កម្ពុជា-តុលាការខ្មែរក្រហម - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 03 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 03 កុម្ភៈ 2012

ជនរងគ្រោះ​របបខ្មែរ​ក្រហម​ផ្តើមទទួល​បាន​យុត្តិធម៌ហើយ​

អតីត​មេគុក​ទួលស្លែង​កាំង ហ្គេចអ៊ាវ​ហៅឌុច ​
អតីត​មេគុក​ទួលស្លែង​កាំង ហ្គេចអ៊ាវ​ហៅឌុច ​
© ស៊ីវ​ ចាន់ណា

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

សាលក្រម​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​ទី​៣​កុម្ភៈ​នេះ ដែល​កាត់​ទោស​ឲ្យ​ឌុច​ជាប់​គុក​មួយ​ជីវិត គឺ​ជា​ជោគជ័យ​មួយ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម ពីព្រោះ​នៅ​ទី​បំផុត ​ពួក​គេ​បាន​ទទួល​យុត្តិធម៌​មួយ​សមរម្យ។

សេចក្តីរាយការណ៍របស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
 

03/02/2012 by តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

 

អ្វី​ដែល​ជាក់​ច្បាស់ គឺ​កាល​ពី​ព្រឹក​មិញ​នេះ ជា​ទូទៅ​ជន​រងគ្រោះ​សប្បាយ​ចិត្ត ជន​រងគ្រោះ​ពេញ​ចិត្ត ពេញ​ចិត្ត​នឹង​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ដែល​បាន​កាត់​ទោស​ឌុច​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត មិន​ដូច​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ទេ។
 
ម្នាក់ៗ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១០ ​នៅ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​តុលាការ​ដំបូង​បាន​កាត់​ទោស​ឲ្យ​អតីត​មេគុក​ទួលស្លែង​ជាប់​គុក​តែ​៣៥​ឆ្នាំ ​កាត់កង​រួច​ដាច់​ស្រេច​អស់​នៅ​សល់​តែ​១៩​ឆ្នាំ ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​មិន​បាន​សុខ​ចិត្ត​ទេ ហើយ​គ្រួសារ​ជន​រង​គ្រោះ ខ្លះ​បាន​ទាំង​ស្រែក​យំ​ផង។ កាល​ណោះ អតីត​អ្នក​ទោស​នៃ​មន្ទីរ​ស​២១​ខ្លះ ថែម​ទាំង​បាន​ជេរ​តុលាការ​ដែល​យោង​ទៅ​តាម​សំដី​ពួក​គេ មិន​បាន​ទទួល​ស្គាល់​សោះ​ឡើយ​ការ​ឈឺ​ចាប់​របស់​ពួក​គាត់ ការ​ឈឺ​ចាប់​របស់​ជន​រងគ្រោះ​ទាំង​អស់​ក្នុង​របប​ខ្មែរ​ក្រហម។
 
ជា​ការ​ពិត​ណាស់​ដែល​ថា យុត្តិធម៌​មិន​មែន​ជា​ការ​សង​សឹក​ទេ តែ​ជា​ការ​ស្វែង​រក​ការ​ដាក់​ទោស​មួយ​សមរម្យ​ទៅ​លើ​ឧក្រិដ្ឋជន ដោយ​សំអាង​ទៅ​លើ​តែ​ច្បាប់​ដែល​កំពុង​ចូល​ជា​ធរមាន និង​ទៅ​លើ​តែ​យុត្តិសាស្រ្ត ពាក្យ​បារាំង​គេ​ថាJuriprudence ពោល​គឺ​ទម្លាប់​នៃ​ការ​កាត់​ទោស​ដែល​បន្សល់​មក​ពី​ការ​កាត់​ក្តី​មុនៗ​ក្នុង​សំណុំ​រឿង​ស្រដៀង​គ្នា​ឬ​ដូច​គ្នា។ ក៏​ប៉ុន្តែ​ បើ​វា​មិន​មែន​ជា​ការ​សង​សឹក ​យុត្តិធម៌​ក៏​មិន​អាច​មើល​រំលង​បាន​ដែរ លក្ខណៈ​ព្រៃផ្សៃ​ហួស​ហេតុ​រក​លេខ​ដាក់​គ្មាន​នៃ​ឧក្រិដ្ឋកម្ម​របស់​ឌុច និង​ទម្ងន់​នៃ​ទុក្ខ​វេទនា​ផ្លូវ​ចិត្ត​ព្រម​ទាំង​ផ្លូវ​កាយ​របស់​ជន​រង​គ្រោះ។
 
កើត​ជា​មនុស្ស អ្នក​ណា​យល់​ព្រម ជន​រងគ្រោះ​ណា​សុខ​ចិត្ត​ឲ្យ​ឌុច​មិន​ទទួល​ទោស​ធ្ងន់​បំផុត បើ​ទោះ​បី​ជា​កាល​ណោះ ចៅ​ក្រម​សាលា​ដំបូង​បាន​ពន្យល់​ថា បាន​សម្រាល​ទោស​ឲ្យ​ជន​ជាប់​ចោទ ដ្បិត​គាត់​បាន​សហការ​ជា​មួយ​តុលាការ បាន​សារភាព​និង​បាន​សម្តែង​វិប្បដិសេរី​ក៏​ដោយ?​ សម្រាប់​ជន​រងគ្រោះ ​កុំ​ថា​ឡើយ​ជាប់​គុក​មួយ​ម៉ឺន​ឆ្នាំ សូម្បី​តែ​បក​ស្បែក​ឌុច​ប្រឡាក់​អំបិល​ម្ទេស រួច​ហើយ​ព្យួរករ​គាត់​ក៏​មិន​គ្រប់​គ្រាន់​ដែរ។
 
ម្ល៉ោះ​ហើយ ​លើក​នេះ ជាង​មួយ​ឆ្នាំ​ក្រោយ​ការ​ប្រកាស​សាលដីកា​ប្រកប​ដោយ​សង្គ្រាម​ប៉ាកកា​របស់​សាលា​ដំបូង និង​តាម​រយៈ​ការ​កាត់​ទោស​ដោយ​តុលាការ​កំពូល​កាល​ពី​ព្រឹក​មិញ​ឲ្យ​ឌុច​ជាប់​គុក​អស់​មួយ​ជីវិត គេ​អាច​និយាយ​បាន​ថា​ខ្មែរ​រាប់​រយ​ម៉ឺន​នាក់​ដែល​ស្លាប់​ក្រោម​របប​ខ្មែរ​ក្រហម ត្រូវ​បាន​តុលាការ​ផ្តើម​ផ្តល់​យុត្តិធម៌​ឲ្យ​ហើយ៕

 

tags: កម្ពុជា - តុលាការខ្មែរក្រហម
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close