អានតួអត្ថបទ
កម្ពុជា

សហជីព​​បន្ត​​យុទ្ធនា​ការ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​កម្មករ​​ធ្វើ​​ពហិកា​រ​ក្រោយ​​ចូល​ឆ្នាំ​

ស្រប​ពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ​នឹង​មកដល់​ ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ សហជីព​ធំៗ​មួយចំនួន​កំពុង​បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការធ្វើ​ពហិការ​​មិន​ចូលធ្វើការ​របស់​កម្មក​រ​រោងចក្រ​នៅ​ទូទាំងប្រទេស​កម្ពុជា​ ​ចាប់ពី​ក្រោយ​ចូលឆ្នាំ​រហូតដល់ ថ្ងៃទី២២មេសា។ ជា​ពហិការ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា១៦០ដុល្លារ​ក្នុង​មួយខែ។ ប្រធាន​សហជីព បាន​សម្តែង​ពី​ភាព​វិជ្ជមាន​នៃ​យុទ្ធនាការ​ពហិការ​នេះ។ ប៉ុន្តែ ​​សមាគម​កាត់ដេរ​បាន​បញ្ជាក់​​ថា ​​នឹងមិន​មានការ​ពិភាក្សា​ពី​ការដំឡើង​ប្រាក់ខែ​ឡើយ​នៅ​ឆ្នាំ២០១៤។ ​ដោយឡែក​ក្រសួង​ការងារ និង​អង្គ​ការជំនាញ​អះអាងថា នឹងមាន​ការពិភាក្សា​ពី​ប្រាក់​ឈ្នួល​នៅ​ចុងខែ​មេសា​​​នេះ។

សហជីព​​ធ្វើ​យុទ្ធនា​ការ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​កម្មករ​​ធ្វើ​​ពហិកា​រ​ក្រោយ​​ចូល​ឆ្នាំ​ ។
សហជីព​​ធ្វើ​យុទ្ធនា​ការ​​ផ្សព្វ​ផ្សាយ​​ឱ្យ​​កម្មករ​​ធ្វើ​​ពហិកា​រ​ក្រោយ​​ចូល​ឆ្នាំ​ ។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

 

សហជីព​កម្មករ​ចំនួន១៨នៅ​កម្ពុជា​ដែល​មិន​សុខ​ចិត្តនឹង​កម្រិត​ប្រាក់​ឈ្នួល​នាពេល​បច្ចុប្បន្ន បាន​បន្ត​យុទ្ធនា​ការចែក​ខិត​បណ្ណ​ឱ្យ​កម្មករ​បន្ត​ឈប់​រយៈពេល៦ថ្ងៃ​បន្ថែម​ ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ ជាការ​ធ្វើពហិការ​ដែល​ប្រើប្រាស់​សិទ្ធិ​ឈប់សម្រាក​ប្រចាំឆ្នាំ ​ពីថ្ងៃ​ទី១៧ មេសា ដល់​ថ្ងៃទី២២មេសា​ខាងមុខ​ ​ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល។ នៅ​ថ្ងៃ​ពុធ​ទី៩ មេសា​នេះ យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ បាន​ឈាន​មកដល់​ថ្ងៃទី៥ហើយ ចាប់តាំងពី​ថ្ងៃទី៥មេសា​ចុង​សប្តាហ៍​មុន​មក។

សហជីព​ទាំងអស់​ដែល​រួមមាន​សហជីព​របស់ លោក អាត់ ធន់ សហជីព​របស់​លោកស្រី​ម៉ម ញឹម និង​លោកស្រី​យ៉ាង សុ​ភ័​ណ្ឌ​ជាដើម បាន​ប្រមូល​ផ្តុំគ្នា​ចែក​ឱ្យ​កម្មករ​នៅ​តំបន់ឧស្សាហកម្ម​សួន​កា​ណា​ឌី​យ៉ា ​ផ្លូវ​វេ​ង​ស្រេង។ តំបន់​សួន​កា​ណា​ឌីយ៉ា ផ្លូវ​វ៉េងស្រេង ដែល​កាលពី​ខែមករា​កន្លងទៅ ​​គឺជា​តំបន់​បាតុកម្ម​បង្ហូរ​ឈាម​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ក្រុមបាតុករ​ដែល​ទាមទារ​​ដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមារ១៦០ដុល្លារ។ បាតុកម្ម​ក្តៅ​កណ្តាល​ទីក្រុង​នេះ បាន​បណ្តាល​ឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងហោចណាស់៤នាក់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​បាន​រងរបួស​ទាំង​ធ្ងន់​នឹង​ស្រាល។

មាន​វត្ត​មាននៅ​ទីតាំង​ចែកខិតបណ្ណ​ផ្ទាល់​នៅខាងមុខ​តំបន់ឧស្សាហកម្ម​កាណាឌីយ៉ា ទាំង​លោកស្រី​ម៉ម ញឹម និង​លោកស្រី យ៉ាង សុភ​ណ្ឌ បាន​ថ្លែងថា​ ការផ្សព្វផ្សាយ​ដើម្បីឱ្យ​កម្មករ​បន្ត​ឈប់​រយៈពេល៦ថ្ងៃ​បន្ថែមទៀត​នេះ គឺ​ដើម្បី​ជម្រុញ​ឱ្យ​រដ្ឋាភិបាល និង​តំណាង​រោងចក្រ​ដោះស្រាយ​បញ្ហា​ចំនួន៧ចំណុច។ ក្នុងនោះ​មាន​បញ្ហា​ប្រាក់​ឈ្នួល​អ​ប្បរមា១៦០ដុល្លារ​ក្នុង​មួយខែ ការស្នើ​ឱ្យ​ដោះលែង​កម្មករ និង​សកម្មជន​សិទ្ធិមនុស្ស​ចំនួន២១នាក់​ដែល​កំពុង​ជាប់ឃុំ និង​លើកលែង​ការចោទប្រកាន់​ទាំងស្រុង។ និង​សំណើ​​ដក​បម្រាម​នៃ​ការជួបជុំ​ជា​សាធារណៈ​ដែល​រដ្ឋាភិបាល​បាន​ហាមប្រាម​តាំងពី​ក្រោយ​អំពើហិង្សា​កាលពីដើម​ខែមករា​នោះមក​ជាដើម។ លោកស្រី​ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា បាន​អះអាងថា ការអំពាវនាវ​នេះ​នឹងមាន​ប្រសិទ្ធភាព​ព្រោះថា ទឹកចិត្ត​កម្មករ​ទាំង​អស់​​ចង់បាន​ប្រាក់​ឈ្នួល១៦០ដុល្លារ​ដដែល។

សូមបញ្ជាក់ថា ជាការ​ឆ្លើយតប​ចំពោះ​សេចក្តីអំពាវនាវ​របស់​សហជីព សមាគម​រោងចក្រ​កាត់ដេរ កាលពីពេល​ថ្មី​នេះ​បាន​អះអាងថា ​មិនមាន​ឡើយ​ការជជែក​ពី​ការឡើង​ប្រាក់ខែ​ក្នុង​ឆ្នាំ២០១៤នេះ។ បើ​មាន​គឺ​នៅ​ឆ្នាំ២០១៥ឆ្នាំក្រោយ។ ប្រធាន​សមាគម​រោងចក្រ​​កាត់ដេរ​ ​លោក វ៉ាន់ ស៊ូ​អៀង បាន​ថ្លែងសេចក្តី​អំពាវនាវ​រប​ស់ស​ហជីពស្តី​ពី​ការបន្ត​ឈប់សម្រាក​​​ក្រោយ​ចូលឆ្នាំ​ ​​គឺ​​មិនមាន​កម្មករ​ចូលរួម​ច្រើន​នោះទេ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រោយ​ការអំពាវនាវ​ឱ្យ​របស់​សហជីព​ទៅកាន់​កម្មករ​ឱ្យ​បន្ត​ឈប់​នៅ​ថ្ងៃក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខនេះ ក្រសួង​ការងារ និង​អង្គការ​​អន្តរជាតិ​ខាង​ការងារ​ILO បានប្រកាស​​ឱ្យមាន​សិក្សា​តម្លៃ​ឈ្នួល​អប្បបរមា​ ​នៅ​ចុងខែ​មេសា​នេះ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ