ច្បាប់ថវិកាជាតិឆ្នាំ២០១២ត្រូវបានរដ្ឋសភាអនុម័តដោយគ្មានសម្លេងគណបក្សប្រឆាំង

សមាជិករដ្ឋសភាចំនួន ៨៦ រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៤វិច្ឆិកានេះ បានលើកដៃអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១២ ឬច្បាប់ថវិកាជាតិ។ កិច្ចប្រជុំដ្ឋសភាបានអនុម័តដោយឯកច្ឆ័ន្ទលើច្បាប់ថវិកាជាតិ ឆ្នាំ២០១២ ក្នុងកិច្ចប្រជុំនៅព្រឹកមិញ ដោយគ្មានការពិភាក្សាសួរដេញដោលទៅកាន់តំណាងរដ្ឋាភិបាលឡើយ។ រីឯអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ២៦ រូប និងតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស ៣ រូប បានធ្វើពហិការមិនចូលរួមប្រជុំនៅ រដ្ឋសភានាព្រឹក មិញទេ។
សេចក្តីព្រាងច្បាប់ ថវិកាជាតិ ឆ្នាំ២០១២ ដែលរដ្ឋសភាអនុម័តនៅព្រឹកមិញ បានកំណត់ពីការចំណាយសរុប មានចំនួន ១០.៧៦៧.៩៨២ លានរៀល ស្មើប្រមាណ ២.៦៩២ លានដុល្លារ។ ច្បាប់ថវិកាជាតិ ឆ្នាំ២០១២ ចំនួនជិត ២៧០០ លានដុល្លារ គឺកើនឡើងជាង ១៣ % បើធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០១១ គឺកើនឡើងប្រមាណ ៣១៣ លានដុល្លារ។ ការកើនឡើងនូវថវិកាជាតិឆ្នាំ២០១២ ក៏មកពីរដ្ឋាភិបាល ត្រូវស្តារឡើងវិញនូវគ្រោះទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន សាលារៀន និងមន្ទីរពេទ្យ សរុបជាង ៥០០ លានដុល្លារ កាលពីខែសីហា ដល់ខែតុលាកន្លងមក។ ច្បាប់ ថវិកាជាតិ ឆ្នាំ២០១២ បានកំណត់ពីការបែងចែកការចំណាយ តាមក្រសួងសំខាន់ៗ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ មានប្រមាណ ៣៥០ លានដុល្លារ។ ចំណែកវិស័យសង្គមកិច្ច មានចំនួន ៦០៨ លានដុល្លារ។ ក្នុងនោះ ក្រសួងសុខាភិបាល មានចំនួន ១៩៨ លានដុល្លារ។ ក្រសួងអប់រំ ២៥១ លានដុល្លារ និងក្រសួងកសិកម្ម មានប្រមាណ ២៧ លានដុល្លារ។
ក្នុងច្បាប់ថវិកាជាតិដែលរដ្ឋសភាអនុម័តនៅព្រឹកមិញ ក៏បានអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ពីបរទេសចំនួន ៧០០ លាន SDR ដែលស្មើប្រមាណ ១.០៥០ លានដុល្លារផងដែរ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ បានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋសភាថា ច្បាប់បានកំណត់ឲ្យរដ្ឋាភិបាល អាចខ្ចីបំណុល ៤០% នៃផលិតផលក្នុងស្រុកសរុប។ ចំពោះប្រាក់បំណុលសព្វថ្ងៃរបស់រដ្ឋាភិបាលកម្ពុជា បូកសរុបទាំងបំណុលចាស់ ត្រូវបានលោក គាត ឈន់ លើកឡើងថា មានត្រឹមតែ ២៩,១% នៃផលិតផលសរុបប៉ុណ្ណោះ។ តែលោកគាតឈន់ មិនបានបញ្ជាក់ពីចំនួនប្រាក់បំណុលជាក់លាក់នោះទេ។
យ៉ាងណាក៏ដោយ លោក គាត ឈន់ បានអះអាងថា ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឲ្យរដ្ឋាភិបាល លោកបានធ្វើរបាយការណ៍រៀងរាល់ ៦ ខែម្តង ស្តីពី ការខ្ចីបំណុលពីរដ្ឋាភិបាលបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភា ជាប្រចាំ ដើម្បីតម្លាភាពត្រឹមត្រូវផងដែរ។ របាយការណ៍ទាំងនោះ សុទ្ធតែបានធ្លាក់ដល់ដៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា។លោកគាតឈន់ ក៏បានវាយបកទៅកាន់ក្រុមអ្នករិះគន់លើរឿងប្រាក់បំណុលថា មានតែអ្នកមានភ្នែកម្នាស់ និងត្រចៀកពាងទេ ដែលចេះតែកកូរកកាយ រឿងប្រាក់បំណុលរបស់កម្ពុជា ដើម្បីបំភ័ន្តមតិជាតិ។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាព្រឹកមិញ មិនត្រឹមតែលោកគាតឈន់ តំណាងរដ្ឋាភិបាលទេ ដែលបកស្រាយការពារខ្លួន ចំពោះរឿងប្រាក់បំណុលបរទេស គឺសមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានផ្តល់អំណះអំណាងការពាររដ្ឋាភិបាលផងដែរ។ តាមលោកតំណាងរាស្ត្រ ឈាងវុន គឺប្រាក់បំណុល ដែលកម្ពុជាខ្ចីពីបរទេសនោះ គឺមិនមែនជាប្រាក់សុទ្ធទេ តែការខ្ចីប្រាក់នោះ ធ្វើឡើងតាមរយៈការកសាងផ្លូវស្ពាន និងសមិទ្ធិផល បម្រើឲ្យប្រយោជន៍សាធារណៈប៉ុណ្ណោះ។
ក៏ប៉ុន្តែនៅក្រៅកិច្ចប្រជុំរដ្ឋសភា នៅទីស្នាក់ការគណបក្សសមរង្ស៊ី ក្នុងសន្និសីទកាសែតនៅព្រឹកមិញ តំណាងរាស្ត្រគណបក្សសមរង្ស៊ី បានចាត់ទុកប្រាក់បំណុលរបស់រដ្ឋាភិបាលកម្ពុជា នៅពេលនេះ មានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ តាមគណបក្សប្រឆាំងរហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានជំពាក់លុយបរទេសជិត ១៤ ពាន់លានដុល្លារ។
សមាជិកសភាគណបក្សសមរង្ស៊ី បានជំទាស់នឹងការអនុម័តច្បាប់ថវិកាជាតិ ឆ្នាំ២០១២ និងជំទាស់ មិនឲ្យរដ្ឋាភិបាលបន្តខ្ចីប្រាក់បំណុលពីបរទេស។ ហេតុផលម្យ៉ាងទៀត ពហិការរបស់គណបក្សសមរង្ស៊ី ដោយមានទាំងការលាលែងរបស់អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីផងនោះ គឺដើម្បីឲ្យរដ្ឋសភា មិនពេញលក្ខណៈផ្លូវច្បាប់ ដូចអ្វីដែលគណបក្សប្រឆាំងបានបកស្រាយកន្លងមកថា ឲ្យសមាជិកសភា នៅក្រោម ១២០ រូប ដូចការកំណត់ក្នុងមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញ។ តែគណបក្សប្រជាជនកម្ពុជា បានច្រានចោលនូវការអះអាងរបស់គណបក្សសមរង្ស៊ីយ៉ាងដូច្នេះ។
ពហិការរបស់គណបក្សសមរង្ស៊ី ក៏ដើម្បីជំរុញឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាជម្លោះដីធ្លី និងទាមទារឲ្យផ្លាស់ប្តូរសមាសភាព គ.ជ.ប.។ គណបក្សសមរង្ស៊ី ក៏បានប្រកាសជំហរ មិនចូលរួមប្រជុំរដ្ឋសភា រហូតទាល់តែមានការដោះស្រាយបញ្ហាដីធ្លី និងមានការបញ្ឈប់ការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនបរទេសជាដើម៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ