អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ជំងឺ​អាត្មា​និ​យម​ក្នុង​សង្គម​ខ្មែរ​កំពុង​បន្សាប​គំនិត​ជាតិ​និយម​ឲ្យ​ចុះ​ខ្សោយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​សង្គម​កម្ពុជា​ប​ច្ចុ​ប្បន្ន មនុស្ស​ហាក់ដូច​ជាមាន​ជំងឺ​អាត្មានិយម​កាន់តែខ្លាំង​ឡើង​ពោលគឺម្នាក់ៗគិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​យកចិត្តទុកដាក់​នឹង​ផលប្រយោជន៍​សាធារណៈ ឬ​ប្រយោជន៍​អ្នកដទៃ​ឡើយ។ ជំងឺ​អាត្មានិយម​គឺជា​ប្រភព​នៃ​គម្លាត​កាន់តែខ្លាំង​ឡើង​រវាង​អ្នកមាន​និង​អ្នកក្រ និង​ធ្វើ​ឲ្យ​សង្គម​កាន់តែ​ចាក​ឆា្ង​យ​ពី​សាមគ្គីភាព និង​ឯកភាព​ជាតិ។ នៅពេលដែល​ជំងឺ​នេះ​កំពុងមាន​ឥទ្ធិពល​ខ្លាំង​វា​បានធ្វើ​ឲ្យ​គំនិត​ជាតិនិយម​ចុះខ្សោយ​រហូត​ស្ទើរតែ​បាត់បង់។ នេះ​ជា​ស្ថានភាព​ដែល​គួរតែ​កែប្រែ។

ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លីដោយក្រុមហ៊ុន
ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លីដោយក្រុមហ៊ុន
ផ្សាយពាណិជ្ជកម្ម

ការគិតគូរ​តែ​ប្រយោជន៍​ខ្លួនឯង ហើយ​មិន​អើពើ​នឹង​ប្រយោជន៍​សាធារណៈ​ឬ​ប្រយោជន៍​អ្នកដទៃ​គឺជា​និន្នាការ​ដែល​កំពុង​កើតឡើង​និង​ហាក់ដូចជា​កំពុងមាន​ឥទ្ធិពល​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន។ អ្នកមាន​លុយ និង​មានអំណាច​ខ្លះ​គិតតែ​ពី​បង្កើន​ទ្រព្យសម្បត្តិ​របស់ខ្លួន​តា​ម​ដែល​អាចធ្វើ​បាន​ដោយ​មិន​ខ្វល់ខ្វាយ​ពី​អ្នកតូចតាច និង​អ្នកក្រខ្សត់។

នៅក្នុង​វិស័យ​សាធារណៈ អ្នក​ដែលមាន​លទ្ធភាព​អាច​រកប្រាក់​បានគិត​តែ​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​រវីរវល់​ដល់​សេដ្ឋកិច្ចជាតិ​ឬ​ជីវភាព​អ្នកធ្វើការ​នៅក្រោម​បង្គាប់។ អ្នក​ប្រកប​វិជ្ជាជីវៈ​មួយចំនួន​សម្លឹង​ឃើញ​ប្រាក់​ជាធំ ហើយ​សុខចិត្ត​បំភ្លេច​ក្រមសីលធម៌ និង​អំពើ​មនុស្សធម៌។ អ្នកមាន​លុយ​គិតតែ​បង្កើន​ឱកាស​ប្រមូលប្រាក់​តាម​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​បាន​ដោយ​មិនសូវ​គិតគូរ​ពី​ជីវភាព​របស់​បុគ្គលិក​កម្មករ​ឬ​ផលប៉ះពាល់​នៃ​អាជីវកម្ម​របស់ខ្លួន​ទៅលើ​សង្គម និង​ទៅលើ​អ្នក​អ្នកដទៃ​ឡើយ។

អ្នកជួញដូរ​គិតតែ​ពី​ផលចំណេញ​ទោះបីជា​ត្រូវ​ប្រើ​ថ្នាំ​គីមី​ក្នុង​ចំណីអាហារ បន្លែ ផ្លែឈើ ធ្វើ​ឲ្យ​អ្នកដទៃ​គ្រោះថ្នាក់​ក៏​មិន​ខ្វាយខ្វល់​ដែរ។ ម្យ៉ាងទៀត មនុស្ស​ជាច្រើន​ហាក់​មិនសូវ​នឹកនា​ដល់​ផលប្រយោជន៍​សាធារណៈ ឬ​ផលប្រយោជន៍​ជាតិ​ឲ្យ​ដូចជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ។ ឲ្យ​តែ​បាន​ប្រាក់​ចូល​ហោប៉ៅ គេ​មិនសូវ​គិតពី​សីលធម៌​ឡើយ។ ឥរិយាបថ​បែបនេះ​ត្រូវគេ​កត់សម្គាល់​ឃើញថា កំពុង​កើត​នៅលើ​មនុស្ស​ខ្មែរ​កាន់តែ​ច្រើនឡើង។

ក្រឡេក​មើលទៅ​ទីសាធារណៈ​វិញ សំរាម ឬ​កាកសំណល់ផ្សេងៗត្រូវគេ​បោះចោល​ពាសវាល​ពាសកាល​ពី​ព្រោះតែ​ទីនោះ​មិនមែនជា​ផ្ទះសម្បែង​របស់ខ្លួន។ កៅអី អំពូល​ភ្លើង​នៅតាម​សួនច្បារ​ឬ​តាម​ដងផ្លូវ​សាធារណៈ​ច្រើនតែ​បែកបាក់​ឬ​បាត់បង់​ព្រោះតែ​គ្មាន​ការថែទាំ​និង​ការពារ។ ទាំងនេះ​ជា​ឧទាហរណ៍​ជាក់ស្តែងខ្លះៗក្នុងចំណោម​បញ្ហា​រាប់រយ​ជំពូក​ដែល​កំពុង​ចាក់ស្រេះ​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន។

ជាការ​ពិតណាស់ សង្គម​មួយ​អាច​ស្គាល់​ការរីកចម្រើន និង​ស្គាល់​ភាព​ស៊ី​វិ​ល័យ​ទៅបាន ទាល់តែ​មនុស្ស​នៅក្នុង​សង្គម​នោះ​មានគំនិត​ជាតិនិយម និង​ចេះ​តម្កល់​ផលប្រយោជន៍​សាធារណៈ​ជាធំ ឬ​យ៉ាងហោចណាស់​ក៏ត្រូវ​ចាត់ទុក​ទ្រព្យសម្បត្តិ​សាធារណៈ​ឬក៏​ទ្រព្យសម្បត្តិ​អ្នកដទៃ​ឲ្យ​ដូចជា​របស់​ខ្លួនឯង​អ៊ីចឹង​ដែរ។ មិន​ត្រឹមតែ​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ មនុស្ស​ក្នុងសង្គម​គួរតែ​ចេះ​គិតគូរ​ដល់​សុខទុក្ខ​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ច្រើន​ផងដែរ​ពោលគឺ​មនុស្ស​ត្រូវ​ចែករម្លែក​គ្នា​រស់​ជាជាង​រស់​ដោយ​គិតតែ​ខ្លួនឯង។

គំនិត​ជាតិនិយម​មានន័យថា ការចេះ​ចែករម្លែក​ទុក្ខលំបាក​របស់​ជនរួមជាតិ​ដែលមាន​ឈាមជ័រ​ជា​ដូច​ខ្លួន​ដែរ។ អារម្មណ៍​បែបនេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ខ្មែរ​គ្រប់គ្នា ជាពិសេស​វារឹតតែ​សំខាន់​ថែមទៀត​សម្រាប់​អ្នកនយោបាយ និង​អ្នកដឹកនាំ​ប្រទេស។ ក៏ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ និន្នាការ​សង្គម​កម្ពុជា​បច្ចុប្បន្ន​ហាក់ដូចជា​កំពុង​ដើរ​បញ្ច្រាសទិស​នេះ​ទៅវិញ។

មនុស្ស​កាន់តែច្រើនឡើងៗហាក់ដូច​កំពុង​ឆ្លង​ជំងឺ​អាត្មានិយម​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ អ្នកមាន​ខ្លះ​គិតតែ​ពី​ចង់​មាន​បន្ថែមទៀត​ទោះជា​មធ្យោបាយ​ដើម្បី​មាន​នោះ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​ប៉ះពាល់​ដល់​អ្នកក្រីក្រ​យ៉ាងណាក៏ដោយ។ អំពើពុករលួយ ជម្លោះដីធ្លី ប្រាក់កម្រៃ​តិចតួច​របស់​បុគ្គលិក​ក​ម្មករ ឬ​ការកេងបន្លំ​ថវិការដ្ឋ​តាមរបៀប​ត្រីងៀត​ឆ្លៀត​ពង។ល។ សុទ្ធសឹង​ជា​លទ្ធផល​នៃ​គំនិត​អាត្មានិយម ដែល​ធ្វើ​ឲ្យ​ប្រទេស​មិន​ងាយ​អភិវឌ្ឍន៍​ទៅមុខ​បានឡើយ ហើយ​វា​ក៏​ជា​ប្រភព​នៃ​គម្លាត​កាន់តែ​ឆ្ងាយ​រវាង​អ្នកមាន និង​អ្នកក្រ។

ដូច្នេះ ពលរដ្ឋ​ខ្មែរ​គួរតែ​នាំគ្នា​ព្យាបាល​ជំងឺ​នេះ​ចេញ ហើយ​បែរមក​បណ្តុះ​គំនិត​ជាតិនិយម​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន។ ការគោរព​ផលប្រយោជន៍​រួម និង​ប្រយោជន៍​អ្នកដទៃ​គឺជា​វប្បធម៌​ដែល​ត្រូវ​បណ្តុះ​ជាបឋម។ ក្នុងន័យនេះ រដ្ឋ​ត្រូវ​គិតគូរ​ដល់​ជីវភាព​មន្ត្រីរាជការ​ឲ្យ​បាន​សមរម្យ ថៅកែ​ឬ​និយោជក់​ក៏​គួរតែ​ចែករម្លែក​ភាគ​ផល​ដល់​បុគ្គលិក​កម្មករ​របស់ខ្លួន​ឲ្យ​បាន​សមស្រប​ដែរ។ ទន្ទឹមនឹងនោះ គ្រប់​គួរតែ​ចេះ​ការពារ​ផលប្រយោជន៍​សាធារណៈ និង​ប្រយោជន៍​ឯកជន​របស់​អ្នកដទៃ​ឲ្យ​បានល្អ​ឲ្យ​ដូចជា​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដែរ។

ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​កំពុង​ត្រូវការ​អភិវឌ្ឍន៍ និង​ក្នុង​កាលៈទេសៈ​ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បន្ត​រស់នៅក្នុង​ភាពក្រីក្រ​តោកយ៉ាក​យ៉ាងខ្លាំង​នៅឡើយ វប្បធម៌​ចែករម្លែក​ពិតជា​មានតម្លៃ​ណាស់។ ប៉ុន្តែ វប្បធម៌​នេះ​អាចមាន​តម្លៃ​ទាល់តែ​គ្រប់គ្នា​យកឈ្នះ​ជំងឺ​អាត្មានិយម​ឲ្យ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ