អានតួអត្ថបទ
កម្ពុជា

ពិធីបួងសួង​ដើម្បី​សន្តិភាព​ក្រោយ​ការ​បោះឆ្នោត​នឹង​​​ប្រារព្ធធ្វើ​នៅ​វត្តភ្នំ​នៅ​រសៀល​នេះ

ពិធី​បួងសួង​មួយ​ត្រូវ​គេ​គ្រោង​បើក​ធ្វើ​នា​រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ឯរមណីយដ្ឋាន​វត្ត​ភ្នំ​ដើម្បី​សុំ​ឲ្យ​មាន​សន្តិភាព​នៅ​ក្រោយ​ការ​បោះឆ្នោត។ ពិធីបួងសួង​នេះ​ត្រូវ​បាន​រៀបចំឡើង​បន្ទាប់​ពី​ពួក​គេ បាន​សង្កេត​ឃើញ​មាន​ការ​ចល័ត​កងទ័ព ពី​បណ្តា​ខេត្ត​ចូល​មករាជធានី​ភ្នំពេញ ខណៈ​ដែល​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។

ព្រះសង្ឃពុទ្ធសាសនាខ្មែរ (រូបភាពឯកសារ)
ព្រះសង្ឃពុទ្ធសាសនាខ្មែរ (រូបភាពឯកសារ) Reuters
ផ្សាយពាណិជ្ជកម្ម

ពិធីបួងសួង​តាម​បែប​សាសនា​មួយ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​រសៀលម៉ោង ៤ ថ្ងៃពុធនេះ​នៅ​ឯទី​រមណីយដ្ឋាន​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ។ ពិធី​នោះ​នឹង​មាន​ការ​ចូល​រួម​ពីសំណាក់​ព្រះសង្ឃ ដូនជី តាជី និង​ប្រជាពលរដ្ឋ​សាមញ្ញ​ជា​ច្រើន​ទៀត។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​​មួយ​​ដែល​​ចេញ​ផ្សាយ​នៅថ្ងៃនេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់​ថា ពិធីបួងសួង​នេះ​ត្រូវបាន​រៀបចំ​ឡើង​បន្ទាប់ពី​ពួកគេ​សង្កេតឃើញ​មាន​ការ​ចល័ត​កងទ័ព​ពី​បណ្តាខេត្ត​មួយចំនួន​ចូលមក​រាជធានី​ភ្នំពេញ​ក្នុង​ពេល​​មាន​​ការ​​ជាប់គាំង​នយោបាយ​ដោះស្រាយ​មិនចេញ​នៅក្រោយ​ការបោះឆ្នោត។ បញ្ហា​នេះ​​បាន​​នាំ​ឲ្យ​​មាន​​ការ​​ព្រួយបារម្ភ​ថា អាច​នឹងមាន​អំពើហិង្សា​កើតឡើង។

សេចក្តីប្រកាសព័ត៌មានក៏បានអំពាវនាវឲ្យព្រះសង្ឃ ដូនជី តាជី និងប្រជាពលរដ្ឋចូល​រួម​ដោយ​មិន​ប្រកាន់​សាសនា។ លោក វ៉ន ពៅ ដែលគេស្គាល់ថា ជា​ប្រធាន​សមាគម​អ្នក​ប្រកប​របបរ​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័ និង​ជាអ្នករៀបចំពិធីនោះ បានប្រាប់ឲ្យដឹងថា មនុស្សប្រមាណជា ៣០០ នាក់នឹង​ចូលរួម ក្នុង​ពិធីបួង​សួង​នោះ។ បើ​តាម​ លោក វ៉ន ពៅ ពិធី​នេះ​មាន​គោលដៅ​ផ្ញើសារ​ដល់​អ្នក​នយោបាយ​ឲ្យ​ពិចារណា​ឡើង​វិញ​ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ក្រោយ​បោះឆ្នោត​ដោយ​សន្តិវិធី​។

ភាពមិនប្រក្រតីគួរត្រូវបានដោះស្រាយ​ដោយយុត្តិធម៌ រីឯការចល័តទ័ព​ដែល​នាំ​ដល់​ការ​ភ័យខ្លាច​​របស់​ប្រជាពលរដ្ឋក៏គួរតែត្រូវបញ្ឈប់។ ពិធីបួងសួង​ត្រូវ​បានជ្រើស​ឡើង​ពី​ព្រោះតែ​អ្នករៀប​ចំ​កម្មវិធី​នេះ​យល់​ឃើញ​ថា នឹងគ្មាន​មធ្យោបាយ​ណា​ផ្សេង​ដើម្បី​ប្រើប្រាស់​ទៀត​ឡើយ។ រីឯ​បាតុកម្មក៏មិនមែន​ជា ដំណោះស្រាយ ​បញ្ចៀស​អំពើ​ហិង្សា​បានដែរ។ ស្រប​ពេល​ជា​​មួយ​​គ្នា​នេះ​ដែរ ក្រុមហ៊ុន​​​ទីភ្នាក់ងារ​ ទេសចរណ៍ និង​​សហជីពរោងចក្រ​កាត់ដេរ ក៏​បាន​អំពាវ​នាវ ​ឲ្យ​​អ្នក​នយោបាយ​​ដោះស្រាយ​​បញ្ហា​​ដោយ​​សន្តិវិធី និង​​ឲ្យ​​ប្រជាពលរដ្ឋ​​ស្ងាប់ស្ងាត់​ផង​ដែរ។
 

ពិធីបួងសួងសុំសន្តិភាព ក៏ដូចជាការអំពាវនាវឲ្យមានភាព​ស្ងប់ស្ងៀមទាំង​នេះ​បាន​កើត​ឡើង​ខណៈ​ដែល​នយោបាយប្រទេសកម្ពុជាកំពុងឡើងកម្តៅ។ គណបក្សប្រឆាំងដែល​មិន​សុខចិត្ត​នឹង​​លទ្ធផល​បោះឆ្នោត​គ្រោង​ដឹក​នាំ​មហាបាតុកម្ម​ប្រសិន​បើ​បញ្ហា​មិន​ប្រក្រតី​នានា​មិន​ត្រូវ​បាន​ដោះស្រាយ​ទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ