អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​​គ្រោង​ដំឡើង​​ពន្ធ​​ផលិតផល​ថ្នាំជក់​ ចាប់​ពី​ខែ​កក្កដា​ត​ទៅ​

ចាប់​ពី​ថ្ងៃ​ទី​១ ខែកក្កដា​តទៅ រដ្ឋាភិបាល​កម្ពុជា​​នឹង​ដំឡើង​ពន្ធ​ផលិតផល​ថ្នាំជក់​ពី​១០ ទៅ​១៥ភាគរយ​ បន្ថែម​ពីលើ​ពន្ធ​ពី​២០​ទៅ​២៥​ភាគរយ ដែលមាន​ស្រាប់។ នេះ​ជាការ​ប្រកាស​ឲ្យ​ដឹង របស់​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ពុធ​ទី ៤​មិថុនា​នេះ នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ការអនុវត្តន៍​​អនុ​សញ្ញា ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ ដែល​បាន​ធ្វើ​ឡើង នៅ​សណ្ឋាគារ​សាន់វ៉េ ក្នុង​ទីក្រុង​​​ភ្នំពេញ។ ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ត្រូវ​គេ​រំពឹងថា​នឹង​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​ផ្សែង​បារី។

សិក្ខាសាលា​ស្តីពី​ការអនុវត្ត​ន៍​អនុ​សញ្ញា ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​
សិក្ខាសាលា​ស្តីពី​ការអនុវត្ត​ន៍​អនុ​សញ្ញា ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ RFI
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ខែ​កក្កដា​ខាងមុខនេះ​តទៅ តម្លៃ​បារី​ដែល​ដាក់លក់​ម៉ៅ​លើ​ទី​ផ្សារ នឹង​ឡើង​ខ្ពស់​ជាង​មុន ពី​១០​ទៅ១៥ភាគរយ​បន្ថែម​ទៀត ពី​ព្រោះតែ​រដ្ឋាភិបាល ចាប់ផ្តើម​ដំឡើង​ពន្ធ​ខ្ពស់​ជាង​មុន។ លោក​ស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ បាន​ឲ្យ​ដឹងថា ការដំឡើង​ពន្ធ​ផលិតផល​ថ្នាំជក់ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ​២០១៤​ខាង​មុខ​នេះ។ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដដែល បាន​បន្ថែម​ថា ការ​ដំឡើង​ពន្ធ​ថ្នាំ​ជក់ គឺ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​ៗ​ ដល់​រដ្ឋាភិបាល​កម្ពុជា។ ឈ្នះៗ ព្រោះ​ថា​ចំណូល​ពន្ធ​រដ្ឋ នឹង​កើន​ឡើង ហើយ​ជំងឺ និង​ការ​ស្លាប់ នឹង​ថយចុះ។

ដំណឹង​ស្តី​ពី​ការ​ដំឡើង​ពន្ធ​ថ្នាំ​ជក់ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ការអនុវត្តន៍​​​អនុសញ្ញា​ ការត្រួតពិនិត្យ​ថ្នាំជក់ ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ​ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​​ថ្ងៃ​ទី​៤​មិថុនា​នេះ។ លោកស្រី ងួន សុខា បញ្ជាក់​ថា ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់ គឺ​ដើម្បី​ទប់ស្កាត់​តម្រូវការ​នៃ​ការ​ជក់បារី ព្រោះ​ថាបើ​ថ្នាំជក់ មាន​តំលៃ​ថ្លៃ នោះ​ប្រជាជន​ក្រីក្រ ឬ យុវជន ដែល​ពុំ​មាន​លទ្ធភាព​ធូរធារ នឹង​មិន​អាច​ទិញ​ផលិតផល​ទាំង​នោះ មក​ទទួលទាន​បាន​នោះ​ទេ។

ចំណែក​លោក Dong H Anh ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO ប្រចាំ​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍ នៅក្នុង​អង្គសិក្ខាសាលា​នោះ​ថា ការ​ដំឡើង​​ពន្ធ​ថ្នាំ​ជក់ គឺ​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។ លោក Dong H Anh ក៏​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បន្ត​ដំឡើង​​ពន្ធ​ថ្នាំជក់ ប្រសិនបើ​ការដំឡើង​លើកដំបូង មិន​ទទួលបាន​ជោគជ័យ។

លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានធ្វើ​បទ​បង្ហាញ​ ដោយ​អះអាងថា កម្ពុជា ជា​ប្រទេសមួយ ដែល​យកពន្ធ​ថ្នាំជក់​ទាប​ជាងគេ​បំផុត បើ​ធៀប ទៅនឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចគ្នា។ តាម​ការស្រាវជ្រាវ លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​បង្ហាញថា ប្រជាពលរដ្ឋ​កម្ពុជា ៨១ភាគរយ ចង់​ឲ្យ​រដ្ឋាភិបាល​ដំឡើង​​ពន្ធ​ថ្នាំជក់ ដើម្បី​បាន​ថវិកា​បន្ថែម សម្រាប់​អភិវឌ្ឍ​ជាតិ។

តាម​អនុសាសន៍​របស់​ធនាគា​រ​ពិភពលោក អត្រាពន្ធ​ថ្នាំជក់​ធៀប​នឹង​តំលៃ​លក់រាយ គួរតែ​ពី ៦៦ភាគរយ ទៅ ៨០ភាគរយ។ ហើយ​តាម​គោលការណ៍​ណែនាំ សម្រាប់​អនុវត្ត​មាត្រា៦ នៃ​អនុសញ្ញា ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ អត្រាពន្ធ​ថ្នាំជក់ គួរតែ ៧០ភាគរយ។ កម្ពុជា បាន​យកពន្ធ ត្រឹមតែ​ពី ២០ ទៅ២៥ភាគរយ​ប៉ុណ្ណោះ​ពី​ផលិតផល​ថ្នាំជក់។ ហើយ​ប្រទេស​ថៃ​ក្បែរ​ខាង បាន​យកពន្ធ​ថ្នាំជក់ រហូតដល់ ៧០ភាគរយ។

សូមបញ្ជាក់ថា ប្រជាជន​កម្ពុជា​ជិត ១​ម៉ឺន​នាក់ ក្នុងចំណោម​ប្រជាជន ៦លាន​នាក់ នៅលើ​ពិភពលោក បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ការប្រើប្រាស់​ថ្នាំជក់។ ក្នុងនោះ ក៏មាន​អ្នកស្លាប់​​ដោយសារ​ការ​ស្រូប​ផ្សែង​បារី ៦សែន​នាក់​ផងដែរ។ ទឹកប្រាក់ ១០០លាន​ដុល្លា ក៏ត្រូវ​បាន​​ចំណាយ​សំរាប់​ទិញ​បារី នៅ​កម្ពុជា ហើយ​ការចំណាយ​សម្រាប់​ព្យាបាល និង​ថែទាំ​ជំងឺ ដែល​បណ្តាលមកពី​ថ្នាំជក់ គឺមាន​ទំហំ​ធំ​ជាង​ការចំណាយ​លើ​ការទិញ​បារី។ ដូច្នេះ​ ​ការដំឡើង​ពន្ធ​ថ្នាំជក់​ត្រូវគេ​រំពឹងថា​ ​អាចជួយ​កាត់បន្ថយ​បញ្ហា​ទាំងនេះ​បាន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ