អានតួអត្ថបទ
កម្ពុជា

សហជីព​ទទូច​ឲ្យ​អ្នក​បញ្ជាទិ​ញ​បង្កើន​អន្តរាគមន៍​បន្ថែម​ទៀត​ដើម្បី​ដោះ​លែង​អ្ន​ក​ជាប់​ឃុំ​

សហជីព​ចង់​​ឲ្យ​អ្នក​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​​ចូល​ឲ្យ​ជ្រៅ​ទៅ​ក្នុង​កា​រ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​និង​មាន​ប្រសិទ្ធិភាព​នូវ​ការ​ទាមទារ​របស់​កម្មករ​សហជីព​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ដោះលែ​ង​អ្នក​ជាប់​ឃុំ​២៣​នាក់​។​​នៅ​ក្នុង​ ជំនួប​ជាមួយ​តំណាង​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ម្សិល​មិញ​ក្រុម​អ្នក​បញ្ជា​ ទិញ​បាន​បង្ហាញ​ពី​កង្វល់​យឺត​យ៉ា​វ​ក្នុង​ការ​ទទួល​ទំនិញ​ពី​កម្ពុជា​និង​ គំរាម​កាត់​បន្ថយ​ការ​ទិញ​។​

តំណាង​សហជីព​ដើរ​ហែរ​ក្បួន​​ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​​​២១​នា​ក់​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​​
តំណាង​សហជីព​ដើរ​ហែរ​ក្បួន​​ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​​​២១​នា​ក់​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​​ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំសហជីពមួយចំនួនបានបង្ហាញនូវការរារែកក្នុងការទទួលយកនូវលទ្ធផលនៃជំនួបរវាងក្រុមអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជាដែលបានជជែកគ្នាជាមួយនឹងតំណាងរដ្ឋាភិបាលកាលពីម្សិលមិញ។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ ដែលសមាជិករបស់លោក និងលោករងបណ្តឹងនិងជាប់ឃុំឃាំងច្រើនជាងគេនោះថ្លែងថា អ្នកបញ្ជាទិញគួរតែអនុវត្តភ្លាមៗនូវលក្ខខណ្ឌរបស់ពួកគេដែលបានស្នើទៅរដ្ឋាភិបាលកន្លងមក ក្នុងករណីដែលមិនមានភាពជឿនលឿនណាមួយ ក្នុងការដោះស្រាយបញ្ហាចំបងៗ។​លោកពិព័ណ៌នា​ថា ទីផ្សារហាក់ដូចជានៅមានឥរិយាបទពិធីការនៅឡើយ។ 

កាលពីរសៀលម្សិលមិញ ក្រុមអ្នកបញ្ជាទិញសម្លៀកបំពាក់រួមមានតំណាងក្រុមហ៊ុន Puma, Levi, H&M និង Gape បានព្រមានថានឹងអាចកាត់​បន្ថយការបញ្ជាទិញទំនិញ​វាយនភ័ណ្ឌពី​ប្រទេស​កម្ពុជា ​ប្រសិន​បើមិន​មានយន្តការ​ដោះស្រាយ​ធ្វើឲ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ។ ការថ្លែងដូច្នេះគឺបានធ្វើឡើងបន្ទាប់ពីគណៈប្រតិភូអ្នកបញ្ជាទិញមួយក្រុម បាន​ជួបពិភាក្សា​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រី​ គាត ឈន់ និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​ប្រាក់ឈ្នួល ​ដែលមាន​ការ​ចូលរួ​ម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធនានា។​

ចំណុច​សំខាន់ៗ​ចំនួនបី​ត្រូវបានក្រុមអ្នកបញ្ជាទិញលើកឡើងនៅចំពោះមុខតំណាង​រដ្ឋាភិបាល​​រួមមាន​ ការ​ចរចាប្រាក់ឈ្នួលអប្បបរមា ការបង្កើតច្បាប់ស្តីពីសហជីព និងការផ្តល់​សេវាកម្មយុត្តិធម៌ទៅដល់កម្មករ២៣នាក់​​​​ដែលបានចាប់ខ្លួន។

លោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ ដែល​បាន​ថ្លែង​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ជំនួប​រយៈពេល​ជាងពីរ​ម៉ោង​ថា ​អ្នក​បញ្ជាទិញ​មានការ​ត្អូញត្អែរ​ពីការ​យឺតយ៉ាវ​ក្នុងការ​ទទួល​បាន​ការផ្គត់ផ្គង់​ទំនិញពីប្រទេសកម្ពុជា។​ប្រការនេះ​ត្រូវគេគិតទៅ​ដល់ការកើត​ឡើង​ចលនាកូដកម្ម​ បាតុកម្ម​របស់​កម្មករ​កន្លង​មក ដែលរដ្ឋាភិបាលចោទប្រកាន់ថាខុសច្បាប់​ហើយមានបង្រ្កាបនិងចាប់ខ្លួន រួមទាំងជម្រុញឲ្យមេ​សហជីពនានាប្រឈមនឹងពាក្យបណ្តឹង និង​ត្រូវ​ចងដោយបំរាមតុលាការ។

សូមបញ្ជាក់ថាអ្នកសហជីពបានស្នើសុំអន្តរាគមន៍ពីអ្នកបញ្ជាទិញ និងសហជីពអន្តរជាតិ
Industri All ​ឲ្យដាក់គំនាបទៅលើរដ្ឋាភិបាលកម្ពុជាបន្ទាប់ពី ពូកគេរងការចាប់ខ្លួន និង​មាន​បណ្តឹង​តុលាការ​ បន្ទាប់ពីមានព្រឹត្តិការទាមទារប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ ដែល​នាំឲ្យ​មាន​មនុស្សស្លាប់​និងរបួសកាលពីដើមខែមករាមកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ