កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 24 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 24 កុម្ភៈ 2012

តុលាការ​យោធា​ផ្តន្ទាទោស​អតីត​មេបញ្ជាការ​កង​អង្គរក្ស​លោក ជា ស៊ីម​ ដាក់​ពន្ធនាគារ​២៦ឆ្នាំ​

លោក ឈឿន ចាន់ថន ​អតីត​​មេបញ្ជាការ​​កង​​អង្គរក្ស​​របស់​​លោក ជា ស៊ីម​ ​ប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​
លោក ឈឿន ចាន់ថន ​អតីត​​មេបញ្ជាការ​​កង​​អង្គរក្ស​​របស់​​លោក ជា ស៊ីម​ ​ប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​
RFI/Siv Channa

ដោយ លី ម៉េងហួរ

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក ឈឿន ចាន់ថន ​ហៅ ម៉ៅ ​អតីត​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធានព្រឹទ្ធសភា ​ត្រូវបាន​តុលាការ​យោធា​ ប្រកាស​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ​២៦ ឆ្នាំ​ពិន័យ​ប្រាក់​ជិត ៤ លាន​ដុល្លារ​អាមេរិក ​ព្រមទាំង​រឹបអូស​ទ្រព្យសម្បត្តិ​ជាច្រើន​ផ្សេងទៀត​។​ ការផ្តន្ទាទោស​ដូច្នេះ ត្រូវបាន​ចៅក្រម​តុលាការយោធា​ សំអាង​លើ​បទចោទ​ប្រកាន់​ ៥ ករណី​ រួមមាន ​បទ​រំលោភ​លើ​ទុកចិត្ត​ បំផ្លិច​បំផ្លាញ​ដោយ​ចេតនា​ កេង​បំបាត់​ដោយ​ទុច្ចរិត​លក់ដូរ​ និង​ចែកចាយ​អាវុធ ជាដើម​។​ កាលពី​ថ្ងៃ​ទី​១៦​កុម្ភៈ​ អតីត​ឧត្តមសេនីយ៍​ផ្កាយ​បី ​លោក ឈឿន ចាន់ថន​ ក៏​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ១០ ឆ្នាំ​ ក្នុង​បទចោទប្រកាន់ ៤ ករណី​ផ្សេង​ទៀត​។​

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ
 

24/02/2012 by លី ម៉េងហួរ

ការផ្តន្ទាទោស​អតីត​មេ​អង្គរក្ស​លោក​ជា​ស៊ីម ​នៅ​ថ្ងៃ​សុក្រ​នេះ​ ប្រកាស​ដោយ​លោក ប៉ោក ប៉ន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការយោធា​ នៅ​ចំពោះមុខ​ជនជាប់​ចោទ ​លោក ឈឿន ចាន់ថន​ និង​មេធាវី​ការពារ​ក្តី​។ ​ប៉ុន្តែ​ពុំ​មាន​វត្តមាន​ដើម​បណ្តឹង ​និង​មេធាវី ណាច ទ្រី​ តំណាង​អោយ​ដើមបណ្តឹង​ទេ​។​ តុលាការយោធា បាន​បើក​សវនាការ​កាត់ទោស​ លោក ឈឿន ចាន់ថន​ កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១២​។

 
ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ លោក ប៉ោក ប៉ន បាន​សម្រេច​ផ្តន្ទាទោស​លោក ឈឿន ចាន់ថន ​ដាក់​ពន្ធនាគារ​កំណត់ ២៦ ឆ្នាំ ​គិតពី​ថ្ងៃ​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា​ ឆ្នាំ​២០១១ លើ​បទ​ចោទប្រកាន់ ៥ ករណី រួមមាន ​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ បំផ្លិច​បំផ្លាញ​ដោយ​ចេតនា ​និង​កេង​បំបាត់​ដោយ​ទុច្ចរិត​ លក់ដូរ​ចែកចាយ​អាវុធ​ បំផ្លិច​បំផ្លាញ​នូវ​សម្ភារៈ​យោធា​សម្រាប់​បំរើ​ការប្រយុទ្ធ និង​ខ្វះ​ស្មារតី​ទទួល​ខុសត្រូវ​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គភាព​។ ​បទល្មើស​ទាំងនោះ ប្រព្រឹត្ត​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ឆ្នាំ​២០០៧​។​
 
លោក​ចៅក្រម ​ក៏​បាន​បង្គាប់​អោយ​អតីត​មេ​អង្គរក្ស​លោក​ជាស៊ីម សង​ប្រាក់​ទៅ​លោក យឹម​លាង​ មេ​អង្គរក្ស​ថ្មី​របស់​លោក​ជា​ស៊ីម និង​ជា​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី ​ចំនួន ២ លាន​ដុលា្លរ ព្រម​ទាំង​សង​ប្រាក់​ទៅ​លោក មាស គឹម​ហេង ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់ទៀត ចំនួន ៧៤៩.៨៣៦ ដុល្លារ​។ ​ចៅក្រម​ក៏​បង្គាប់​ឲ្យ​លោក ឈឿន ចាន់ថន​ សង​ប្រាក់​ចំនួន ​៨៩៧.៧៥០ ដុ​លា្ល​រ​អាមេរិក ទៅអោយ​ឈ្មោះ ង៉ែត ណារិន​ ជាដើម​បណ្តឹង​រដ្ឋប្បវេណី ​តំណាងឲ្យ​ក្រសួង​ការពារជាតិ។
 
ចៅក្រម​តុលាការ​យោធា​ក៏​បាន​ប្រកាស​ថា បើសិន​ជា​លោក ឈឿន ចាន់ថន ​ពុំ​មាន​ប្រាក់ ឬ​ក៏​ពុំ​ព្រម​សង​ប្រាក់​សរុប​ជិត ៤ លាន​ដុល្លារ​ខាងលើ​នេះ​ទេ ​តុលាការ​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក ឈឿន ចាន់ថន ហៅ ម៉ៅ​។ ​ក្នុងនោះ មាន​ដី​នៅ​ព្រែក​ឯង ​ក្នុង​ស្រុក​កៀនស្វាយ​។ ​ចំណែក​ដី​បី​កន្លែង​ទៀត​ ជា​អតីត​ឃ្លាំង​ប្រេង​កន្ទោក ស្រុក​អង្គស្នួល និង​ដី​អតីត​ទីតាំង​ទីលាន​បាញ់​ស៊ីប​ នៅ​កំបូល ខេត្ត​កណ្តាល ព្រមទាំង​បន្ទាយ​អង្គរក្ស ​នៅ​ក្រោយ​វត្ត​បទុម ក្រុងភ្នំពេញ ​ត្រូវ​រឹបអូស ប្រគល់អោយ​ក្រសួង​ការពារជាតិ ​និង​ប្រគល់​ឲ្យ​អង្គភាព​អង្គ​រ​ក្ស​លោក ជា ស៊ីម​។
 
ចៅក្រម​ក៏​បាន​បង្គាប់​អោយលោក ឈឿន ចាន់ថន ​ហៅ​ម៉ៅ បង់​ប្រាក់​ពិន័យ​ចូល​ថវិកា​រដ្ឋ​ចំនួន ១០ លាន​រៀល ស្មើ​ប្រមាណ ២.៥០០ ដុល្លារ​ផ្សេងទៀត​។ ​បន្ទាប់ពី​ស្តាប់​សាលក្រម​ផ្តន្ទាទោស​ដូច្នេះ លោក ឈឿន ចាន់ថន​ និង​មេធាវី​បាន​ប្រកាស​ប្តឹង​ឧទ្ធរណ៍ ​ប្រឆាំង​នឹង​ការសម្រេច​របស់​តុលាការយោធា​។
 
កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ឆ្នាំ​២០១២​ លោក ឈឿន ចាន់ថន ​ត្រូវបាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥ លាន​រៀល​ ក្នុង​បទ​ចោទ ៤ ករណី គឺ​កាន់កាប់​អាវុធ​ និង​គ្រាប់ ​ដោយ​គ្មាន​ការអនុញ្ញាត ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យប្រើ​ប្រាស់​អាវុធ​ និង​គ្រាប់​ដល់​បុគ្គល​ដែល​មិនមែន​ជា​សមត្ថកិច្ច​ ក្លែង​លិខិត​សាធារណៈ និង​ប្រើប្រាស់​លិខិត​ក្លែង​សាធារណៈ​។ ​អតីត​ឧត្តមសេនីយ៍ឯក លោក ឈឿន ចាន់ថន​ អតីត​មេបញ្ជាការ​កង​អង្គរក្ស​លោក​ជាស៊ីម​ និង​មេធាវី​របស់​លោក ​ក៏​បាន​ប្រកាស​ប្តឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ​ផងដែរ៕

 

tags: កម្ពុជា - តុលាការ - អំពើពុករលួយ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close