អានតួអត្ថបទ
កម្ពុជា

បេសកកម្ម​គណៈប្រតិភូ​ពាណិជ្ជកម្ម​ជោគជ័យ ក្រុមហ៊ុនអាមេរិក​ចំនួន​​៣ ​នឹង​មក​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

ក្រោយ​បេសកកម្ម​គណៈប្រតិភូ​ពាណិជ្ជកម្ម​ទៅ​កាន់​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ក្រុមហ៊ុន​អាមេរិក​ចំនួន​៣ នឹង​មក​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ នេះ​បើ​តាម​លោក​ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧​កក្កដា​នេះ​។

លោក​ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​ទៅ​កាន់​អ្នក​វិនិយោគ និង​អ្នក​កាសែត នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​ទី​៧​កក្កដា ២០១៤
លោក​ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម ថ្លែង​ទៅ​កាន់​អ្នក​វិនិយោគ និង​អ្នក​កាសែត នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​ទី​៧​កក្កដា ២០១៤ RFI/Rachna IM
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​អាមេរិក​ចំនួន​៣ នឹង​មក​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ ក្រុម​ហ៊ុន​ទាំង​៣​នោះ គ្រោង​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​គ្នា គឺ​វិស័យ​កាត់​ដេរ វិស័យ​ថាមពល និង​វិស័យ​បច្ចេកវិទ្យា​។ ក្នុង​នោះ ក្រុមហ៊ុន​១ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ និង​ក្រុមហ៊ុន​២​ទៀត នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ខែ​សីហាខាង​មុខ​នេះ​​។ រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ស៊ុន ចាន់ថុល បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៧​កក្កដា​នេះ​។

 
ចំណាប់​អារម្មណ៍ និង​ការ​មក​ដល់​​នៃ​ក្រុមហ៊ុន​អាមេរិក​ទាំង​៣​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈប្រតិភូ​ពាណិជ្ជកម្ម បាន​ជួប​ជាមួយ​ពាណិជ្ជករ​ជា​ច្រើន នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ​។ បេសកកម្ម​គណៈប្រតិភូ​ពាណិជ្ជកម្ម ៥​ថ្ងៃ​នៅ​អាមេរិក កាល​ពី​ខែ​មិថុនា​នោះ ដឹក​នាំ​ដោយ​រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ស៊ុន ចាន់ថុល និង​លោក William Todd ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដែរ លោក William Todd ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា នៅ​តែ​មាន​បញ្ហា​ប្រឈម ទាំង​បញ្ហា​​​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​បញ្ហា​ថាមពល និង​ពិសេស​នោះ គឺបញ្ហា​អំពើ​ពុក​រលួយ​។

ទាក់ទង​នឹង​បញ្ហា​ប្រឈម​ដែល​បាន​លើក​ឡើង​នោះ លោក​ស៊ុន ចាន់ថុល ​បាន​ឆ្លើយ​តប​ថា កម្ពុជា​បាន​ទទួល​ស្គាល់​នូវ​បញ្ហា​ទាំង​នោះ និង​កំពុង​តែ​ខិត​ខំ​ដោះ​ស្រាយ។ បើ​តាម​លោក​រដ្ឋ​មន្ដ្រី ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ធ្វើ​ការ ​កាត់​បន្ថយ​ការ​ជួប​មុខ​គ្នា​រវាង​មន្ដ្រី​ក្រសួង និង​ពាណិជ្ជករ ដោយ​ងាក​មក​ទាក់ទង​គ្នា​តាម​សារ​អេឡិច​ត្រូនិក ឬ​អ៊ីមែល​វិញ​។ ការណ៍​នេះ ត្រូវ​បាន​លោក​ស៊ុន ចាន់ថុល អះអាង​ថា អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ ដែល​ជា​បញ្ហា​ប្រឈម​នោះ​បាន។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ លោក​រដ្ឋ​មន្ដ្រី​ក៏​បាន​លើក​ឡើង​ពី​គម្រោង​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ផង​ដែរ។ ប៉ុន្តែ​ការងារ​នេះ​ត្រូវ​ប្រើ​ពេល​បន្តិច។

សូម​ជម្រាប​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាមេរិក នៅ​ឆ្នាំ២០១៣ មាន​ចំនួន​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ឡើង​ថែម​ទៀត នៅ​ឆ្នាំ​២០១៤​នេះ។ ៣៣​ភាគ​រយ នៃ​ផលិតផល​នាំ​ចេញ​សរុប​របស់​កម្ពុជា គឺ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​អាមេរិក ក្លាយ​ជា​ទីផ្សារ​ធំ​បំផុត​តែ​មួយ​គត់ សម្រាប់​កម្ពុជា នា​ពេល​សព្វ​ថ្ងៃ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ