឃើញ​ថា ឲ្យតែ​មាន​អ្នកណាម្នាក់​រកស៊ី​លក់​ដូរ​​អ្វី​បានកាក់កប អ្នកផ្សេងៗ​ទៀត​ក៏នាំគ្នា​​សម្រុក​មករកស៊ី​របរ​នោះដែរ ដោយ​មិនសូវ​ជា​នាំគ្នា​គិតគូរ​រក​គំនិត​​រកស៊ី​អ្វី​ថ្មី​នោះទេ។ លទ្ធផល អ្នក​រកស៊ី​របរ​ដូចៗ​គ្នា​មាន​ចំនួន​ច្រើន​ហួសហេតុ ហើយ​​ទីបំផុត​ក៏​ត្រូវ​ខាតឡុងចុង​បិទតូប​ទាំងអស់គ្នា។

ចំណុច​គ្រោះថ្នាក់​ធំបំផុត ដែល​​បង្កឡើង​ដោយ​វប្បធម៌​លួចចម្លង​ គឺ​​​ការ​បាត់បង់​គំនិត​ច្នៃប្រឌិត ពីព្រោះ​ថា ទម្លាប់​លួច​ចម្លង​នេះ​​ធ្វើ​ឲ្យ​មនុស្ស​ខ្ជិលច្រអូស​ក្នុងការ​រិះរក​គំនិត​ថ្មីៗ។ ម្នាក់ៗ​ប្រាកដ​ជា​នាំគ្នា​គិត​ថា តើ​​ចាំបាច់​ត្រូវ​ខិតខំ​រិះគិត​រក​គំនិត​ថ្មី​នាំ​ឲ្យ​ឈឺក្បាល​ធ្វើ​អ្វី បើ​គេ​អាចចម្លង​ស្នាដៃ​អ្នក​ដទៃ​ ហើយ​យក​មក​ដាក់​ឈ្មោះ​ជា​ស្នាដៃ​ខ្លួនឯង​បាន​​យ៉ាងងាយស្រួល​នោះ?

ម្យ៉ាងវិញ​ទៀត អ្នក​ដែល​មាន​ចិត្ត​ឧស្សាហ៍​ព្យាយាម និង​មាន​គំនិត​ល្អៗ ក៏​មិនសូវ​ជា​មាន​ទឹកចិត្ត​ក្នុងការ​បង្កើត​ស្នាដៃ​ថ្មីៗ​ដែរ ប្រសិនបើអ្នកនោះ​ដឹង​ថា កម្មសិទ្ធិបញ្ញា​របស់​គាត់​មិន​ទទួល​បាន​នូវការ​ការពារ​ម៉ត់ចត់ ហើយ​ស្នាដៃ​របស់​គាត់​អាច​នឹង​ត្រូវ​គេ​លួច​ចម្លង​តាម​​ដោយ​គ្មាន​ទោសពៃរ៍អ្វី​នោះ។

ជារឿយៗ គេតែងតែ​ឮ​សាស្រ្តាចារ្យ ឬ​បញ្ញវ័ន្ត​ខ្លះ ដែល​ជា​អ្នក​ចេះដឹង​ខ្ពង់ខ្ពស់​ ហើយ​មាន​គំនិត​ល្អៗ ចេះតែនាំគ្នា​រអ៊ូ​ថា ពួកគាត់​​ក៏​​​មាន​បំណង​ចង់​សរសេរ​សៀវភៅ ដើម្បី​ផ្ទេរ​ចំណេះដឹង​ដល់​អ្នក​ដទៃ​ទៀតដែរ​ ក៏ប៉ុន្តែ មិនមាន​ទឹកចិត្ត​នឹង​ធ្វើ ដោយសារ​តែ​​ពួកគាត់​ដឹងថា សៀវភៅ​ដែល​គាត់​និពន្ធ ហើយ​បោះពុម្ព​ចេញ​ទៅនេះ ប្រាកដ​ជា​នឹង​ត្រូវ​គេ​លួច​ចម្លង​ព្រោងព្រាត ហើយ​ម្ចាស់ដើម​វិញ​រក​តែប្រាក់​ចំណូល​​ ដើម្បី​បង់ឲ្យ​​រោងពុម្ព​ក៏​សឹង​មិនបានផង កុំថាឡើយ​ដល់​​កម្រៃ​នៃ​កម្លាំង​ប្រាជ្ញា និង​ពេលវេលា​ដែលខំ​សរសេរ។

សួរថា តើ​ទាំងអស់​នេះ​ជា​កំហុស​របស់​អ្នកណា? ការ​​ទទួល​ខុសត្រូវ​ខ្ពស់​ជាងគេ គឺ​ប្រាកដ​ជា​ត្រូវ​ធ្លាក់​ទៅលើ​អ្នក​ថតចម្លង ដែល​ជា​អ្នក​​ប្រព្រឹត្ត​​ល្មើស​ទាំង​ច្បាប់​ជាធរមាន (ច្បាប់​ស្តីពី​កម្មសិទ្ធិបញ្ញា) និង​ខុសពី​ក្រម​សីលធម៌​នៃ​វិជ្ជាជីវៈ ហើយ​សម្រាប់​សិស្ស​និស្សិត គឺ​​ល្មើស​នឹង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា។

អ្នក​ដែល​មាន​ការ​ទទួលខុសត្រូវ​ដ៏ធំ​មួយទៀត គឺ​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​​​អនុវត្ត​ច្បាប់ ហើយ​ដែល​ជា​អ្នក​មាន​ភារៈ​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ប្រជាជន​ទូទៅ។ នៅ​តាម​សាលាវិញ លោកគ្រូអ្នកគ្រូ​ អនុរក្ស ឬ​​​មន្រ្តីផ្សេងទៀត​ ដែល​មាន​ភារៈ​ត្រួតពិនិត្យ​ការ​ប្រឡង ក៏​ត្រូវ​មាន​ចំណែក​ទទួល​ខុសត្រូវ​​យ៉ាងធំ​ផងដែរ ពីព្រោះ​ថា ការលួចចម្លង​នៅ​ក្នុង​សាលា​នេះ​ហើយ ដែល​ជា​គ្រាប់ពូជ​បណ្តុះ​ផ្នត់គំនិត​ថតចម្លង នៅ​ក្នុង​សង្គម​ទាំងមូល។

ចុងក្រោយ គេ​ក៏​មិន​ត្រូវ​ភ្លេចដែរ អំពី​ចំណែក​ទទួលខុសត្រូវ​របស់​អ្នក​ដែល​ទិញ និង​ប្រើប្រាស់​ស្នាដៃ​ថតចម្លង ពីព្រោះ​ថា អ្នក​ទាំងអស់​នេះ​ហើយ ដែល​ជា​អ្នក​បង្កើត​​ឲ្យ​មាន​តម្រូវការ​ទីផ្សារ​នៃ​ស្នាដៃ​ថតចម្លង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ