អានតួអត្ថបទ
កម្ពុជា

សកម្មជន​ការពារ​អ្នកក្រីក្រ​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​

សកម្មជន​ការពារ​អ្នក​មាន​ប្រាក់​ចំណូល​តិចតួច​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ។ ការ​ទាមទារ​នេះ​បាន​ធ្វើឡើង​ចំ​ពេល​ដែល​ទំនិញ​នៅ​លើ​ទីផ្សារ​បន្ត​ឡើង​ថ្លៃ​គ្មាន​ទី​បញ្ចប់។ ​ប៉ុន្តែ ​តំណាង​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​​តប​វិញ​ថា រដ្ឋាភិបាល​បាន​និង​កំពុង​គិតគូរ​លើ​បញ្ហា​នេះ។

សហភាព​ជាតិ​​កម្ពុជា​​ការពារ​​កម្មករ​ដែលសមាជិក​​ប្រមាណ​​៥០០​នាក់​​នឹង​ជួប​​ជុំគ្នា​​នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​​ស្អែក​ដើម្បី​​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​
សហភាព​ជាតិ​​កម្ពុជា​​ការពារ​​កម្មករ​ដែលសមាជិក​​ប្រមាណ​​៥០០​នាក់​​នឹង​ជួប​​ជុំគ្នា​​នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​​ស្អែក​ដើម្បី​​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

កម្មករ​និយោជិត​​ជា​ច្រើន​រយ​នាក់​គ្រោង​នឹង​ជួបជុំគ្នា​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ផ្សារ​ដែល​បន្ត​ឡើងថ្លៃ​គ្មាន​ទី​បញ្ចប់។

លោក សាត់ ឈាងហួរ ប្រធាន​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​បាន​ថ្លែង​អោយ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សមាជិក​របស់​លោក​ចំនួន​ប្រមាណ​ជា​៥០០​នាក់​នឹង​ជួប​ជុំគ្នា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ស្អែក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ។

សមាគម​គ្រោង​នឹង​ទាមទារ​អោយ​បញ្ចុះ​តម្លៃ​ទំនិញ​ជាទូទៅ​ប៉ុន្តែ​អ្វី​ដែល​សមាគម​ទាមទារ​អោយ​ចុះ​ជា​បន្ទាន់​និង​ចាំបាច់​បំផុត​នោះ​គឺ​តម្លៃ​ប្រេងសាំង។ ​ប្រេង​សាំង​ឡើង​ថ្លៃ​គឺ​ជា​ដើមចម​ដែល​ទាញ​អោយ​តម្លៃ​ទំនិញ​ផ្សេង​ទៀត​ឡើង​ថ្លៃ​តាម។ ស្ត្រី​មេផ្ទះ​ជាច្រើន​នាក់​បាន​រអ៊ូ​រទាំ​ថា ទំនិញ​ហូប​ចុក​ប្រចាំថ្ងៃ​ដូចជា៖​ត្រី សាច់​មាន់ ​សាច់គោ​និង​បន្លែ​មាន​ការ​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង។

លោក សាត់ ឈាងហួរ ប្រធាន​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​បាន​បន្ថែម​ទៀត​ថា ប្រាក់​ចំណូល​របស់​កម្មករ​នា​ពេល​បច្ចុប្បន្ន​មិន​មាន​តុល្យភាព​និង​ការ​ចំណាយ​​ទេ​ពីព្រោះ​តម្លៃ​ជួលផ្ទះ​ស្នាក់​នៅ​ឡើង​ថ្លៃ តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ​និង​តម្លៃ​ធ្វើ​ដំណើរ​ឡើង​ថ្លៃ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​នេះ លោក កែវ រ៉េមី ប្រធាន​ក្រុម​អ្នកនាំពាក្យ​នៃ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​រាជរដ្ឋាភិបាល​បាន​ព្យាយាម​​គ្រប់គ្រង​ស្ថានភាព​អតិផរណា​តម្លៃ​ទំនិញ​ហើយ​ប៉ុន្តែ​តម្លៃ​ប្រេង​ដែល​ផលិត​ដោយ​ប្រទេស​អារ៉ាប់​បាន​បន្ត​ឡើង​ថ្លៃ​គ្មាន​ឈប់ឈរ។ ​កត្តា​ខាង​ក្រៅ​នេះ​បាន​ជះ​ឥទ្ធិពល​តិច​ឬ​ច្រើន​មក​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក កែវ រ៉េមី បាន​ពន្យល់​ថា រាជ​រដ្ឋាភិបាល​មិន​ឈរ​អោប​ដៃ​នៅ​ស្ងៀម​នោះ​ទេ។​ នា​ពេល​កន្លងមក ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​និង​ជូន​គ្រូបង្រៀន​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋ។ ​លោក កែវ រ៉េមី បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​យល់​ច្បាស់​ពី​សុខទុក្ខ​របស់​ប្រជាជន​និង​ពី​ផល​ប៉ះ​ពាល់​ធ្លាក់​មក​លើ​ពួកគេ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​មាន​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៩​រួចមក ប្រទេស​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ល្អ​ឡើងវិញ​នៅ​ឆ្នាំ​២០១០​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១២។ ​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​វិញ​មែន​ប៉ុន្តែ​អត្រា​អតិផរណា​តម្លៃ​ទំនិញ​ក៏​ទំនង​ជា​ចាប់​ផ្ដើម​កើន​ឡើង​ដែរ។

ការ​កើន​ឡើង​តម្លៃ​ទំនិញ​នឹង​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ដល់​អ្នកទទួល​បាន​ប្រាក់​ចំណូល​ទាប។ ប្រទេស​កម្ពុជា​នៅ​មាន​ប្រជាជន​៣០​ភាគរយ​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ