អានតួអត្ថបទ
កម្ពុជា

អ្នកភូមិ​ឡ​ពាង​តវ៉ា​ជាថ្មី​រឿង​ដីធ្លី ​ចំពេល​វត្តមាន​តំណាង​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា

ប្រជាពលរដ្ឋ​មកពី​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ប្រមាណ​ជា៧០នាក់ បាន​ឡើងមក​ទីក្រុង​ភ្នំពេញ​ជាថ្មី​ម្តងទៀត ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​ឲ្យ​ស្ថាប័ន​ទាំង​ពីនេះ​អន្តរាគមន៍​ដល់​ពួកគាត់​នៅក្នុង​ជម្លោះដីធ្លី​ដ៏​រាំ​រៃ​ជាមួយ​ក្រុមហ៊ុន KBC ដែល​ពួកគាត់​ចោទប្រកាន់ថា​បាន​រំលោភ​យក​ដី​ប្រជាជន​ជាង១៤០ហិច​តា។បន្ទាប់​ពីនេះ​ពួក​អ្នកភូមិ​ក៏បាន​ត្រៀម​ដាក់​ញត្តិ​ទៅកាន់​លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ផងដែរ​នៅ​រសៀល​នេះ។

ប្រជាពលរដ្ឋ​មក​ពី​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំ ដាក់​ញត្តិ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ដ្រី និង​ក្រសួង​យុត្តិធម៌ ថ្ងៃ​ទី​២៣​មិថុនា ឆ្នាំ​២០១៣
ប្រជាពលរដ្ឋ​មក​ពី​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំ ដាក់​ញត្តិ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ដ្រី និង​ក្រសួង​យុត្តិធម៌ ថ្ងៃ​ទី​២៣​មិថុនា ឆ្នាំ​២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ជាថ្មី​ម្តងទៀត​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ចំនួន៧៨គ្រួសារ​ដែលមាន​ទំនាស់​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​KBC បាននាំគ្នា​ដាក់​ញត្តិ​តវ៉ា​កាលពី​ព្រឹក​មិញ​ទៅកាន់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង ក្រសួងយុត្តិធម៌។
ការដាក់​ញត្តិ​នេះ បាន​ធ្វើឡើង​ដំណាលគ្នា​ទៅនឹង​ការគ្រោង​ដាក់​ញត្តិ​ផងដែរ​ទៅកាន់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោក សូរិយា ប្រសាទ ស៊ូ​ប៊ែ​ឌី នៅ​រសៀល​នេះ ខណៈ​លោក​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ។ 

លោក រាជ សីមា តំណាង​ប្រជាពលរដ្ឋ​មួយរូប បាន​ថ្លែងថា​ពួកគាត់​បានស្នើ​សុំ​អន្តរាគមន៍​ជាថ្មី​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ បន្ទាប់ពី​បណ្តឹង​ជាច្រើន​ជាង១០០បណ្តឹង​កន្លងមក ស្តីពី​ការ​រំលោក​យក​ដី​ពី​ក្រុមហ៊ុន KBC មិនត្រូវ​បាន​គេ​ដោះស្រាយ។

អ្នកភូមិ​ឡ​ពាង​លោក រាជ សីមា អះអាងថា ដី​របស់​ពួកគេ​ត្រូវ​អាជ្ញាធរ​ឃុបឃិត​លួច​ធ្វើ​ប្លង់​លក់​ចាប់​តាំង​ពី​ឆ្នាំ ២០០៣មក ដោយ​បច្ចុប្បន្ននេះ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន៨៩គ្រួសារ ហើយ​សម្រាប់​លើក​នេះ គឺជា​ឱកាសល្អ​មួយ ដែល​ពួកគាត់​បាន​សុំ​អន្តរាគមន៍​ជាថ្មី​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ស្របគ្នា​និង​វត្តមាន​របស់លោក ស៊ូ​ប៊ែ​ឌី​នៅក្នុង​ប្រទេស​កម្ពុជា។

តំណាង​អ្នកភូមិ​ម្នាក់ទៀត​គឺ អ្នកស្រី អ៊ំ សុ​ភី ដែល​បាន​យក​ញ្ញ​តិ​ទៅ​ដាក់​នៅ​ខុ​ទ្ទ​ការ​ល័យ លោក ហ៊ុន សែន ដោយផ្ទាល់​ថ្លែងថា តំណាង​ខុទ្ទកាល័យ និង​តំណាង​ក្រសួងយុត្តិធម៌ បាន​ទទួល​រួចហើយ។ មិនមាន​ការឆ្លើយតបភ្លាមៗពី​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​នៅឡើយ ក៏ប៉ុន្តែ​លោក សម ប្រជា​មា​និត្យ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ពិនិត្យ​រឿងនេះ​ជាបន្ទាន់​ហើយ​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​រដ្ឋប្បវេណី​ដើម្បី​ដោះស្រាយ​បន្ត។

ទោះ​យ៉ាងនេះ​ក្តី​ក្រុមអ្នកតវ៉ា​នៅ​មិនទាន់មាន​ការជឿជាក់​មាំទាំ​នៅឡើយ​ថា​ដំណោះស្រាយ​នឹង​អាច​កើតមានឡើង​ប្រសិនបើ​រដ្ឋាភិបាល​មិនមាន​ការតាំង​ចិត្ត​ស្របទៅនឹង​កំណែទម្រង់​ដី​ធី្ល​របស់ខ្លួន​ដែល​បានប្រកាស​នៅក្នុង​អាណត្តិ​ទៅ៥នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ