អានតួអត្ថបទ
កម្ពុជា

តំណាងរាស្ត្រ​បក្ស​ សម រង្ស៊ី​​ម្នាក់​ទៀត​ត្រូវ​ព្យួរ​អភ័យ​ឯកសិទ្ធិ

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ព្យួរ​អភ័យឯកសិទ្ធិអ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ​គឺ​លោក​ចាន់ ចេង​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ធ្នូ​នេះ។ ការ​សម្រេច​ព្យួរ​អភ័យ​ឯកសិទ្ធិសភា​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ មណ្ឌលខេត្ត​​កណ្តាល ​ត្រូវ​ធ្វើ​ឡើង ​ដើម្បី​បើក​ផ្លូវ​អោយ​តុលាការ​ដំណើរការ​នីតិវិធី​ប្រឆាំង​អ្នកតំណាងរាស្ត្រ​រូប​នេះ។

អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​គឺ​លោក​ចាន់ ចេង​
អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​គឺ​លោក​ចាន់ ចេង​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

អភ័យឯកសិទ្ធិ​របស់​លោក​ចាន់ ចេង អ្នក​តំណាងរាស្ត្រ​មណ្ឌល​កណ្តាល​មក​ពី​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​សម្រេច​ព្យួរ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ធ្នូ​នេះ។ ការ​សម្រេច​ព្យួរ​អភ័យឯកសិទ្ធិ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​អង្គ វង្សវឌ្ឍនា​ដែល​បាន​បញ្ជាក់​នៅក្នុង​លិខិត​ផ្ញើ​ទៅ​ប្រធាន​រដ្ឋសភា​ថា ​គឺ​ដើម្បី​បើក​ផ្លូវ​អោយ​តុលាការ​អាច​ដំណើការ​នីតិវិធី​ច្បាប់​ចំពោះ​អ្នក​តំណាងរាស្ត្រ​រូប​នេះ។

 
លោក​ចាន់ ចេង​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​សម រង្ស៊ី​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្តាល​ដាក់​ការ​សង្ស័យ​ថា​បាន​ផ្តល់​មធ្យោបាយ​អោយ​ជន​ត្រូវ​ចោទ​ម្នាក់​ឈ្មោះ​មាស ប៉េង។ លោក​មាស ប៉េង​គឺ​ជា​ជំទប់​ទី២​ ឃុំ​បន្ទាយដែក​ ខេត្ត​កណ្តាល​ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ហើយ​ត្រូវ​កោះ​ហៅ​សួរ​ដេញដោល​ ក្នុង​ករណី​ហឹង្សា​ទៅ​លើ​ម្ចាស់​កាន់កាប់​អចលនទ្រព្យ​ម្នាក់។

ក្រោយ​ការ​សួរ​ដេញដោល​នោះ ជំទប់​ទី២​ឃុំ​បន្ទាយដែក​ត្រូវ​នាំ​ខ្លួន​ទៅ​ឃុំឃាំង​បណ្តោះ​អាសន្ន។ ប៉ុន្តែ ​មេធាវី​បាន​ថ្លែង​ថា ​ការ​សម្រេច​ឃុំ​ខ្លួន​នេះធ្វើ​ឡើង​ដោយ​​គ្មាន​ដីការ​ត្រឹមត្រូវ​ហើយ​មេធាវី​ក៏​បាន​ស្នើ​អោយ​លោក​ចាន់ ចេង​អ្នកតំណាងរាស្ត្រ​ដែល​តាមដាន​ការ​សួរ​ដេញដោល​សកម្មជន​គណបក្ស​សម រង្ស៊ី​ ​ជូន​លោក​ជំទប់​ទី​២​ត្រឡប់​មក​ផ្ទះ។​ បញ្ហា​នៅ​ត្រង់​នេះ​ហើយ។ តុលាការ​ខេត្ត​កណ្តាល​បាន​ចោទប្រកាន់​លោក​ចាន់ ចេង​ថា ​ផ្តល់​មធ្យោបាយ​អោយ​ជន​ជាប់​ឃុំ​ដើម្បី​រត់​គេច​ខ្លួន។

ប៉ុន្តែ​លោក​ចាន់ ចេង និង​មេធាវី​របស់​ជំទប់​ទី​២​វិញ​បាន​ចោទប្រកាន់​ចៅក្រម​ស៊ើបសួរ​គឺ​លោក​លឹម សុគន្ថា​ ថា​ បាន​រំលោភ​លើ​វិជ្ជាជីវៈ​ចៅក្រម​របស់​ខ្លួន​ ដូច​ជា​បង្គាប់​ការ​ឃុំ​ខ្លួន​ដោយ​គ្មាន​ដីកា ​និង​ថា​ បាន​ធ្វើ​ដីកា​តាម​ក្រោយ​ បន្ទាប់​ពី​បង្គាប់​អោយ​ឃុំ​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ