អានតួអត្ថបទ
កម្ពុជា

ទូត​កម្ពុជា​ជួប​​អគ្គលេខាធិការ​​ក្រសួង​​ការ​បរទេស​​ថៃ​ រឿង​​បញ្ជូន​​ពលករ​​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ ​បញ្ជាក់ថា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ​​បាន​ជួបពិភាក្សា​ការងារ​ចាំ​បាច់​​មួយចំនួន​ ​ដែល​ទាក់ទង​ទៅនឹង​បច្ចុប្បន្នភាព​នៃ​ការបញ្ជូន​ពលករ​ខ្មែរ​​ខុសច្បាប់ ​​មក​ប្រទេស​វិញ។ ក៏ប៉ុន្តែ​កម្ពុជា​មិនបាន​កោះហៅ​តំណាង​រាជទូត​ថៃ​នៅ​ភ្នំពេញ​ជួប​​ជជែក​គ្នា​ម្តង​ទៀតឡើយ ​​បន្ទាប់ពី​ជំនួប​កាលពី​សប្តាហ៍​មុន។ ជាមួយគ្នានេះ នាយក​រដ្ឋមន្ត្រី​​​ស្តីទី​​​កម្ពុជា​ ​លោក ស ខេង ​បាន​ហៅ​ការបញ្ជូន​ពលករ​ខ្មែរ​មក​ប្រទេស​វិញ​នាពេលនេះ​ថា ​ធ្វើឡើង​​ដោយ​តក់​ក្រហល់។

ពលករខ្មែរសម្រុកទៅស្រុកកំណើតរៀងៗខ្លួន ក្រោយត្រូវបញ្ជូនដោយបង្ខំពីយោធាថៃ។
ពលករខ្មែរសម្រុកទៅស្រុកកំណើតរៀងៗខ្លួន ក្រោយត្រូវបញ្ជូនដោយបង្ខំពីយោធាថៃ។ @Facebook
ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង ឯក​អគ្គរាជ​រដ្ឋទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ​​ត្រូវ​មាន​ជំនួប​សំខាន់​មួយ​ជាមួយ​តំណាង​ក្រសួងការបរទេស​ថៃ​នៅ​រសៀល​ថ្ងៃ​អង្គារ​។ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា​ពិត​ជាមាន​ជំនួប​នោះ​មែន​រវាង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកក ជាមួយនឹង​អគ្គលេខាធិការ​ក្រសួងការបរទេស​ថៃ​នៅវេលា​ម៉ោង២រសៀល។

ដោយឡែក​ចំពោះ​ប្រធានបទ​នៃ​ជំនួប​នោះ មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ឡើយ ក៏ប៉ុន្តែ​លោក កុយ ​គួង ថ្លែងថា​អាច​ជជែក​គ្នា​ជុំវិញ​បញ្ហា​ពលករ​ខ្មែរ​ ដែល​ថៃ​បញ្ជូនមក​ប្រទេស​វិញ​នៅពេលនេះ។

ជាការ​កត់សម្គាល់​ជំនួប​បែប​ការទូត​នៃ​តំណាង​ប្រទេស​ទាំងពីរ​បានធ្វើ​ឡើង​បន្ទាប់ពី​ការបញ្ជូន​ពលករ​ខ្មែរ​មក​ប្រទេស​វិញ​ពី​ភាគី​ថៃ បាន​កើនឡើង​ជិត ២សែន​នាក់ គ្រាន់តែ​រយៈពេល​កន្លះ​ខែ​កន្លងទៅនេះ។

ជាមួយគ្នានេះ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង បន្តថា​រដ្ឋាភិបាល​កម្ពុ​ជា​មិនមាន​គម្រោង​ថ្មី​ណាមួយ​ផ្សេងទៀត​កោះហៅ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ភ្នំពេញ​ដើម្បី​សាកសួរ​ឡើយ។ កាលពី​សប្តាហ៍​មុន ​ក្រសួងការបរទេស​កម្ពុ​ជាតា​មរយៈ​អ្នកនាំពាក្យ​បាន​ចេញ​លិខិត​បំភ្លឺ​ចំនួន​ពីរ បន្ទាប់ពី​ជំនួប​បន្ទាន់​មួយ​ជាមួយ​តំណាង​ទូត​ថៃ​នៅ​កម្ពុជា​ ស្តីពី​ការចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុក​វិញ។ នៅក្នុង​ជំនួប​នោះ ភាគី​កម្ពុជា​បានស្នើ​ឲ្យ​ភាគី​ថៃ​គោរព​គោលការណ៍​​មនុស្សធម៌​ ក្នុងការ​ចាប់បញ្ជូន​ពល​ករ​ខុសច្បាប់​កម្ពុជា។ 

នៅថ្ងៃនេះ​ដែរ លោក ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​ក៏បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​ភាគី​ថៃ​ដែល​បាន​បញ្ជូន​ពលករ​ខ្មែរ​មក​ប្រទេស​វិញ​ដោយ​មិន​ផ្តល់ដំណឹង​មុន។ ពី​ខេត្តតាកែវ​នៅក្នុង​ឱកាស​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​សាលា​ឯកជន​មួយ លោក ស ខេង ថ្លែងថា ​អ្នកដឹកនាំ​យោធា​ថៃ​បាន​ចាប់បញ្ជូន​ពលករ​មិន​ស្របច្បាប់​យ៉ាង​តក់ក្រហល់ ដោយ​គ្មាន​ការជូនដំណឹង​និង​ពិភាក្សា​ជាមួយ​កម្ពុជា ឬ​យ៉ាងហោចណាស់​ ជាមួយ​បណ្តារ​ខេត្ត​ជាប់​ព្រំដែន​ក៏​ទេ​ដែរ។

នាយករដ្ឋមន្ត្រី​ស្តីទី ក៏បាន​សម្តែង​ការសោកស្តាយ​ពី​ការបាត់​បង់ជីវិត​រប​ស់​ពលករ​ខ្មែរ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​តាមផ្លូវ ដែលជា​បច្ច័យ​នៃ​ការចាប់​បញ្ជូន​មកកាន់​ប្រទេស​ពួកគេ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ