អានតួអត្ថបទ
កម្ពុជា

សវនាការ​លើ​ករណី វន ពៅ នឹង​បន្ត​នៅ​ថ្ងៃ​ស្អែក ខណៈ​ដែល​សហជីព​គ្រោង​ធ្វើការ​តវ៉ា​មុខ​តុលាការ​

សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​បើកសវនាការ​លើ​ករណី​លោក វន ពៅ នៅ​ថ្ងៃ​អង្គារ​ទី០៦ ឧសភា​ស្អែក​បន្ត​ទៀត បន្ទាបពី​បាន​ផ្អាក​កាលពី​ចុងខែ​មុន ដោយសារ​ហេតុផល​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន​ជន​ជាប់​ចោទ​ទៅកាន់​ពន្ធនាគារ។ មេធាវី​លោក វន ពៅ ឲ្យ​ដឹងថា កូនក្តី​របស់លោក​នៅតែ មាន​សង្ឃឹមថា នឹង​បាន​រួច​ទោស ដោយ​ពិនិត្យមើល​ទៅលើ​សាក្សី និង​ភស្តុតាង នានា​ដែល​បានបង្ហាញ​កន្លងមក។

លោក វន់ ពៅ ពេលបញ្ជូនទៅកាន់ពន្ធនាគារវិញ បន្ទាប់ពីតុលាការលើកពេលជំនុំជម្រះ កាលពីពេលកន្លងទៅ។
លោក វន់ ពៅ ពេលបញ្ជូនទៅកាន់ពន្ធនាគារវិញ បន្ទាប់ពីតុលាការលើកពេលជំនុំជម្រះ កាលពីពេលកន្លងទៅ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក វន ពៅ ប្រធាន​សមាគមន៍​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មនុស្ស២២នាក់​ផ្សេងទៀត ដែល​កំពុង ជាប់ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស នឹងត្រូវ​ឡើង​សវនាការ​ជា​បន្ត​នៅ​សាលាដំបូង​រាជធានី​ ភ្នំពេញ។ ការបើក​សវនាការ​នេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ផ្អាក​សវនាការ​លើក​ទី​មួយ​ កាលពី​ថ្ងៃ ទី២៥ មេសា កន្លងទៅនេះ ដោយ​ហេតុផល​សន្តិសុខ​ក្នុងការ​ដឹកជញ្ជូន​ជនសង្ស័យ​ទៅកាន់​កន្លែង ឃុំឃាំង។

លោក គឹម សុជាតិ មេធាវី​ការពារ​ក្តី​ឲ្យ​លោក វន ពៅ បាន​ថ្លែងថា លោក​នៅតែមាន​សុទិដ្ឋិនិយម​​ថា​​កូនក្តី ​របស់លោក នឹងមិន​មានទោស​ពៃរ៍​ទេ បើ​ពិនិត្យមើល​ទៅលើ​ឯកសារ​និង​ភស្តុតាង គឺ​គ្មាន​ទំងន់​ដាក់ទោស​ទៅលើ វន ពៅ ឡើយ។ ដោយសារ​ការសួរដេញដោល​ទៅលើ​សាក្សី ដែល​ជា​សមត្ថកិច្ច​ត្រូវបាន​គេ​ធ្វើ​មិនទាន់​ចប់ លោក​មេធាវី​នៅ​មិនទាន​ហ៊ាន​សន្និដ្ឋាន​យ៉ាងណា​នៅ​ឡើយ​ទេ។

ដោយឡែក លោក គង់ អាទិត្យ អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា CCAWDU បាន​ប្រកាស​ឲ្យ​ដឹងថា សមាជិក​របស់​ខ្លួន​ជា​អ្នក​សហជីព កម្មករ​ចំនួន ២០០​នាក់ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នានា​រួមទាំង​ក្រុម​គ្រួសារ​ជនជាប់ចោទ​ទាំង​២៣​នាក់​នឹង​បង្ហាញ​វត្តមាន​នៅ​មុខ​តុលាការក្រុង​នៅ​ថ្ងៃ​អង្គារ​ស្អែក​ដែរ ដើម្បី​តវ៉ា​ឲ្យ​មានការ​ដោះលែង​អ្នក​មិត្ត​ភ័ក្តិ​និង​សាច់​ញាតិ​របស់​ពួកគេ​ឲ្យ​មាន​សេរីភាព។

សូម​រំលឹកថា កាលពី​ថ្ងៃទី២៥មេសា សវនាការ​លើ​ករណី​លោក វន ពៅ ត្រូវបាន​បិទ​ជា​បណ្តោះ​អាសន្ន​ដោយ​តុលាការ​ទើបតែ​សាកសួរ​បាន​មនុស្ស៤នាក់​ប៉ុណ្ណោះ​ក្នុង​សំណុំរឿង​រោងចក្រ​យា​ក​ជី​ង ដែលមាន​ជនជាប់ចោទ១០នាក់។

សូមបញ្ជាក់ថា​លោក វន ពៅ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ទី២ខែមករា នៅ​រោងចក្រ​យ៉ាក​ជី​ង​ដោយ​កងទ័ព​ឆ័​ត្រ​យោង ៩១១ នៅក្នុង​ការប៉ះទង្គិច​គ្នា​មួយ ដើម្បី​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល កម្មករ១៦០ក្នុង​មួយខែ។សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ដែលមាន​ជម្ងឺ​ប្រចាំកាយ​រូបនេះត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម ជាមួយនឹង​មនុស្ស២២នាក់​ផ្សេង​ទៀត​ ក៏ប៉ុន្តែ​ក្រោយមក មនុស្ស​ពីរ​នាក់​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ