អានតួអត្ថបទ
កម្ពុជា

កម្ពុជាត្រៀម​វាយតម្លៃ​ស្ថានភាព​ទឹកជំនន់​ជាលើកទី២​

លោក​នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​កិច្ច​ប្រជុំ​ពិសេស​គណៈរដ្ឋមន្ត្រី​ ជា​លើកទី​២​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់​ដោយ​ ទឹក​ជំនន់។ ស្របពេល​ជាមួយ​គ្នា​នេះ ប្រទេស​មួយ​ចំនួន​បាន​បន្ត​ប្រកាស​ផ្តល់​ជំនួយ​អោយ​កម្ពុជា​ដើម្បី​ជួយ​ ជនរងគ្រោះ​ដោយ​ទឹកជំនន់​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​២០៧​នាក់ និង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ជិត​៣​សែន​គ្រួសារ។

របាយការណ៍​​ចុងក្រោយ​បាន​ឲ្យដឹងថា​ ​គ្រោះ​មហន្តរាយ​ទឹកជំនន់​បានបណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​​២០៧​នាក់ ​​
របាយការណ៍​​ចុងក្រោយ​បាន​ឲ្យដឹងថា​ ​គ្រោះ​មហន្តរាយ​ទឹកជំនន់​បានបណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​​២០៧​នាក់ ​​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​ក្នុង​ស្រុក​នៅ​បន្ត​ផ្សព្វផ្សាយ​អំពី​មនុស្ស​ស្លាប់​ដោយ​ហេតុ​លង់​ទឹក​ជា​រៀងរាល់​ថ្ងៃ។ ប្រទេស​នានា​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​ដើម្បី​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់។​ របាយការណ៍​ផ្លូវ​ការ​ចុងក្រោយ បើយោងតាម​មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ តួលេខ​មនុស្ស​ស្លាប់​ដោយ​ទឹកជំនន់​មាន​២០៧​នាក់ ​ផ្ទៃដី​លិច​ទឹក​មាន​ប្រមាណ​៣សែន​ហិចតា ​និង​ពលរដ្ឋ​២៩ម៉ឺន​គ្រួសារ​ស្មើ​១លាន​២សែន​នាក់​បាន​ប៉ះពាល់​ដោយ​ទឹក​ជំនន់​នេះ។ តួលេខ​ថ្មី​នៃ​ផលប៉ះពាល់ អាច​នឹង​ត្រូវ​ប្រកាស​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅក្នុង​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​២​នៃ​គណៈរដ្ឋមន្ត្រី​ដើម្បី​វាយតម្លៃ​ការ​ខូចខាត​ជា​បន្ត។ កិច្ចប្រជុំ​ពិសេស​លើក​ទី​២​គ្រោង​នឹង​ប្រព្រឹត្តិទៅ​ក្នុង​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​នេះ។

 
ក្នុងពេលនេះ​យោងតាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ ក្រុម​ការងារ​របស់​រដ្ឋាភិបាល ​កាកបាទ​ក្រហម ​និង​សប្បុរសជន​នានា​បាន​ដឹកនាំ​ជំនួយ​មនុស្សធម៌​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ដែល​ខ្វះ​ជម្រក និង​ស្បៀង​ជារៀង​រាល់ថ្ងៃ។ ​ទន្ទឹមគ្នា​នេះ​ កម្ពុជា​ក៏​នៅ​បន្ត​ទទួល​ជំនួយ​រដ្ឋាភិបាល​បរទេស​ជា​បន្តបន្ទាប់​ផង​ដែរ។ ប្រទេស​ដែល​បាន​ប្រកាស​ផ្តល់​ជំនួយ​កន្លងមក​មាន​ប្រទេស​ជប៉ុន ​ចិន ​សហរដ្ឋ​អាមេរិក សឹង្ហបុរី​ជាដើម។​ ជាជំនួយ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​ផ្ទាល់​ទៅ​រដ្ឋាភិបាល​ផង និង​តាម​រយៈ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង។

យោងតាម​ការ​វាយតម្លៃ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក្នុង​ពេល​ថ្មី​នេះ យ៉ាងហោច​ណាស់​ការ​ខូចខាត ឬ​ផល​ប៉ះពាល់​ដោយហេតុ​ទឹក​ជំនន់​មាន​តម្លៃ​១៦០លាន​ដុល្លារ។​ មហន្តរាយ​គ្រោះ​ទឹក​ជំនន់​នៅ​ពេល​នឹង​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ