អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ី​ប៉ែកអាគ្នេយ៍​ចាក់ស្រេះ​ដោយ​បញ្ហាទឹកដី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​តតាំង​គ្នា​រវាង​កម្ពុជា​និង​ថៃ​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុងឡាអេ​ស្តីពី​បញ្ហា​ដែនដី​គឺជា​ព្រឹត្តិការណ៍​ថ្មី​នៃ​សំណុំ​រឿង​ចាស់។ ជម្លោះ ​រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​បង្ក​ជា​ភ្លើង​សង្គ្រាម​ឈ្លាន​ពាន​ទឹកដី​នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ស្រួចស្រាល់​មិន​ចប់ ​មិន​ហើយ​នៃ​ជម្លោះ​ដណ្តើម​ទឹកដី។ ​និយាយ​ពី​បញ្ហា​ព្រំដែន​នេះ​ មិន​មែន​មាន​តែ​កម្ពុជា​និង​ថៃ​ប៉ុណ្ណោះ​ទេ ​តែ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ទាំង​មូល​គឺជា​តំបន់​ដែល​រុំព័ទ្ធ​ដោយ​បញ្ហា​ ព្រំដែន​ចាក់​ស្រេះ​ពិបាក​ដោះស្រាយ។

បញ្ហា​​​រវាង​​កម្ពុជា​និង​ថៃ​​នៅ​ប្រាសាទ​​ព្រះវិហារ​​ ប្រាសាទ​​តាមាន់​​ និង​តាក្របី​​គឺជា​​បច្ចុប្បន្នភាព​​ដែល​​ធ្វើ​ឲ្យ​​អាស៊ី​​ ប៉ែក​អាគ្នេយ៍​​រំជើប​​រំជួល​
បញ្ហា​​​រវាង​​កម្ពុជា​និង​ថៃ​​នៅ​ប្រាសាទ​​ព្រះវិហារ​​ ប្រាសាទ​​តាមាន់​​ និង​តាក្របី​​គឺជា​​បច្ចុប្បន្នភាព​​ដែល​​ធ្វើ​ឲ្យ​​អាស៊ី​​ ប៉ែក​អាគ្នេយ៍​​រំជើប​​រំជួល​ © វណ្ណារ៉ា/RFI/VAnnara
ផ្សាយពាណិជ្ជកម្ម

ភូមិភាគ​អាស៊ី​ប៉ែក​អាគ្នេយ៍​ត្រូវ​បាន​អ្នកនិពន្ធ​បស្ចិម​ប្រទេស​ពិពណ៌នា​ថា​ជា​តំបន់​ដែល​សម្បូរ​បែប​ខាង​សម្បត្តិ​វប្បធម៌។ ​ប៉ុន្តែ ​តំបន់​នេះ​ក៏​សម្បូរ​ណាស់​ដែរ​នូវ​ជម្លោះ​ចាក់ស្រេះ​នៃបញ្ហា​ទឹកដី​។ ​ការ​គូស​កំណត់​បន្ទាត់​ព្រំដែន​ដែល​បន្សល់​ដោយ​របប​អាណានិគម​ជា​បញ្ហា​មួយ​ ចំណែក​ឯ​ភូមិសាស្ត្រ​នៃ​តំបន់​ដែល​សម្បូណ៌​​ដោយ​ដីកោះ​គឺជា​មូលហេតុ​មួយ​ទៀត​នៃ​ការ​ដណ្តើម​ទឹកដី​គ្នា។

 
បញ្ហា​ដែល​កំពុង​កើត​ឡើង​ក្តៅ​គគុក​រវាង​កម្ពុជា​និង​ថៃ​នៅ​ប្រាសាទ​ព្រះវិហារ​ ប្រាសាទ​តាមាន់​ និង​តាក្របី​គឺជា​បច្ចុប្បន្នភាព​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​ភូមិភាគ​អាស៊ី​ប៉ែក​អាគ្នេយ៍​រំជើប​រំជួល។ ​តែ​នេះ​មិន​មែន​ជា​ករណី​តែ​មួយ​គត់​ឯណា​ ប្រទេស​ជាច្រើន​ក្នុង​តំបន់​នេះ​សុទ្ធតែ​មាន​ជម្លោះ​បញ្ហា​ព្រំដែន​រ៉ាំរ៉ៃ​ជាមួយ​គ្នា ​ហើយ​ប្រទេស​ខ្លះ​មាន​បញ្ហា​ជា​មួយ​អ្នកជិត​ខាង​ស្ទើរតែ​ជុំទិស​ទៀត​ផង។ ​ជាក់​ស្តែង​ ប្រទេស​ថៃ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​កម្ពុជា​ តែ​ថៃ​ក៏មាន​ជម្លោះ​ផង​ដែរ​ជាមួយ​ឡាវ​ ភូមា ​និង​ម៉ាឡេស៊ី។ ​ជម្លោះ​កម្ពុជា​ថៃ​ បាន​ធ្វើ​ឲ្យ​រសើប​ដល់​បញ្ហា​ទឹកដី​រវាង​ប្រទេស​នីមួយៗ​នៅ​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍​ទាំងមូល។

តាមពិតជម្លោះដែលល្បីល្បាញជាងគេនៅ​ក្នុង​ភូមិភាគ​នេះ​គឺជាជម្លោះនៅឯប្រជុំកោះ​ Spratly ​និង ​Paracel​ ដែល​ជា​ទីលាន​សមរភូមិ​ក្តៅ​រវាង ​សិង្ហបុរី​ ព្រុយណេ ​ហ្វីលីពីន​ វៀតណាម ​រួម​ទាំង​ចិន​ផង​ដែរ។ ​ជម្លោះ​នេះ​គឺជា​បញ្ហា​ដ៏​ចំណាស់​ជាង​គេ​មួយ​ និង​ក៏​ស្មុគស្មាញ​ជាង​គេ​មួយ​ដែរ​នៅ​ក្នុង​តំបន់។ ​ជម្លោះ​បាន​ឡើង​កម្តៅ​ជា​ខ្លាំង​ម្តង​ទៀត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ​បាន​កើត​ឡើង​បី​ដង​រួច​ទៅ​ហើយ​រវាង​ចិន​និង​វៀតណាម​នៅ​ឆ្នាំ​១៩៥៦ ​ឆ្នាំ ​១៩៧៤ និង​ឆ្នាំ១៩៨៨។

ឥឡូវ​នេះ​ ប្រសិន​បើ​គេ​ពិនិត្យ​បញ្ហា​របស់​ប្រទេស​នីមួយៗ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍​ គេ​នឹង​ឃើញ​ថា​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​មាន​បញ្ហា​ព្រំដែន​ជាមួយ​គ្នា។ ​ជាក់ស្តែង ​ជម្លោះ​កម្ពុជា​និង​ថៃ​ស្តីពី​បញ្ហា​ព្រះវិហារ ​ជម្លោះថៃ​ជាមួយ​ឡាវ​នៅ​តំបន់​ពួក​ទ័ព​ព្រៃ​តាម​ព្រំដែន​ឦសាន។ ​ជម្លោះ​ព្រំដែន​ថៃ​ភូមា​នៅ​តំបន់​ត្រីកោណ​មាស ​ជម្លោះ​ថៃ​និង​ម៉ាឡេស៊ី​​ជម្លោះ​រវាង​ម៉ាឡេស៊ី​ជាមួយ​ឥណ្ឌូនេស៊ី​នៅ​លើ​កោះ ​Sipadan ​ជម្លោះ​រវាង​ម៉ាឡេស៊ី​និង​សិង្ហបុរី​នៅ​តំបន់​ផ្លូវដែក ​ជម្លោះ​រវាង​ម៉ាឡេស៊ី​និង​ហ្វីលីពីន​នៅ​តំបន់ ​Sabah ។ល។​និង​។ល។ ​សុទ្ធតែ​ជា​បញ្ហា​ដែល​ស្ថិត​នៅ​ជា​បច្ចុប្បន្នភាព​នៅ​ឡើយ។

បើ​ពិនិត្យ​ឲ្យ​លម្អិត​ជាង​នេះ ​ប្រទេស​ម៉ាឡេស៊ី​ក៏ដូច​ជា​ថៃ​ដែរ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ស្ទើរតែ​ទាំង​អស់។ ​ក្នុង​បរិបទ​នៃ​ជម្លោះ​នៅ​ប្រជុំកោះ ​Spratly​ និង ​Paracel ​ម៉ាឡេស៊ី​ក៏​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ដែរ។ ​យ៉ាងណា​ក៏ដោយ ​ជម្លោះ​រវាង​ម៉ាឡេស៊ី ​និង​ហ្វីលីពីន​នៅ​Sabah​ កំពុង​ស្ថិត​លើ​ផ្លូវ​នៃ​ដំណោះ​ស្រាយ​មួយ​ទោះបី​ជា​បញ្ហា​រវាង​ប្រទេស​ទាំងពីរ​នៅ​តែ​តាន​តឹង​នៅ​ឯ​ប្រជុំកោះ​ Spratly ​និង​ Paracel​ ក៏ដោយ។ ​កាលពី​ខែ​មីនា​ឆ្នាំ១៩៩៤ ​កតិកាសញ្ញា​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ម៉ាឡេស៊ី ​និង​ហ្វីលីពីន។ ​ថ្មីៗ​នេះ ​ក្នុង​អំឡុង​ខែ​មីនា​កន្លង​ទៅ ឥណ្ឌូនេស៊ី​និង​សិង្ហបុរី​ក៏​បាន​ចុះ​ហត្ថលេខា​ជាមួយគ្នា​លើ​ដំណោះស្រាយ​ព្រំដែន​សមុទ្រ​ជុំវិញ​បញ្ហា​កោះ​ Nipah ​ដែរ។

ចំណែក​ឯ​ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី ​និង​ឥណ្ឌូនេស៊ី​ដែល​មាន​សភាព​តានតឹង​តាំង​ពី​អំឡុង​ទសវត្សរ៍​៦០​មក​នោះ​ ហាក់​ដូច​ជា​មាន​សភាព​ធូរស្រាល​បន្តិច​ឡើង​វិញ​ទោះ​បីជា​ជម្លោះ​ដែន កោះ​នៅតែ​មិន​អាច​រក​ដំណោះស្រាយ​បាន។ ​ដូច​គ្នា​អ៊ីចឹង​ដែរ ​ទំនាក់​ទំនង​រវាង​ម៉ាឡេស៊ី​និង​សិង្ហបុរី​មាន​លក្ខណៈ​ល្អ​ប្រសើរ​បន្តិច។​ ប៉ុន្តែ ​ប្រទេស​ទាំងពីរ​នៅ​តែ​មាន​ជម្លោះ​តានតឹង​នៅ​ឯ​កោះ ​Batu Putih ​នៅ​ក្នុង​ដៃ​សមុទ្រ ​Johor ។

សរុប​មក​វិញ ​ជម្លោះ​ទឹកដី​រវាង​បណ្តា​ប្រទេស​អាស៊ាន​ជា​បញ្ហា​យូរអង្វែង​និង​ពិបាក​ដោះស្រាយ​។ ​ជម្លោះ​ខ្លះ​បាន​នាំ​ដល់​ការ​ផ្ទុះ​សង្គ្រាម ​ជម្លោះ​ខ្លះ​ត្រូវ​ពឹក​ពាក់​លើ​តុលាការ​អន្តរជាតិ​ដូច​ជា​ករណី​កម្ពុជា​ថៃ ​និង​ឥណ្ឌូនេស៊ី​ជាមួយ​ម៉ាឡេស៊ី​ជាដើម។ ​រីឯ​ករណី​ខ្លះ​ទៀត​ត្រូវ​បាន​ដោះ​ស្រាយ​​​ជា​លក្ខណៈ​ទ្វេភាគី​តាមរយៈ​ការ​ចរចា ​ដូច​ជា​សិង្ហបុរី ​និង​ឥណ្ឌូនេស៊ី ​ឬ​ក៏​កម្ពុជា​និង​វៀតណាម។ ​ប៉ុន្តែ ជម្លោះ​ព្រំដែន​ជាច្រើន​ទៀត​កំពុង​ចាក់ស្រេះ​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍​ដែលធ្វើ​ឲ្យ​ប្រជាជាតិ​ក្នុង​តំបន់​នេះខ្វះ​ភាព​សុខដុម​រមនា​រវាង​គ្នា​ ហើយភាព​ចាក់ស្រេះ​នៃ​បញ្ហា​ទឹកដី​ក៏បង្កជា​ឧបសគ្គ​ធំធេង​សម្រាប់​គោលការណ៍​សមាហរ័ណកម្ម​នៃ​សមាគម​អាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ