អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ាន​រំលេច​ខ្លួន​លើ​ឆាកអន្តរជាតិ នៅ​ពេល​វិបត្តិ​សេដ្ឋកិច្ច​វាយ​លុក​អាស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​សមាជិក​សមាគមប្រជាជាតិអាស៊ី​ប៉ែក​អគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ទាំង​១០​ប្រទេស​ បាន​នាំ​គ្នា​បង្ហូត​ទង់ជាតិ​អាស៊ាន​នៅ​ក្នុង​ប្រទេស​រៀងៗ​ខ្លួន​ និង​នៅ​ទីណា​ដែល​មាន​ទីស្នាក់ការ​តំណាង​សមាគម​នេះ។ ​ការ​បង្ហូត​ទង់ជាតិ​អាស៊ាន​ដែល​បាន​ធ្វើ​ឡើង​ព្រមៗ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ ទី៨​ សីហា​ត្រូវ​គេ​ពន្យល់​ថា​ ដើម្បី​អបអរសាទរ​ខួប​៤៤​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​សមាគម​នេះ។ ​ក៏ប៉ុន្តែ ​អត្ថន័យ​ពិត​ប្រាកដ​របស់​វា ​គឺ​សមាគម​អាស៊ាន​កំពុង​ខិតខំ​រំលេច​ខ្លួន​នៅ​ក្នុង​ឆាក​អន្តរជាតិ។ ​ប៉ុន្តែ ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អាស៊ាន​បាន​កើត​ឡើង ​ចំពេល​ដែល​ទ្វីប​អាស៊ី​ទាំងមូល​កំពុង​រងការ​បោក​បក់​ដោយ​ចំហាយ​នៃ​វិបត្តិ​បំណុល​អាមេរិក​ និង​អឺរ៉ុប។

ទង់អាស៊ាន
ទង់អាស៊ាន RFI/ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​មក​ម៉្លេះ ​ទង់ជាតិ​របស់​អាស៊ាន​ត្រូវ​បាន​បង្ហូត​ឡើង ​និង​បក់រ​វិចៗ​នៅ​ក្បែរ​ទន្ទឹម​នឹង​ទង់ជាតិ​របស់​បណ្តា​ប្រទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ទាំង១០ ​នៅ​គ្រប់​ទីស្តីការ​ក្រសួង​ការបរទេស។ ​ពិធី​បង្ហូត​ទង់ជាតិ​អាស៊ាន​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​ព្រមៗ​គ្នា​កាលពី​ថ្ងៃ​ចន្ទ​ទី៨​សីហា​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ​ក៏ដូច​ជា​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ដែល​មាន​ការិយាល័យ​តំណាង​អាស៊ាន​តាំង​នៅ​។

ការ​បង្ហូត​ទង់ជាតិ​អាស៊ាននេះ ​ត្រូវ​គេ​ពន្យល់​ថា​ដើម្បី​សាទរ​ខួប​លើក​ទី​៤៤​ ថ្ងៃ​បង្កើត​សមាគម​​អាស៊ាន​ក៏ដូចជា​ដើម្បី​ឈាន​ទៅ​បង្កើត​សហគមន៍​អាស៊ាន​តែ​មួយ​នៅ​ឆ្នាំ​២០១៥​។ សម្រាប់​ប្រទេស​កម្ពុជា​ លោក​ប្រមុខ​ការទូត​ហោ ណាំហុង ​បាន​ហៅ​ការ​បង្ហូត​ទង់ជាតិ​អាស៊ាន​លើ​ទឹកដី​របស់​ខ្លួន​ថា​ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ពីព្រោះ​ថា​នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​ប្រារព្ធ​ពិធី​នេះ។ ​ជា​ទិដ្ឋភាព​រួម​ គេ​អាច​មើល​ឃើញ​ទង់ជាតិ​របស់​អាស៊ាន​បក់​រវិចៗ​មិន​ត្រឹម​តែ​នៅ​ក្នុង​រង្វង់​សមាគម​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ​តែ​វត្តមាន​របស់​អាស៊ាន​ក៏​មាន​នៅ​ក្នុង​ទីតាំង​ជាច្រើន​ទៀត​នៅ​ទូទាំង​ពិភពលោក។ ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ សមាគម​អាស៊ាន​កំពុង​តែ​ខិតខំ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។

សម្រាប់​ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​អាស៊ី ​វា​ជា​ការ​ចាំបាច់​ណាស់​ដែល​អាស៊ាន​ត្រូវ​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​នាម​ជា​សមាគម​ប្រជាជាតិ​ដ៏​ចំណាស់​មួយ​នៅ​អាស៊ី​ពីព្រោះ​ថា ​អាស៊ាន រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​បាន​បង្ហាញ​ពីភាព​ខ្លាំង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ​នៅ​ឡើយ​ទេ​ ផ្ទុយ​ទៅ​វិញ​ សមាគម​នេះ​មាន​តែ​បញ្ហា​ចាក់​ស្រែះ​ពិបាក​ដោះស្រាយៈ ​ភាព​ខុស​គ្នា​នៃ​ពណ៌សម្បុរ​នយោបាយ​ និង​គម្លាត​គ្នា​យ៉ាង​ឆ្ងាយ​នៃ​សេដ្ឋកិច្ច​រវាង​បណ្តា​ប្រទេស​សមាជិក​ ព្រមទាំង​ជម្លោះ​ស្មុគ​ស្មាញ​នៃ​បញ្ហា​ព្រំដែន​ដូចជា​ជម្លោះ​កម្ពុជា-ថៃ ​និង​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​។ល។ និង​។ល។ ​សុទ្ធ​តែ​ជា​ចំណុច​ក្តៅ​ដែល​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ក្នុង​តំបន់។​ ដើម្បី​លុប​បំបាត់​រូបភាព​ទាំង​នេះ ​អាស៊ាន​មាន​ទស្សនវិស័យ​ប្រកប​ដោយ​ភាព​វិជ្ជមាន​មួយ​ នោះ​គឺ​ការ​បង្កើត​សហគមន៍​អាស៊ាន​ប្រកប​ដោយ​ភាព​សុខដុម​រមនា​មួយ​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៥។ ការ​បង្ហូត​ទង់ជាតិ​អាស៊ាន​នៅ​ពេល​នេះ​ក៏​ស្ថិត​នៅ​ក្នុង​បរិបទ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ដែរ។

ប៉ុន្តែ ​អស់​ពី​បញ្ហា​មួយ ​ឈាន​ដល់​បញ្ហា​មួយទៀត។ នៅ​ពេល​ដែល​ពន្លឺ​ក្តី​សង្ឃឹម​អំពី​ដំណោះ ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​បាន​ចាំង​ស្រមោល​ឡើង​ក្រោយ​ពេល​ដែល​ប្រទេស​ថៃ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ ទ្វីប​អាស៊ី​ទាំង​មូល​ក្នុង​នោះ​ក៏​មាន​សមាគម​អាស៊ាន​ផង​ដែរ​កំពុង​ជ្រួល​ច្របល់​អំពី​វិបត្តិ​សេដ្ឋកិច្ច​ថ្មី​ដែល​កើត​ចេញ​ពី​ចំហាយ​នៃ​វិបត្តិ​បំណុល​អាមេរិក​ និង​អឺរ៉ុប។ វិបត្តិ​ថ្មី​នេះ​អាច​នឹង​ធ្វើ​ឲ្យ​គោល​នយោបាយ​របស់​អាស៊ាន​ជួប​នឹង​ការ​ខក​បំណង​ជា​ថ្មី។ អ៊ីចឹង​ហើយ​បាន​ជា ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាស៊ាន​ទាំង​១០​ប្រញាប់​ប្រញាល់​រក​មធ្យោបាយ​ទប់​ស្កាត់។ ពួកគេ​គ្រោង​ជួប​ប្រជុំ​គ្នា​ក្នុងសប្តាហ៍​នេះនៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ គោលដៅ​សំខាន់​នៃ​ជំនួប​នោះ​គឺ​ពន្លឿន​ផែនការ​មួយចំនួន​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥។ អ្វី​ដែល​អាស៊ាន​​កំពុង​ខិតខំ​ធ្វើ​គឺ ​ការ​លុប​ចោល​ពន្ធអាករ​ និង​ឧបសគ្គ​ពាណិជ្ជកម្ម​ទាំងឡាយ​ ការ​ព្យាយាម​ប្រើប្រាស់​ទិដ្ឋាការ​រួម ​និង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​គមនាគមន៍​ក្នុង​តំបន់។

គួរ​បញ្ជាក់​ថា ​សមាគម​អាស៊ាន​ដែល​មាន​ចំណាស់​៤៤​ឆ្នាំ​មួយ​នេះ ​មាន​ប្រជាជន​ជាង​៦០០​លាន​នាក់ ​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ចំនួន​ ១ ៥០០​ពាន់​លាន​ដុល្លារ ​និង​ជា​តំបន់​ដែល​សម្បូរ​បែប​ដោយ​វត្ថុធាតុដើម ​ធនធាន​ធម្មជាតិ ​និង​មាន​កម្លាំង​ពលកម្ម​ថោក​ទៀត​ផង។ ទាំងនេះ​ជា​អំណោយ​ផល​ដែល​ជំរុញ​ឲ្យ​អាស៊ាន​មាន​មហិច្ឆតា​ចង់​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ក្លាយជា​សមាគម​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ក្នុង​លោក។​ សមាគម​នេះ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

ប៉ុន្តែ ​តើ​វិបត្តិ​ថ្មី​នឹង​មាន​ឥទ្ធិពល​ប៉ុណ្ណា​ទៅលើ​គោលដៅរបស់អាស៊ាន? ​ចម្លើយ​គឺ​វា​អាស្រ័យ​លើ​ទំហំ​នៃ​វិបត្តិ ​និង​សមត្ថភាព​ទប់​ទល់​របស់​សមាគម​អាស៊ាន​ទាំង​មូល។ អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ពេល​នេះ​ គឺ​ពី​ពេល​នេះ ​ទៅ​ឆ្នាំ២០១៥ នៅ​មិន​យូរ​ឡើយ។ ម្យ៉ាង​ទៀត ប្រសិន​បើ​ព្យុះវិបត្តិ​សេដ្ឋកិច្ច​ថ្មី​បោកបក់​មក​លើ​អាស៊ាន​ទៀត មាន​សង្ឃឹម​តិច​ណាស់ ដែល​អាស៊ាន​អាច​សម្រេច​គោលដៅ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ