សមាជិកគណបក្សសមរង្ស៊ីខេត្តកំពង់ចាម១៧នាក់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

យ៉ាងហោចណាស់មានថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ថ្នាក់ខេត្ត ស្រុក និងនៅថ្នាក់ឃុំ ចំនួន ១៧ នាក់ បានផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង ទៅចូលរួមនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកំពង់ចាម។ ពិធីបង្ហាញមុខសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃពុធនេះ ដោយមានវត្តមានរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តកំពង់ចាម រួមជាមួយលោក ហ៊ុន ម៉ានិត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សមាជិកគណបក្សសមរង្ស៊ី នៅថ្នាក់ខេត្ត ស្រុក ងថ្នាក់ដឹកនាំឃុំ ក្នុងខេត្តកំពង់ចាម ចំនួន ១៧ នាក់បានចាកចេញពីគណបក្សសមរង្ស៊ី ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ចាម កាលពីព្រឹកមិញ។
មូលហេតុ ដែលសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងថ្នាក់ឃុំរបស់គណបក្សសមរង្ស៊ី សម្រេចមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដោយហេតុតែគណបក្សសមរង្ស៊ី មិនមានគោលនយោបាយច្បាស់លាស់។ គណបក្សសមរង្ស៊ីបានប្រឆាំងផ្កាប់មុខនិងប្រឆាំងដើម្បីតែបង្អាក់ការផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាប៉ុណ្ណោះ។ នេះបើតាមលោក លី សុផាត អតីតសមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារស្រុកកោះសូទិន ខេត្តកំពង់ចាម របស់គណបក្សសមរង្ស៊ី។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តកំពង់ចាម រួមជាមួយលោក ហ៊ុន ម៉ានិត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្វាគមន៍ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីទាំង ១៧ រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅទីរួមខេត្តកំពង់ចាមនៅព្រឹកមិញ។
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២ អតីតសមាជិកគណបក្សសិទ្ធិមនុស្ស ១០ នាក់ នៅខេត្តកំពង់ចាម ដឹកនាំដោយលោក វ៉ាន់ ស៊ីវឿន អតីតសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី នៅអាណត្តិទី២ បានចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ចាម។ សកម្មជនគណបក្សសមរង្ស៊ីទាំង ១០ រូបនោះ ទើបតែបានចាកចេញពីគណបក្សសមរង្ស៊ី ទៅចូលរួមនយោបាយជាមួយគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១។
យ៉ាងណាក៏ដោយ លោក គួយ ប៊ុនរឿន ប្រធានគណបក្សសមរង្ស៊ី ខេត្តកំពង់ចាម មិនបានភ្ញាក់ផ្អើលនឹងការចាកចេញរបស់សមាជិកគណបក្សសមរង្ស៊ី នៅខេត្តកំពង់ចាមនោះទេ ដោយលោកចាត់ទុកថា ជារឿងដដែលៗ ព្រោះអ្នកទាំងនោះ ជាអ្នកបម្រើឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីបំផ្លាញគណបក្សសមរង្ស៊ីជាយូរមកហើយ។ ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី លើកឡើងថានៅមុនបោះឆ្នោតម្ដងៗ គណបក្សកាន់អំណាចតែងតែប្រើប្រាស់លុយនិងតំណែងដើម្បីអូសទាញសមាជិកគណបក្សសមរង្ស៊ី៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ (2)
ខ្មែរស្រឡាញ់ខ្មែរឬក៏ខ្មែរសម្ល
ខ្មែរស្រឡាញ់ខ្មែរឬក៏ខ្មែរសម្លាប់ខ្មែរ? សព្វថ្ងៃនេះនរណាប្លន់ដីរាស្ត្រខ្មែរ?នរណាចាប់ខ្មែរដាក់គុក?នរណាសម្លាប់ខ្មែរ?
សមមុខ!!!
គេខំបម្រើជាតិ...ឯងធ្វើដើម្បីប្រយោជន៍ខ្លួន!!!
គេខំវាយខ្មាំង...ឯងគិតតែបង្កើនខ្មាំង..!!!
ឯមេបក្សវិញ...សំដីពោរពេញដោយហិង្សា...
មួយចំនួនទៀតនិយាយខ្មែរមិនទាំងច្បាស់ផង...តើមានចិត្តឯណាជួយខ្មែរ..ស្រលាញ់ខ្មែរដូចម្តេចទៅ...?..អត្តទត្ថបុគ្គលទើបត្រូវ..គ្រាន់តែឈ្មោះបក្ស ក៏ជាអសាធារណនាមទៅហើយ...មិនមែនឧទ្ទិសឲ្យសាធារណជនទេ!!!
កូនខ្មែរ..រៀននៅខ្មែរ..រស់នៅខ្មែរ..ទើបយល់ខ្មែរច្បាស់!!!
អ្នកក្រៅធ្វើម៉េចនឹងយល់ចិត្ត...អាណិតនិងស្រលាញ់យើងដូចអ្នកជិតខាង...អ្នកជិតខាងធ្វើម៉េចនឹងយល់ចិត្ត...អាណិតនិងស្រលាញ់យើងដូចបងប្អូនបង្កើត..
មានតែបងប្អូនសាច់ឈាមតែមួយទេ...ទើបជាមនុស្សពិតសម្រាប់យើង!!!
ដូចសុភាសិតចិនថា...មិនមានសេចក្តីស្រលាញ់អ្វីស្មើនឹងបងប្អូន...បុគ្គលណាមិនមានបងប្អូនគឺរស់នៅបានយ៉ាងលំបាក(មានន័យថាបរាជ័យច្រើនជាងជោគជ័យ)៕៕៕
ពីអ្នកអានរបស់ RFI ខ្មែរ
ប្រតិកម្មជុំវិញអត្ថបទនេះ