កម្មកររោងចក្រកាត់ដេរវាយនភ័ណ្ឌខេត្តកំពង់ចាមផ្ទុះហិង្សានិងបិទផ្លូវ

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កូដកម្មតវ៉ារបស់ក្រុមកម្មករក្រុមហ៊ុនវាយនភ័ណ្ឌ មេនហាតធេន នៅខេត្តកំពង់ចាម បានឈានដល់ការលើកបដា ឈរបិទផ្លូវជាតិលេខ ៧ និងប្រើអំពើហិង្សា គប់ដុំថ្មវាយបំបែកកញ្ចក់បង្អួចទ្វាររបស់រោងចក្រកាត់ដេរ។ ក៏ប៉ុន្តែមិនមានវាយប៉ះទង្គិចរវាងប៉ូលិស និងកម្មករឡើយ។ នៅរសៀលនេះ សហជីពកម្មកររបស់លោកជាមុនីបានជួបចរចាជាមួយមន្ត្រីក្រសួងការងារ និងអាជ្ញាធរខេត្តកំពង់ចាម ដោយមិនមានវត្តមានរបស់ថៅកែរោងចក្រកាត់ដេរ។ ថៅកែរោងចក្រ បានព្រមព្រៀង ៨ ចំណុចក្នុងចំណោម ១២ ចំណុច។ ក្រុមកម្មករប្រមាណ ២.០០០ នាក់ នឹងចូលធ្វើការជាធម្មតាឡើងវិញ នៅថ្ងៃច័ន្ទខាងមុខ បន្ទាប់ពីធ្វើកូដកម្ម ចាប់តាំងពីថ្ងៃទី២០កុម្ភៈ។
ក្រុមកម្មករបានផ្ទុះហិង្សា លើកបដាតវ៉ា ឈរបិទផ្លូវជាតិលេខ៧ នៅមុខរោងចក្រកាត់ដេរ វាយនភ័ណ្ឌ មេនហាតធេន ក្នុងខេត្តកំពង់ចាម នៅព្រឹកមិញ។ ក្រុមកម្មករប្រមាណ ២០០០ នាក់ ក៏បានគប់ដុំថ្ម និងចូលវាយកម្ទេចកញ្ចក់ទ្វារបង្អួច ក្នុងរោងចក្រកាត់ដេរ បន្ទាប់ពីមានកម្លាំងប៉ូលិសទាហាន និងអាជ្ញាធរ ចូលរារាំង។ ប៉ុន្តែតំណាងកម្មករអះអាងថា មិនមានអំពើហិង្សា កើតឡើង រវាងប៉ូលិសសមត្ថកិច្ចចម្រុះ និងក្រុមកម្មករឡើយ។
ក្រុមកម្មករលើកបដាតវ៉ា នៅមុខក្រុមហ៊ុនកាត់ដេរ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីទាមទារដំណោះស្រាយ ១២ ចំណុច។ ការទាមទាររបស់កម្មករ ត្រូវបានលើកមកចរចា នៅរសៀលនេះ ដោយមានលោក ជាមុនី ប្រធានសហជីពសេរីកម្មករ តំណាងកម្មករ តំណាងក្រសួងការងារ និងអាជ្ញាធរដែន។ ក៏ប៉ុន្តែថៅកែរោងចក្រកាត់ដេរ មិនបានចូលរួមក្នុងកិច្ចចរចាទេ។
យ៉ាងណាក៏ដោយ លោក ជាមុនី បានឲ្យដឹងថា ថៅកែរោងចក្រ បានផ្ញើសារ SMS ចូលទូរស័ព្ទដៃរបស់លោក ដោយសម្រេចយល់ព្រមទទួលយក ៨ ចំណុច។ ចំណែកកម្មករ បានបំបែកគ្នាទៅផ្ទះ រង់ចាំដល់ថ្ងៃច័ន្ទ ទើបកម្មករ ចូលធ្វើការឡើងវិញ។
ជាការកត់សម្គាល់ ក្នុងសប្តាហ៍នេះ កូដកម្មតាមរោងចក្រកាត់ដេរ និងផលិតស្បែកជើង កើតមានច្រើន ជាពិសេសនៅភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកស្វាយរៀង។ នៅស្វាយរៀង ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្នុងទីក្រុងបាវិត ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កូដកម្មរបស់កម្មករកាត់ដេរ ត្រូវបានបង្ក្រាប នាំឲ្យស្ត្រីកម្មករ ៣ នាក់ របួសធ្ងន់ ដោយសារតែគ្រាប់កាំភ្លើង។ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ជនដៃដល់ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ទោះបីជាប៉ូលិសអះអាងថា ស្គាល់អត្តសញ្ញាណជនដៃដល់ហើយក៏ដោយ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati







អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ