អានតួអត្ថបទ
កម្ពុជា

ព្រះ​បរមរាជវាំង​បញ្ជាក់​អំពី​តួនាទី​របស់​លោក​ អ៊ុំ ​ដា​រ៉ា​វុធ​

ការិយាល័យ​នាយក​នៃ​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ បានបញ្ជាក់​នៅ​ថ្ងៃ​ពុធ​ទី៩មេសា​នេះ​ថា លោក អ៊ុំ ដារ៉ាវុធ មាន​តួនាទី​ជាទី​ប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ស​ម្តេច​ម៉ែ នរោត្តម មុនីនាថ​សីហនុ។ សេចក្តីបញ្ជាក់​ដោយមាន​ទាំង​ព្រះរាជ្យក្រឹត្យ​អម​ជាមួយ​ផង​នេះ​បាន​ធ្វើឡើង​ក្រោយពី​លោក អ៊ុំ ដារ៉ាវុធ បានចេញ​លិខិត​ជា​លក្ខណៈ​ឯកជន​មួយ ​កាលពី​ថ្ងៃទី៧មេសា​ដើម្បី​បង្ហាញ​ពី​ការយល់ឃើញ​របស់ខ្លួន​ ​​ចំពោះ​លិខិត​របស់លោក សម រង្ស៊ី​ថ្វាយ​ព្រះមហាក្សត្រ។

ព្រះបរមរាជវាំង
ព្រះបរមរាជវាំង RFI
ផ្សាយពាណិជ្ជកម្ម

លោក អ៊ុំ ដារ៉ាវុធ មាន​តួនាទី​ជាទី​ប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ស​ម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ​សីហនុ។ តួនាទី​នេះ​ត្រូវបានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ១៣ មីនាឆ្នាំ ២០១៣ ដោយ​ផ្ទេរ​ពី​ទីប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ។ នេះ​ជាការ​បញ្ជាក់​របស់​ការិយាល័យ​នាយក​នៃ​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ពុធ​ទី៩ មេសា​នេះ។

ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​តាមរយៈ​សារ​អេឡិចត្រូនិក​មួយ​ដោយមាន​ភ្ជាប់​មកជា​មួយ​នូវ​ព្រះរាជក្រឹត្យ​ពីរ​ស្តីពី​តួនាទី​របស់លោក អ៊ុំ ដារ៉ាវុធ ផងដែរ។ គ្មាន​ការពន្យល់​ណា​ផ្សេង​ក្រៅពី​ការបញ្ជាក់​អំពី​តួនាទី​របស់លោក អ៊ុំ ដារ៉ាវុធ នោះទេ។ ប៉ុន្តែ ការបញ្ជាក់​អំពី​បញ្ហា​នេះ​បាន​កើតឡើង​ក្រោយពី​លោក អ៊ុំ ដារ៉ាវុធ បានចេញ​លិខិត​ជា​លក្ខណៈ​ឯកជន​មួយ​កាលពី​ថ្ងៃទី ៧ មេសា ដើម្បី​បង្ហាញ​ពី​ការយល់ឃើញ​របស់ខ្លួន​ចំពោះ​លិខិត​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទូលថ្វាយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី២មេសា។

ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា រដ្ឋសភា​បច្ចុប្បន្ន​ជាស​ភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មិន​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងមូល​ទេ។ មេដឹកនាំ​បក្សប្រឆាំង​ក៏បាន​រម្លឹកថា កាលពី​ឆ្នាំ ២០០៣ សម្តេចឪ នរោត្តម សីហនុ មិន​យាង​ចូល​ធ្វើជា​ព្រះរាជអធិបតី​ក្នុង​កិច្ចប្រជុំសភា​ដំបូង​ទេ​ដោយសារតែ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​មកពី​គ្រប់​គណបក្ស​ចូលរួម។

លិខិត​នេះ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​គណបក្សកាន់អំណាច​បញ្ចេញ​ប្រតិកម្ម​យ៉ាង​កងរំពង​ដោយបាន​ចោទ​លោក​សម រង្ស៊ី​ថា​បាន​ប្រមាថ​ព្រះមហាក្សត្រ។ លោក អ៊ុំ ដារ៉ាវុធ បាន​ចេញមុខ​បកស្រាយ​បញ្ហា​នេះ​ដោយ​បញ្ជាក់ថា ការយល់ឃើញ​របស់លោក សម រង្ស៊ី ថា​រដ្ឋសភា​បច្ចុប្បន្ន​ជាស​ភា​ឯក​បក្ស​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ ប៉ុន្តែ លិខិត​របស់​មេបក្ស​ប្រឆាំង​រូបនេះ​ក៏​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រះរាជ​កិត្តិយស​និង​កិត្តិនាម​របស់​ព្រះមហាក្សត្រ​ដែរ។

ដោយហេតុថា លិខិត​របស់លោក អ៊ុំ ដារ៉ាវុធ មាន​លក្ខណៈ​ឯកជន​និង​គ្មាន​បញ្ជាក់​ពី​តួនាទី បណ្តាញ​ផ្សាយ​ព័ត៌មាន​បាន​ប្រើ​តួនាទី​របស់លោកខុសៗគ្នា។ ទំនងជា​ហេតុផល​នេះហើយ​បានជា​ការិយាល័យ​នាយក​នៃ​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ចេញ​សេចក្តីបញ្ជាក់​នេះ។ យ៉ាងណាក៏ដោយ គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា តើ​លិខិត​របស់លោក អ៊ុំ ដារ៉ាវុធ ជា​ជំហរ​របស់​រាជវាំង​ដែរ​ឬ​យ៉ាងណា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ