ឌុចមិនមែនជាបីសាច តែមិនមែនជាមនុស្សធម្មតា

ឌុចមិនត្រឹមតែជាបញ្ញាវន្ត ជាមនុស្សដែលបានរៀនសូត្រជ្រៅជ្រះប៉ុណ្ណោះទេ ប៉ុន្តែឌុចក៏ជាមនុស្សម្នាក់ដែលមានបុគ្គលិកលក្ខណៈចម្លែក ពិបាកយល់ និងពិបាកមើលធ្លុះ។
កាំង ហ្កេកអ៊ាវ ហៅឌុច មិនមែនជាបីសាច ហើយក៏មិនមែនជាមនុស្សធម្មតាដែរ។ នេះជាការយល់ឃើញរបស់សមិទ្ធិករខ្មែរPahn Rithy ដែលបានជួបជាមួយឌុច បានថតនិងបានដេញដោលសួរឌុចរាប់សិបម៉ោង។ មែនទែនទៅ អតីតមេគុកទួលស្លែងអាយុ៧០ឆ្នាំរូបនេះ មានបុគ្គលិកលក្ខណៈប្រកបដោយបដិវាទកម្ម។ ជាក់ស្តែង នៅម្ខាង គាត់បានសហការយ៉ាងសកម្មជាមួយតុលាការ បានសារភាពការទទួលខុសត្រូវរបស់គាត់ នៅអតីតមន្ទីរស២១ បានសម្តែងវិប្បដិសារី បានទាំងយំសុំទោសជនរងគ្រោះទៀតផង។ ទាំងនេះ បានធ្វើឲ្យគេសឹងតែមានចិត្តអាណិតគាត់។
ប៉ុន្តែ នៅម្ខាងទៀត ស្រាប់តែគាត់បានសុំឲ្យចៅក្រមលើកលែងទោសដល់រូបគាត់ បានច្រានចោលសាលក្រមរបស់សាលាដំបូងកាលពីខែកក្កដាឆ្នាំ២០១០ រួចហើយមិនបានយល់ព្រមទទួលស្គាល់ពិរុទ្ធភាពរបស់គាត់ និងនៅទីបំផុត បានសម្រេចចិត្តបន្តប្តឹងឡើងតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម។ ត្រង់នេះហើយ ដែលគេអាចនិយាយបានថាឌុចមិនមែនជាបីសាចទេ តែជាមនុស្សដែលចង់សុខកាយ មិនចង់ដេកនៅក្នុងគុក ចង់បានសេរីភាពដូចមនុស្សទូទៅដែរ។
ចំពោះអតីតអ្នកទោសនៃមន្ទីរស២១ដែលនៅរស់រានមានជីវិត ឌុចជាមនុស្សឆ្លាត តែកាចសាហាវ ពូកែលាក់ពុត ពូកែកុហកភូតភរ។ ពួកគេបានអះអាងថា ជាឆាកលោ្ខនសុទ្ធសាធ នៅពេលដែលឌុចបានទ្រហោយំសុំទោសជនរងគ្រោះ។ ផ្ទុយទៅវិញ សម្រាប់អ្នកខ្លះទៀត ដូចជាមេធាវីបរទេសរបស់គាត់គឺលោកFrançois Roux ឌុចជាមនុស្សដែលស្គាល់បុណ្យស្គាល់បាប តែបានក្លាយជាឧបករណ៍នៃមនោគមវិជ្ជានិងម៉ាស៊ីនកាប់សម្លាប់របស់ខ្មែរក្រហម។ លោកFrançois Bizot ដែលធ្លាប់បានក្លាយជាអ្នកទោសក្រោមការទទួលខុសត្រូវរបស់ឌុចចំនួនបីខែនៅក្នុងឆ្នាំ១៩៧១ ក៏យល់ឃើញដូចលោកFrançois Roux ដែរ។ គាត់ធ្លាប់បាននិយាយថា «ឌុចជាមនុស្សធម្មតា ជាមេកុម្មុយនិស្តម្នាក់ ត្រៀមពលីជីវិតដើម្បីបដិវត្តន៍ បានបំពេញបេសកកម្មដែលបក្សបានដាក់ទិសឲ្យធ្វើ។»
យ៉ាងណាក៏ដោយ ទោះបីជាឌុចហាក់បានសម្តែងថា ខ្លួនចង់វិលមករកឋានមនុស្សជាតិវិញ ក៏ដោយ ក៏សមិទ្ធិករPanh Rithy បានចារឈ្មោះឧក្រិដ្ឋជនខ្មែរក្រហមរូបនេះទុកក្នុងទំព័រប្រវត្តិសាស្រ្តរួចស្រេចហើយថាជាគ្រូលត់ដំនៅឋាននរក៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ