អានតួអត្ថបទ
កម្ពុជា

យុទ្ធនាការ​មួយ​រយ​កោដិ​សំឡេង​ដើម្បី​​បញ្ចប់​​អំពើ​​ហិង្សា​​លើ​​ស្ត្រី​​និង​​កុមារី​​បើក​​ធ្វើ​ថ្ងៃ​១៤​កុម្ភៈ​

ថ្ងៃទី14 កុម្ភៈ ឆ្នាំ2014 យុទ្ធនាការ​មួយរយ​កោដិ​សំឡេង​ក្រោម​ប្រធានបទ សេចក្តីស្រលាញ់​និង យុត្តិធម៌។ យុទ្ធនាការ​នេះ​នឹង​រៀបចំឡើង​ដោយមាន​ការ​ជិះ​កង់ ការ​រាំ​ជា​ក្រុម និង ការប្រគុំ​តន្ត្រី នៅ​កោះ​ពេជ្រ។ កម្មវិធី​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​តែមួយ​នៅ​ទូទាំង​ពិភពលោក ដើម្បី​អំពាវនាវ​អោយ​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី ជា​បញ្ហា​ដែល​ទូទាំង​សកលលោក​ទាំងមូល​កំពុង​ជួបប្រទះ។ នេះ​បើតាម លោក ម៉ក់ សុខា លេខាធិការដ្ឋាន​បណ្តាញ​បុរស កម្ពុជា​និង​ជា​សកម្មជន​មួយរយ​កោដិ​សម្លេង។

យុទ្ធនាការមួយរយកោដិសម្លេង នៃ អង្គការយេនឌរ័ និង ការអភិវឌ្ឍន៍ ដើម្បីកម្ពុជា(GADC)
យុទ្ធនាការមួយរយកោដិសម្លេង នៃ អង្គការយេនឌរ័ និង ការអភិវឌ្ឍន៍ ដើម្បីកម្ពុជា(GADC) រូបភាពពីគេហទំពរ័ អង្គការGADC
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជាង២០០ប្រទេស​លើ​ពិភពលោក​នឹង​បើក​យុទ្ធនាការ​មួយរយ​កោដិ​សំឡេង​នៅ​ថ្ងៃទី១៤កុម្ភៈ​ខាងមុខនេះ​ក្នុង​គោលដៅ​បញ្ចប់​អំពើហិង្សា​លើ​កុមារី និង​ស្ត្រី។ យុទ្ធនាការ​នេះ​ត្រូវបាន​បើក​ធ្វើ​ឡើងជា​លើក​ទី២ នៅ​ប្រទេស​កម្ពុ​ជានា​ឆ្នាំ២០១៤នេះ ។ លោក ម៉ក់ សុខា លេខាធិការដ្ឋាន​បណ្តាញ​បុរស​កម្ពុជា​និង​ជា​សកម្មជន​មួយរយ​កោដិ​សំឡេង បានអោយដឹង ថា កម្មវិធីធំៗចំនួន3 នឹងត្រូវ​ប្រព្រឹត្ត​ទៅក្នុង​ថ្ងៃ​តែមួយ។

ដំបូង គឺ​កម្មវិធី​ជិះ​កង់​នឹងត្រូវ​ចាប់​ផ្តើមឡើង​នៅ​ម៉ោង៧ព្រឹក​ដោយ​ចេញដំនើរ​ពី​ទីស្នាក់ការ​អង្គការ​យេន​ឌ​រ័ និង អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ឋិត​នៅ​សង្កាត់​អូឡាំពិក ខណ្ឌចំការមន ឆ្ពោះទៅ​បូជនីយដ្ឋាន​វត្តភ្នំ ទី​ដែល​សកម្មជន​របស់​មួយរយ​កោដិ​សំឡេង​នឹងធ្វើ​សន្និសីទកាសែត​ស្តីអំពី​ការបញ្ចប់​អំពើហិង្សា​លើ​កុមារី​និង​ស្ត្រី។ បន្ទាប់មក ការ​រាំ​ជា​ក្រុម​របស់​ក្រុម​រាំ​មួយរយ​កោដិ​សំឡេង​និង ការប្រគុំ​តន្ត្រី​ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ទូរ​សព្ទ័​មួយ​ក្នុងប្រទេស​កម្ពុជា នឹងត្រូវ​ប្រព្រឹត្តទៅ​នាពេល​ល្ងាច នៅឯ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​សារ​ដល់​ប្រជាជន​ទូទៅ​រួមដៃគ្នា​បញ្ឈប់​អំពើហិង្សា​គ្រប់​រូបភាព​មកលើ​ស្ត្រី និង កុមារី។

លោក ម៉ក់ សុខា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី១១ កុម្ភៈ​នេះ​ថា យោងតាម​ការស្រាវជ្រាវ អំពើហិង្សា ក្នុង​គ្រួសារ បាន​ថយចុះ ។ ប៉ុន្តែ​បញ្ហា​ដែល​ក្រុម​សង្គម​ស៊ីវិល​របស់លោក​កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​នោះ​គឺ ការរំលោភ​ផ្លូវភេទ​លើ​ស្ត្រី ពិសេស​គឺ​កុមារី។ លោក​បន្តថា​អ្វីដែល​គួរអោយ​បារម្ភ​ទៀត​នោះ​គឺ ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ  កាន់តែ​មា​នវ​យ័​ក្មេង ។ ចំពោះ​បញ្ហា​នេះ​មិន​ត្រឹមតែ​កើតឡើង​ក្នុងប្រទេស​កម្ពុជា​នោះទេ នៅ​បណ្តា​ប្រទេស​មួយចំនួនទៀត​លើ​ពិភពលោក​ក៏​ជួបប្រទះ​នឹង​បញ្ហា​ដូចគ្នានេះដែរ។ នេះ​បើតាម​សំដី​សកម្មជន​មួយរយ​កោដិ​សំឡេង​រូបនេះ។

យោងតាម​ស្ថិតិ​របស់​មួយរយ​កោដិ​សំឡេង ស្ត្រី​ម្នាក់​ក្នុងចំណោម​បីនាក់​នៅលើ​ពិភពលោក​នេះ បាននិងកំពុង​រង​នូវ​ការវាយដំ​ឬ​ចាប់រំលោភ។ ដូច្នេះ​ក្នុងចំណោម​ប្រជាជន​ក្នុង​ពិភពលោក​សរុប7ពាន់​លាន​នាក់ មាន​ស្ត្រី​និង​កុមារី​មិនតិចជាង​មួយ​ពាន់​លាន​នាក់​ទេ​ដែល​ទទួលរង​នូវ​អំពើហិង្សា​ឬ​ការរំលោភ​ផ្លូវភេទ។

សូមបញ្ជាក់ថា យុទ្ធនាការ​មួយរយ​កោដិ​សំឡេង​ដែលមាន​គោលដៅ​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី និង កុមារ បាន​មកដល់​ប្រទេស​កម្ពុជា នា​ឆ្នាំ២០១៣ តាមរយៈ​អង្គការ​យេន​ឌ​រ័ និង ការអភិវឌ្ឍន៍ ដើម្បី​កម្ពុជា៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ