កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 09 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 15 កុម្ភៈ 2012

ពលរដ្ឋ​អមលាំង​លើកគ្នា​តវ៉ា​រឿងដីធ្លី​នៅមុខ​តុលាការ​ខេត្តកំពង់ស្ពឺ​

ប្រជាពលរដ្ឋ​ប្រមាណ​៣០០នាក់​នៅឃុំ​អមលាំង​ខេត្តកំពង់ស្ពឺ​បានមកឡោមព័ទ្ធ​តុលាការ​ខេត្តកំពង់ស្ពឺ ​
ប្រជាពលរដ្ឋ​ប្រមាណ​៣០០នាក់​នៅឃុំ​អមលាំង​ខេត្តកំពង់ស្ពឺ​បានមកឡោមព័ទ្ធ​តុលាការ​ខេត្តកំពង់ស្ពឺ ​
© លី​ ម៉េងហួរ

ដោយ លី ម៉េងហួរ

ប្រជាពលរដ្ឋ​ប្រមាណ ៣០០ នាក់ ​នៅ​ឃុំ​អម​លាំង ​ខេត្ត​កំពង់ស្ពឺ ​បាន​លើកគ្នា​មក​ឡោមព័ទ្ធ​តុលាការ​ខេត្ត​កំពង់ស្ពឺ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ អ្នកភូមិ​អម​លាំ​ង ដែល​មាន​ជម្លោះ​ដីធ្លី ​ជាមួយ​ក្រុមហ៊ុន​ស្ករស​កំពង់ស្ពឺ របស់​លោក​ឧកញ៉ា លី យុង​ផាត់​ បាន​ទាមទារ​ឲ្យ​តុលាការ ​ដោះលែង​ស្ត្រី​អ្នក​ភូមិ​ម្នាក់ ​ដែល​តុលាការ​ចោទ​ប្រកាន់ ​និង​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​។​ នៅ​ព្រឹក​មិញ​ ខណៈ​ដែល​អ្នក​ភូមិ​ប្រមូលផ្តុំ ​លើក​បដា ​និង​រូបថត​នាយករដ្ឋមន្ត្រី​ ឈរ​ឡោមព័ទ្ធ​តុលាការ​ ក៏​មាន​កម្លាំង​ប្រដាប់​អាវុធ​រាប់សិប​នាក់​ បាន​ដេញ​ពលរដ្ឋ​អ្នក​តវ៉ា ​និង​រំដោះ​មន្ត្រី​តុលាការ​ខេត្ត​កំពង់ស្ពឺ​។ ក៏ប៉ុន្តែ​មិន​មាន​ការប៉ះ​ទង្គិច​ដោយ​ហិង្សា​កើតឡើង​ទេ​។

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ
 

09/02/2012 by លី ម៉េងហួរ

ប្រជាពលរដ្ឋ​ឃុំ​អម​លាំង ​ស្រុក​ថ្ពង ​ខេត្ត​កំពង់ស្ពឺ​ ប្រមាណ​៣០០ នាក់ ​បាន​ប្រមូលផ្តុំ​ឡោម​ព័ទ្ធ ​បិទ​ផ្លូវ​ចេញ​ចូល​នៅ​មុខ​តុលាការ ​ខេត្ត​កំពង់ស្ពឺ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ក្រុម​អ្នក​ភូមិ​អម​លាំង​ បាន​អម​ដំណើរ​បុរស​អ្នកភូមិ​ម្នាក់​ ដែល​តុលាការ​កោះហៅ ​មក​សាកសួរ​រឿង​ជម្លោះ​ដី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ តែ​ចៅក្រម​បាន​លើក​ពេល​សាកសួរ ​ទៅ​ថ្ងៃ២៨​កុម្ភៈ​។ ​នេះ​បើ​តាម​តំណាង​អ្នក​ភូមិ​អម​លាំង លោក ផល វណ្ណៈ។

ក្រុម​អ្នក​ភូមិ​អម​លាំង ក៏​ទាមទារ​ឲ្យ​តុលាការខេត្ត​កំពង់ស្ពឺ ដោះលែង​ស្ត្រី​អ្នក​ភូមិ​ម្នាក់ ដែល​តុលាការ​បាន​ចោទប្រកាន់ និង​ឃុំខ្លួន ពី​បទ​រស់នៅ​លើ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ​ការចាប់​អ្នកភូមិ​អម​លាំង អ្នកស្រី ជុំ ស្រី​នួន បាន​កើតឡើង កាលពី​ថ្ងៃ​១៥​ធ្នូ ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករស​របស់​លោក​ឧកញ៉ា លី យុង​ផាត់ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។
 
កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់​ត្រូវបាន​បញ្ជូន ​ទៅ​បំបែក​ហ្វ៊ូង​អ្នក​តវ៉ា​ ឲ្យចេញ​ពី​មុខ​តុលាការ​ខេត្តកំព​ង់​ស្ពឺ​។ ​សមត្ថកិច្ច​ក៏​បាន​បង្ខំ​ឲ្យ​អ្នកភូមិ​អមលាំង​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ ប៉ុន្តែ​អ្នក​ភូមិ ​បាន​បដិសេធ​ ព្រោះ​តុលាការ​ មិនទាន់​ដោះលែង​អ្នកស្រី ជុំ ស្រី​នួន នៅឡើយ​។​ ក្រុម​អ្នក​ភូមិ​អម​លាំង ​នៅ​យប់​នេះ បាន​ទៅ​សម្រាក​ក្នុង​វត្ត ​នៅ​ទី​រួម​ខេត្ត​កំពង់ស្ពឺ​ ជិត​តុលាការ​ រង់ចាំ​ធ្វើការ​តវ៉ា​ជា​ថ្មី​នៅ​ព្រឹកស្អែក​ នៅ​មុខ​តុលាការ ​និង​មុខ​សាលាខេត្ត។
 
ជម្លោះ​ដី​នៅ​អម​លាំ​ង រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ស្ករស​កំពង់ស្ពឺ​ របស់​លោក​ឧកញ៉ា លី​យុង​ផាត់ ​បាន​កើតឡើង ​ចាប់តាំងពី​ចុងឆ្នាំ​២០០៩​។ ​ដោយសារ​តែ​ពលរដ្ឋ​តវ៉ាប្រឆាំងនឹង​ការ​ឈូសឆាយដី​ស្រែចម្ការ​ និង​ផ្ទះសម្បែង​ នាំ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​អ្នក​ភូមិ​អម​លាំង ​ជាង ៣០ នាក់​ហើយ​។ ​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ផល វណ្ណៈ​។
 
ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នេះ​ដែរ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ពិធី​សម្ពោធ​អគារ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​ការពារ​សមត្ថភាព​អាជ្ញាធរ​រដ្ឋាភិបាល ​ចំពោះ​ការដោះ​ស្រាយ​ជម្លោះ​ដីធ្លី ដែល​នាំ​ដល់​អំពើ​ហិង្សា ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​អ្នក​តវ៉ា​នៅ​ខេត្ត​ក្រចេះ​។ ​លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា គ្រាន់​តែ​កើត​ហេតុ​ភ្លាម នៅ​ថ្ងៃ​ទី​១៨​មករា​ អាជ្ញាធរ​សមត្ថកិច្ច​ បាន​តាម​ចាប់ខ្លួន​សន្តិសុខ​ពីរ​នាក់ របស់​ក្រុមហ៊ុន ធី​ធី​វ៉ា​យ របស់​ឧកញ៉ា ណា ម៉ារឌី​ ដែល​ជា​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​ផង​នោះ ​ដោយ​អាជ្ញាធរ​សមត្ថកិច្ច ​មិន​ចាំតែ​ទទួលបញ្ជា​នាយករដ្ឋមន្ត្រី​ដូច​ការរិះគន់​របស់​សង្គម​ស៊ីវិល​ឡើយ​។
 
កាលពី​ថ្ងៃ​ទី​៣១​មករា លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ដាក់​បញ្ជា​ឲ្យ​ចាប់ខ្លួន​សន្តិសុខ​ពីរ​នាក់​របស់​ក្រុមហ៊ុន​ធី​ធី​វ៉ាយ​ដាំ​កៅស៊ូ ​យក​ទៅ​ផ្តន្ទាទោស ចំពោះ​ការបាញ់​ប្រហារ​អ្នក​តវ៉ា​ដីធ្លី​នៅ​ខេត្តក្រចេះ។​ រហូត​ដល់​ថ្ងៃ​ទី​៤​កុម្ភៈ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​ទាំង​ពីរ​នាក់​នោះ បញ្ជូនទៅ​តុលាការ៕

tags: កម្ពុជា - ជម្លោះដីធ្លី
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Close