អានតួអត្ថបទ
កម្ពុជា

កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម​សាថ្មី

ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ទទួលបន្ទុក​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ បានឃើញ​​កម្មករ​របស់​ខ្លួន​ប្រមាណ​ជា «៩០ភាគរយ» ធ្វើ​កូដកម្ម​សា​​ថ្មី នៅ​ថ្ងៃ​ចន្ទ​នេះ។ ការចរចា​រវាង​តំណាង​កម្មករ និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ត្រូវបាន​រៀបចំឡើងភ្លាមៗ នៅពេលដែល​កម្ម​ករទា​ម​ទារ​លក្ខខណ្ឌ ១០ចំណុច​ពី​ក្រុមហ៊ុន។ កាលពី​ខែកុម្ភៈ ក្រុមហ៊ុន​ស៊ិន​ទ្រី​ធ្លាប់​បានសម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា និង​សម្រួល​តាម​ការទាមទារ​ខ្លះ​របស់​កម្មករ​ម្តង​រួចហើយ ដើម្បី​បញ្ចប់​កូដកម្ម​៤ថ្ងៃ ដែល​បាន​បណ្តាលឱ្យ​សម្រាម​ក្នុង​រាជធានី​ភ្នំពេញ គរ​ដូច​ភ្នំ នៅពេលនោះ។

កម្មករ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី ​ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការ​ កាលពី​ពេល​កន្លងទៅ។​
កម្មករ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី ​ធ្វើ​កូដកម្ម​មិន​ចូលធ្វើ​ការ​ កាលពី​ពេល​កន្លងទៅ។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កូដកម្ម​របស់​កម្មក​រ​ក្រុមហ៊ុន​ស៊ិន​ទ្រី នៅ​ថ្ងៃ​ចន្ទ ទី០៧ ខែកក្កដា ផ្តោតលើ​ការទាមទារ​លក្ខខណ្ឌ​​១០ចំណុច ក្នុងចំណោម​នោះ កម្មករ​ស្នើឱ្យ​ក្រុមហ៊ុន​ផ្តល់ប្រាក់​ទ្រទ្រង់​សុខភាព ១០ដុល្លារ​ ក្នុង​មួយខែ ប្រាក់ ស្នាក់នៅ​ចំនួន១០ដុល្លារ​ក្នុង​មួយខែ និង​ប្រាក់​ធ្វើដំណើរ១៥ដុល្លារ​ក្នុង​មួយខែ។ លើសពីនេះ​ទៀត កម្មករ​ស្នើឱ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ទូទាត់​ប្រាក់​បំណាច់​ការងារ ដែល​នៅ​សេសសល់ ដាក់​ពេទ្យ​ប្រចាំការ​នៅក្នុង​ក្រុមហ៊ុន ផ្លាស់ប្តូរ​ប្រធាន​យានដ្ឋាន និង​សន្តិសុខ​យាម​ក្រុមហ៊ុន បើក​ច្រកចេញចូល​ចាស់​ឡើងវិញ ជួយ​កាត់​ប្រាក់​វិភាគទាន​ពី​ប្រាក់ខែ​កម្មករ​យកទៅឱ្យ​សហជីព ផ្តល់​ប័ណ្ណ​បេឡា​សន្តិសុខ​សង្គម និង​រៀបចំ​គោលការណ៍​គ្រប់គ្រង​ប្រេង និង​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​ច្បាស់លាស់។

កន្លងទៅ កម្មករ​ក្រុមហ៊ុន​គ្រប់គ្រង​សំរាម​ស៊ិន​ទ្រី ដែល​បានធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ពីថ្ងៃ​ទី២ រហូតដល់​ថ្ងៃទី០៥ ខែកុម្ភៈ បានសម្រេច​ចិត្ត​ចូលធ្វើការ​វិញ បន្ទាប់ពី​ការចរចារ​គ្នា ជាមួយ​តំណាង​ក្រុមហ៊ុន បាន​រកឃើញ​ចំណុច​ឯកភាពគ្នា​ចំនួន៦ ក្នុងចំណោម​ការទាមទា​រ៩ចំណុច។ នៅពេលនោះ ក្រុមហ៊ុន​បាន​យល់ព្រម​ដំឡើង​ប្រាក់ខែ​កម្មករ ២០ដុល្លា​រ​បន្ថែម​ ​លើ​ចំនួន​ប្រាក់ខែ​គោល។ ចំណុច​ផ្សេងទៀត ​​គឺ​ក្រុមហ៊ុន​បាន​យល់ព្រម​បង្កើត​ពេទ្យ​ប្រចាំការ អោយ​បាន​​គ្រប់គ្រាន់​សំរាប់​ទ្រទ្រង់​សុខភាព​កម្មករ យល់ព្រម​តាម​សំណើ​កម្មករ ដែល​សុំ​មិនឱ្យ​កាត់​ប្រាក់​ថ្លៃ​សម្លៀកបំពាក់ ជួយ​ដោះស្រាយ​ក្នុងករណី​កម្មករ​មាន​គ្រោះថ្នាក់​ចរាចរណ៍។

ចំនុច​ឯកភាព គ្នា​មួយទៀត​ដែរ គឺ​ការគិត​​ប្រាក់ឈ្នួល​​គុណ​នឹង២ សម្រាប់​ការងារ​ថ្ងៃអាទិត្យ។ ចំពោះ​ចំណុច ដែល​ក្រុមហ៊ុន​មិនទាន់បាន​យល់ព្រម ហើយ​សុំ​ពិភាក្សា នៅពេល​ក្រោយ រួមមាន​ការស្នើសុំ​គិត​ប្រាក់​ចំពោះ​ថ្ងៃ​ឈប់សម្រាក​ដំណាច់ឆ្នាំ១៨ថ្ងៃ​ ក្នុង​មួយឆ្នាំ ការស្នើសុំ​ប្រាក់​ទ្រទ្រង់​សុខភាព ប្រាក់​ធ្វើដំណើរ ប្រាក់​ស្នាក់នៅ និង​ការសុំ​គិត​ប្រាក់​ឈ្នួល​ចំពោះ​ថ្ងៃបុណ្យ។​​

នៅពេលនេះ ចំណុច​ខ្លះ​នៃ​ការទាមទារ​គឺ​ស្រដៀង​គ្នា​នឹង​ចំណុច​នៃ​ការទាមទារ​ពេលមុន​ដែរ។ បើ​យោងតាម​មន្ត្រី​សហព័ន្ធ​សហជីព​លើកតម្កើង​ជីវភាព​កម្មករនិយោជិត​ខ្មែរ ឈ្មោះ សាន ថា នៅ​ថ្ងៃ​ចន្ទ ទី០៧ ខែកក្កដា​នេះ ​​កម្មករ​ប្រមូល​សំរាម​ផ្នែក​កើប បោស និង​អ្នកបើកបរ ប្រមាណ​ជា«៩០ភាគរយ» ​មិន​ចូលធ្វើការ​ដូច​ធម្មតា​ទេ។ ការ​នេះ​បង្កក្តី​បារម្ភ​ថា សំរាម​ប្រហែល ១២០០តោន​​ក្នុង​មួយថ្ងៃ នឹង​គរ​ជា​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ​ជាថ្មីទៀត ប្រសិនបើ​កិច្ចចរចា​រវាង​តំណាង​កម្មករ និង​ក្រុមហ៊ុន នៅ​ថ្ងៃ​ចន្ទ ទី០៧ ខែកក្កដា មិន​សម្រេចបាន​ដំណោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ