អានតួអត្ថបទ

រឿងនយោបាយចាប់កម្រើកឡើងវិញបន្ទាប់ពី​ចប់​ភ្ជុំបិណ្ឌ

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​បិទ​បញ្ចប់​ហើយ​ត្រឹម​ថ្ងៃ​សៅរ៍​នេះ។​ កម្តៅ​នយោបាយ​​ដែល​បាន​​ស្ងប់ស្ងាត់​​ប៉ុន្មាន​ថ្ងៃ​ក៏​ដល់​ពេល​ត្រូវ​បញ្ឆេះ​ឡើង​វិញ​ដែរ។​ នៅ​ថ្ងៃ​អាទិត្យ​ទី ៦​តុលា​​ស្អែក​នេះ​ គណ​បក្ស​សង្គ្រោះជាតិ​នឹង​រៀបចំ​ពិធី​ជួបជុំ​មហាជន​រាប់ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​សម្តែង​មតិ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។​ រាជធានី​ភ្នំពេញ​ដែល​មានសភាព​ស្ងប់ស្ងាត់​ប៉ុន្មាន​ថ្ងៃ​នេះ​ក៏នឹង​ប្រែក្លាយ​ទៅ​ជា​ទីលាន​ជួបជុំ​នយោបាយ​ឡើង​វិញ។

មហាបាតុកម្មគណបក្សសង្គ្រោះជាតិ
មហាបាតុកម្មគណបក្សសង្គ្រោះជាតិ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ភាព​ស្ងប់ស្ងាត់​ក្នុង​រាជធានី​ភ្នំពេញ​មាន​តែ​ត្រឹម​ថ្ងៃ​សៅរ៍​នេះ​ប៉ុណ្ណោះ។​ ចាប់ពី​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​តទៅ ​ភ្នំពេញ​នឹង​ក្លាយ​ទៅ​ជា​ទីលាន​ដ៏មមាញឹក​វិញ​ហើយ។ ​មមាញឹក​ដោយ​សារ​ម្យ៉ាង​អ្នក​ដែល​ចាក​ចេញ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​តាម​បណ្តា​ខេត្ត​បាន​វិលត្រឡប់​មក​វិញ​ដើម្បី​ត្រៀម​បំពេញ​កិច្ចការ​ជា​ធម្មតា​នៅ​ថ្ងៃ​ចន្ទ។

 
ម្យ៉ាងទៀត​ កម្តៅ​នយោបាយ​ក៏បាន​កម្រើក​ឡើង​វិញ​ដែរ។​ គណបក្ស​សង្គ្រោះជាតិ​គ្រោង​រៀបចំ​ពិធី​ជួបជុំ​មហាជន​មួយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី៦​តុលា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ​ពិធី​ជួបជុំ​ដែល​គេហៅ​ថា​ជា​អង្គសមាជ​មហាជន​នេះ​នឹង​មាន​មនុស្ស​ចូល​រួម​រាប់ម៉ឺន​នាក់។​ លោក​ យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​មួយ​ម៉ឺន​នាក់​នឹង​ចូល​រួម​ក្នុង​ពិធី​នោះ​។

សហជីព​២​ដែល​គាំទ្រ​បក្ស​ប្រឆាំង​គឺ​សហជី​ពេសរី​កម្មករ​របស់​លោក ​ជា មុនី ​និង​សហភាព​សហជីព​កម្ពុជា​របស់​លោក​ រ៉ុង ឈុន​ ក៏បាន​ប្រកាស​ចូល​រួម​ក្នុង​ពិធី​ជួបជុំ​នោះ​ដែរ​។ មេដឹកនាំ​សហជីព​ទាំងពីរ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា​ ពួកគេ​បានអំពាវនាវ​រួច​ហើយ​ដល់​អ្នកគាំទ្រ​ឲ្យ​ចូល​រួម​ក្នុង​សមាជ​មហាជន​របស់​បក្សប្រឆាំង​នៅ​ថ្ងៃអាទិត្យ​នេះ។

តាម​គម្រោង​ គណបក្ស​ប្រឆាំង​គ្រោង​កេណ្ឌ​មនុស្ស​ពីរ​ម៉ឺន​នាក់​ឲ្យ​ចូល​រួម ​ប៉ុន្តែ​ សាលា​រាជធានី​​ភ្នំពេញ​បាន​អនុញ្ញាត​ត្រឹម​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ​ពិធី​ជួបជុំ​នេះ​គឺ​ជា​សកម្មភាព​ថ្មី​មួយ​ទៀត​របស់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​គោលដៅ​បង្ហាញ​កម្លាំង​គាំទ្រ​របស់​ខ្លួន​ដែល​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត។ ​គណបក្ស​នេះ​បាន​រៀបចំ​មហាបាតុកម្ម​ពីរ​លើក​រួច​ទៅ​ហើយ ​ប៉ុន្តែ ​ការទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​ឯករាជ​អំពីភាព​មិន​ប្រក្រតី​នានា​ក្នុង​ពេល​បោះឆ្នោត​នោះ​មិន​ទទួល​បាន​លទ្ធផល​ទេ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​បាន​ ៦៨​ កៅអី​ក្នុង​សភា​មិន​បាន​បង្អង់​ចាំ​ការតវ៉ា​របស់​បក្ស​ប្រឆាំង​ឡើយ។ ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ធ្វើ​ឡើង​រួចរាល់​ហើយ ​ចំណែក​រដ្ឋសភា​ដែល​មាន​តែ​គណបក្ស​កាន់អំណាច​មួយ​នោះ​គ្រោង​កោះប្រជុំ​នៅ​ថ្ងៃ​ទី​​១០តុលា​នេះ​ដែរ​ ដើម្បី​រៀបចំ​សមាសភាព​គណៈកម្មការ​ទាំង៩​របស់​ខ្លួន។ ​ប៉ុន្តែ ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ពហិការ​មិន​ចូល​ប្រជុំ​ដដែល។

លោក ​យ៉ែម ប៉ុញ្ញឫទ្ធិ ​អ្នកនាំពាក្យ​ស្ទួន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះជាតិ​នៅតែ​ប្រកាន់​ជំហរ​មិន​ចូល​រួម​កិច្ចប្រជុំ​នេះ​ទេ ​ហើយ​មិន​ខ្វល់ខ្វាយ​នឹង​ការបែងចែក​តួនាទី​ក្នុង​សភា​ឡើយ។ ​គោលដៅ​របស់​គណបក្ស​សង្គ្រោះជាតិ​ពេលនេះ​គឺ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ឲ្យ​បាន​ជាង ​៣លាន​នាក់​ដើម្បី​ធ្វើ​ញត្តិ​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ​ឲ្យ​ជួយ​អន្តរាគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ