កម្ពុជា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍ 20 មករា 2011 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ព្រហស្បតិ៍ 20 មករា 2011

នាយក​រដ្ឋមន្ត្រី​ គម្រាម​កុំ​ឲ្យ​ក្រុម​ប្រឆាំង​ បះបោរ​ដូច​នៅ​ប្រទេស​ទុយនីស៊ី

លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការព្រមាន​មិន​ឲ្យ​ក្រុម​អ្នក​ប្រឆាំង​ ធ្វើ​ការ​បះបោរ​ដូច​នៅ​ប្រទេស​ទុយនីស៊ី​ឡើយ។​
លោក ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការព្រមាន​មិន​ឲ្យ​ក្រុម​អ្នក​ប្រឆាំង​ ធ្វើ​ការ​បះបោរ​ដូច​នៅ​ប្រទេស​ទុយនីស៊ី​ឡើយ។​
© សុវណ្ណារ៉ា

ដោយ លី ម៉េងហួរ

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឡើង​កាន់​តំណែង ២៦ ឆ្នាំ​មក​ហើយ បាន​ធ្វើ​ការ​ព្រមាន​ជា​ថ្មី ដោយ​មិន​ឲ្យ​ក្រុម​អ្នក​ប្រឆាំង ធ្វើ​ការ​បះបោរ ដូច​នៅ​ប្រទេស​ទុយនីស៊ី​ឡើយ។ ប្រទេស​ទុយនីស៊ី នៅ​អាហ្វ្រិក​ខាង​ជើង កំពុង​កើត​មាន​កុប្បកម្ម បង្ក​ដោយ​កម្លាំង​ប្រជាជន ដើម្បី​បណ្តេញ​លោក បិន អាលី ដែល​កាន់​អំណាច ២៣ ឆ្នាំ​មក​ហើយ ចេញពី​តំណែង​ប្រធានាធិបតី។ ក្នុង​ពិធី​សម្ពោធ​អាគារ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម នៅ​ព្រឹកមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា គណបក្ស​ប្រឆាំង ចុះ​ខ្សោយ ឬ​ខ្លាំង គឺ​មិន​ចំណុះ​លើ​រូប​លោកឡើយ។

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ
 
20/01/2011
by លី ម៉េងហួរ
 
 

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​​ដែល​ថា កម្ពុជា​គួរមើល​គំរូ​នៃ​ការ​ធ្វើ​មហា​បាតុកម្ម ក្នុង​ប្រទេស​ទុយនីស៊ី ដែល​បាន​បណ្តេញ​ប្រធានាធិបតី​ចេញពី​អំណាច នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទុកជា​មុន​ថា បើ​ចង់​យក​ប្រធានបទ​នៅ​ប្រទេស​ទុយនីស៊ី មក​ធ្វើ​នៅ​កម្ពុជា ដើម្បី​បះបោរ​បណ្តេញ​ប្រមុខ​ដឹកនាំ​ប្រទេស នោះ​លោក​នឹង​ចាត់​វិធានការ​ក្តៅ ដើម្បី​បង្ក្រាប​យ៉ាង​ចាស់ដៃ​ជា​មិនខាន។
 
វិធានការ​បង្ក្រាប ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ចាប់​តាំងពី​ថ្ងៃ​១៤​មករា ឆ្នាំ​១៩៨៥ អះអាង​ថា ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ដែល​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត។
 
ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​អាគារ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​២០​មករា​នេះ។
 
មួយ​វិញ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង ដែល​ចុះ​ខ្សោយ​សព្វថ្ងៃ មិនមែន​មកពី​រូប​លោក ឬ​គណបក្ស​ប្រជាជន​ទេ ប៉ុន្តែ​មកពី​ការ​ដឹកនាំ​របស់​គណបក្ស​ប្រឆាំង​ខ្លួន​ឯង។ តាម​លោក​នាយក​រដ្ឋមន្ត្រី លោក​នឹង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ចុះខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​នឹង​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ងាប់​តែ​ម្តង។
 
ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដូច្នេះ បាន​សំដៅ​លើ​អ្នក​រិះគន់​មួយ​ចំនួន ជាពិសេស​ការ​រិះគន់​របស់​លោក ប្រេដ អាដាម នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក ដែល​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី បាន​ប្រើ​វិធី​បំបែក ដើម្បី​គ្រប់គ្រង​អំណាច និង​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ។ រីឯ​អ្នក​វិភាគ​នយោបាយ​ខ្លះ ក៏​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​បះបោរ នៅ​ប្រទេស​ទុយនីស៊ី​សព្វថ្ងៃ ដែល​បាន​បណ្តេញ​ប្រធានាធិបតី កាន់​អំណាច​ជាង ២៣ ឆ្នាំ ចេញ​ពី​តំណែង នាំ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាមស៊ីវិល។
 
យ៉ាងណាក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្នុង​ការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ ខាង​មុខ បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់​ឆ្នោត លោក​នឹង​ចុះ​ពី​តំណែង និង​ប្រគល់​អំណាច​ដល់​គណបក្ស​ឈ្នះ​ឆ្នោត ដោយ​សន្តិវិធី៕

tags: កម្ពុជា - គណបក្សនយោបាយ
Close