អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ពន្យា​ការបង់ពន្ធ​អចលនទ្រព្យ​ម្តងទៀត​ដល់ចុងខែធ្នូ​

ក្រសួង​សេដ្ឋកិច្ច​បាន​សម្រេច​ពន្យា​ពេល​បង់​ពន្ធ​លើ​អចលនទ្រព្យ​ជា​លើក​ទី២​ដើម្បី​សម្រួល​អោយ​មាន​កំណើន​នៃ​ការ​បង់​ពន្ធ​លើ​អចលនទ្រព្យ​នេះ។ ការ​ពន្យា​ពេល​យ៉ាងដូច្នេះ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​ពន្យល់​ថា ដោយសារ​ម្ចាស់​អចលនទ្រព្យ​បាន​មក​បង់ពន្ធ​យ៉ាង​សស្រាក់​សស្រាំ ខណៈដែល​ចំនួន​មន្ត្រី​ពន្ធដា​នៅ​មាន​កម្រិត​មិន​អាច​ឆ្លើយតប​តាម​តម្រូវការ​ទាន់​ពេលវេលា​របស់​ម្ចាស់​អចលនទ្រព្យ។

ពន្ធ​លើ​​អចលនទ្រព្យ​​គឺ​ជា​ពន្ធ​ថ្មី​​មួយ​​នៅប្រទេស​​កម្ពុជា​
ពន្ធ​លើ​​អចលនទ្រព្យ​​គឺ​ជា​ពន្ធ​ថ្មី​​មួយ​​នៅប្រទេស​​កម្ពុជា​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

ក្រសួង​សេដ្ឋកិច្ច​បាន​ប្រកាស​ពន្យាពេល​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​ម្តង​ទៀត​រហូត​ដល់​ថ្ងៃ​ទី​៣១​ខែ​ធ្នូ។ នេះ​គឺ​ជា​ពន្យាពេល​ជា​លើក​ទី​២ ​បន្ទាប់​ពី​ក្រសួង​សេដ្ឋកិច្ច​បាន​ប្រកាស​ពន្យាពេល​នេះ​ម្តង​រួច​ហើយ​ថា​ការ​បញ្ចប់​ការ​បង់​ពន្ធ​នឹង​ត្រូវ​ចប់​នៅ​ចុង​ខែ​វិច្ឆិកា​នេះ។

 
ការ​សម្រេច​ពន្យា​ការ​បង់ពន្ធ​នៅ​ពេល​នេះ​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​ពន្យល់​ថា ដោយសារ​ចំនួន​មន្ត្រី​ពន្ធដា​របស់​ខ្លួន​មិន​មាន​ច្រើន​គ្រប់គ្រាន់​សម្រាប់​ទទួល​ និង​ផ្តល់​សេវា​អោយ​ទាន់​ពេល​វេលា​​ដល់​ម្ចាស់​អចលនទ្រព្យ​ដ៏​ច្រើន​ដែល​បាន​និង​កំពុង​មក​បង់​ពន្ធ។
លើស​ពី​នេះ​ទៀត យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ដដែល ក្រៅពី​ថ្ងៃ​ធ្វើការ​ធម្មតា សាខា​ពន្ធដា​ខេត្ត​-​ខណ្ឌ​ទាំងអស់ នឹង​ទទួល​ការ​ចុះ​បញ្ជីការ​ដាក់​លិខិត​ប្រកាស​ពន្ធ និង​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​បន្ថែម​ទៀត​ដែរ។

គួរ​បញ្ជាក់​ថា ពន្ធ​លើ​អចលនទ្រព្យ​គឺ​ជា​ពន្ធ​ថ្មី​មួយ​នៅ​កម្ពុជា។ ​ពី​ដំបូង​ឡើយ​ប្រជាពលរដ្ឋ​មិន​បាន​យល់ និង​ចូលរួម​អនុវត្ត​កាតព្វកិច្ច​នេះ​ឡើយ រហូត​ដល់​លោក​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​អោយ​ក្រសួង​សេដ្ឋកិច្ច​រៀបចំ​វេទិកា​ពន្យល់​អំពី​នីតិវិធី​នៃ​ការ​បង់ពន្ធ​និង​ជំរុញ​អោយ​ពលរដ្ឋ​អនុវត្ត​កាតព្វកិច្ច​នេះ​ទៀត​ផង។

តម្លៃ​នៃ​ការ​បង់ពន្ធ​ត្រូវ​អនុលោម​តាម​តម្លៃ​លក់ដូរ​អចលនទ្រព្យ​នៅ​តាម​តំបន់​នីមួយៗ។ ការ​កំណត់​តម្លៃ​លក់ដូរ​អចលនទ្រព្យ​ដែល​វាយតម្លៃ​ដោយ​រដ្ឋ​ ពេលខ្លះហាក់​មិន​សមស្រប​។ ​ប្រការនេះ​ក៏​បាន​ក្លាយ​ជា​ការ​រារាំង​មួយ​សម្រាប់​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​មិន​ចង់​ទៅ​បង់​ពន្ធ​ថ្មី​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ