អានតួអត្ថបទ
កម្ពុជា

លោក​កឹម​សុខា​ ប្រកាស​បង្កើត​មជ្ឈមណ្ឌល​កត់​ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​ នៅ​កម្ពុជា​

ក្នុង​ពិធី​រម្លឹក​ខួប​ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានប្រកាស​បង្កើត​មជ្ឈមណ្ឌល​កត់ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម នៅ​កម្ពុជា។ ជា​កន្លែង​សម្រាប់​កត់ត្រា និង​តម្កល់​នូវ​ឯកសារ​នៃ​អំពើ​ឧក្រិដ្ឋកម្ម ចាប់ពី​ឆ្នាំ១៩៩៣ ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​កឹម​សុខា បានប្រកាសថា ការបង្កើត​មជ្ឈមណ្ឌល​ឯកសារ​នេះ ដើម្បី​បំបាត់​វប្បធម៌​និ​រ​ទណ្ឌ​ភាព នៅ​កម្ពុជា។

លោកកឹម សុខា ក្នុងសន្និសីទកាសែតមួយកាលពីពេលកន្លងទៅ
លោកកឹម សុខា ក្នុងសន្និសីទកាសែតមួយកាលពីពេលកន្លងទៅ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ដើម្បី​បញ្ចប់​វប្បធម៌​និ​ទណ្ឌ​ភាព ដែល​អ្នកប្រព្រឹត្តិ​ល្មើស មិន​ត្រូវបាន​កាត់ទោស នៅក្នុង​ប្រទេស​កម្ពុជា លោក​កឹម​សុខា បានប្រកាស​ពី​ការផ្តួចផ្តើម​យន្តការ​មួយ ដោយ​បង្កើត​មជ្ឈមណ្ឌល​កត់ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម នៅ​កម្ពុជា ចាប់ពី​ឆ្នាំ១៩៩៣។ 

ក្នុង​ពិធី​រម្លឹក​ខួប ១៧ ឆ្នាំ ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ កាលពី​ព្រឹក​មិញ លោក កឹម​សុខា បាន​លើកឡើងថា មជ្ឈមណ្ឌល​កត់ត្រា​ព្រឹត្តិការណ៍​ឧក្រិដ្ឋកម្ម​នោះ មាន​ទីតាំងនៅ​ក្រៅប្រទេស ហើយ​កត់ត្រា និង​ផ្ទុក​ឯកសារ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​សម្លាប់​មនុស្ស នៅ​កម្ពុជា ចាប់ពី​ឆ្នាំ១៩៩៣ រួមមាន៖ ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ថ្ងៃ៥-៦កក្កដា ឆ្នាំ១៩៩៧ ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក ថ្ងៃ៣០មីនា ឆ្នាំ១៩៩៨ ការសម្លាប់​លោក​ជា​វិជ្ជា​នៅ​ឆ្នាំ២០០៤ រួមទាំង​ព្រឹត្តិការណ៍​បង្ក្រាប បាញ់សម្លាប់​កម្មករ​រោងចក្រ នៅ​ថ្ងៃទី២ និង​ថ្ងៃទី៣មករា ឆ្នាំ២០១៤ ក៏​ត្រូវបាន​រាប់បញ្ចូល​ផងដែរ។

អំពើ​ឧក្រិដ្ឋ​ទាំងនោះ ត្រូវបាន​លោក​កឹម​សុខា លើកឡើងថា ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក កឹម​សុខា អះអាងថា គំនិត​ផ្តួចផ្តើម​របស់លោក​ដូច្នេះ ត្រូវបាន​ធ្វើឡើង ដោយ​យក​លំនាំ​តាម​ប្រទេស​កូរ៉េខាងត្បូង ដែល​លោក​បាន​ទៅ​សិក្សា​ស្វែងយល់​កាលពីពេលថ្មីៗនេះ។
តាម​មេដឹកនាំ​បក្សប្រឆាំង មជ្ឈមណ្ឌល​កត់ត្រា​អំពើ​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ១៩៩៣ មិនមែន​ជាការ​កុំ​គួ​ន​លើ​ជន​ណា​ទេ តែ​ដើម្បី​កុំ​ឲ្យ​អំពើ​ឧក្រិដ្ឋកម្ម កើតឡើង​ទៀត នៅ​កម្ពុជា។ ម្យ៉ាង​ក៏​ដើម្បី​បំបាត់​វប្បធម៌​រួច​ទោស ហើយ​ទុកជា​ឯកសារ​ដល់​កូនចៅ​ជំនាន់​ក្រោយ ដើម្បី​ស្វែងយល់។

ក្នុងការ​រម្លឹក​ព្រឹត្តិការណ៍​ផ្ទុះអាវុធ ដែល​គណបក្សប្រឆាំង ហៅថា​ជា​រដ្ឋប្រហារ ដណ្តើម​អំណាច រវាង​អតីត​នាយករដ្ឋមន្ត្រី​ទី២ លោក​ហ៊ុនសែន ពី​អតីត​នាយករដ្ឋមន្ត្រី​ទី១ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ កាលពី​ព្រឹក​មិញ លោក​កឹម​សុខា ក៏បាន​បង្ហាញ​សុ​ឆន្ទៈ​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ ហើយ​អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដោះស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ ឲ្យ​បាន​មុន​ខួប​មួយឆ្នាំ នៃ​ការបោះឆ្នោត នា​ថ្ងៃទី២៨កក្កដា​ខាងមុខ។

ប៉ុន្តែ​លោក​កឹម​សុខា មិនបាន​បង្ហាញ​រូបមន្ត​ថ្មី ក្រៅពី​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រកាន់យក​រូបមន្ត ២ ភាគ ៣ ដើម្បី​ជ្រើសរើស​សមាជិក​គជប ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ប្រកាន់យក​សំឡេង ៥០ ភាគរយ​បូក១៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ