អានតួអត្ថបទ
កម្ពុជា

បិទ​ប្លុក​ ki-media​ មិន​ឲ្យ​មើល​ឃើញ​នៅ​កម្ពុជា

នៅ​ថ្ងៃ​ពុធ​នេះ អ្នកប្រើប្រាស់​អ៊ិនថឺណេត​នៅ​កម្ពុជា មិន​អាច​មើលឃើញ​គេហទំព័រ ki-media ទៀតឡើយ​។ ការបិទ​ខ្ទប់​គេហទំព័រ ដែល​រិះគន់​រដ្ឋាភិបាល​នេះ ត្រូវបាន​អ្នក​ផ្តល់​សេវា​អ៊ិនថឺណេត អះអាងថា ជា​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ដាក់ចេញ កាលពី​ល្ងាច​ថ្ងៃទី​១៨​មករា​ម្សិលមិញ​។ ចំណែក​មន្ត្រី​រដ្ឋាភិបាល បាន​បដិសេធថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​គោលការណ៍ បិទ ឬក៏​ប្លុក មិន​ឲ្យ​អ្នកប្រើប្រាស់​អ៊ិនថឺណេត មើលឃើញ​នូវ​គេហទំព័រ ki-media នោះឡើយ​។

នៅថ្ងៃពុធ​នេះ​​អ្នក​ប្រើប្រាស់ អ៊ិន​ថឺណេត​នៅ​កម្ពុជា​​ មិន​អាច​មើល​ឃើញ​គេហទំព័រ Ki-media
នៅថ្ងៃពុធ​នេះ​​អ្នក​ប្រើប្រាស់ អ៊ិន​ថឺណេត​នៅ​កម្ពុជា​​ មិន​អាច​មើល​ឃើញ​គេហទំព័រ Ki-media © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

02:31

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

លី ម៉េងហួរ

បុគ្គលិក​អ្នក​ផ្តល់​ព័ត៌មាន​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ិន​ថឺ​ណេត EZECOM បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​១៩​មករា​នេះ​ថា ក្រសួង​មហាផ្ទៃ បាន​ប្រាប់​មក​ខាង​ក្រុមហ៊ុន ឲ្យ​បិទ ( ប្លុក ) ចំពោះ​រាល់​គេហទំព័រ​អ៊ិនថឺណេត​ទាំងឡាយណា ដែល​មាន​អាសយដ្ឋាន blogspot​។ ក្នុងនោះ ក៏​មាន​វេបសាយ ki-media ផង​ដែរ។

blogspot ជា​ប្រព័ន្ធ​អ៊ិនថឺណេត ដែល​អាច​ឲ្យ​មហាជន​ទូទៅ បង្កើត​វេបសាយ​ផ្ទាល់ខ្លួន ដោយ​ឥតគិតថ្លៃ​។ មួយវិញទៀត ការ​ប្លុក មិនឲ្យ​មើលឃើញ​នូវ​វេបសាយ blogspot ជាពិសេស​គេហទំព័រ ki-media នាពេលនេះ នាំ​ឲ្យ​មហាជន​រិះគន់ថា ជា​ការរារាំង​នូវ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ទទួល​ព័ត៌មាន ហើយ​រដ្ឋាភិបាល​គួរតែ​បិទ​តែ​គេហទំព័រ ki-media មួយ​បាន​ហើយ ប្រសិនបើ​គេហទំព័រ​នោះ មាន​កំហុសឆ្គង។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ បាន​បដិសេធ​ថា រដ្ឋាភិបាល​មិន​មាន​គោលការណ៍ បិទ​វេបសាយ ki-media ទេ ខណៈ​ដែល​អ្នក​ប្រើប្រាស់​សេវា​អ៊ិនថឺណេត របស់​ក្រុមហ៊ុន EZECOM និង Metfone មិន​អាច​ចូល​មើល​គេហទំព័រ ki-media និង blogspot បាន​ទៀត​ឡើយ កាលពី​ថ្ងៃ​ទី​១៩​មករា​ឆ្នាំ ២០១១។

លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ជុំវិញ​បទបញ្ជា​ឲ្យ​បិទ​រាំងខ្ទប់​គេហទំព័រ ki-media។

ចំណែក​លោក ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​យ៉ាង​ខ្លី​ថា ក្រសួង​ព័ត៌មាន មិន​មាន​គោលការណ៍​ប្លុក​គេហទំព័រ ki-media នោះទេ។

ដោយឡែក​នៅក្នុង​សន្និសីទ​កាសែត ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន លើក​ទី​១០ កាលពី​រសៀល​ថ្ងៃ​ទី​១៩​មករា​នេះ លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​បដិសេធ​ដោយ​ខ្លី​ថា រដ្ឋាភិបាល​មិន​បាន​បិទ​គេហទំព័រ ki-media នោះឡើយ​។ រី​ឯ​ការបើក​មើលមិនឃើញ​គេហទំព័រ​នោះ អាច​មក​ពី​បញ្ហា​បច្ចេកទេស។

គេហទំព័រ ki-media បាន​ធ្វើ​ការរិះគន់ និង​ប្រមាថ​ឥត​សំចៃ ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​។ ថ្មីៗ​នេះ ki-media ដែល​មាន​និន្នាការ​លំអៀង​ទៅ​ខាង​គណបក្ស​សមរង្ស៊ី បាន​ប្រើ​ពាក្យ ក្បត់ជាតិ ដោយភ្ជាប់ទាំង​រូបថត​ប្រមុខ​ដឹកនាំ​ជាតិ ទាក់ទង​នឹង​សំណុំរឿង​ព្រំដែន​កម្ពុជា-វៀតណាម។

ការ​បោះពុម្ព​គេហទំព័រ ki-media ក៏​នាំ​ឲ្យ​បុរស​បុគ្គលិក​អង្គការ WFP លោក សេង គុណ​ការ ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៦ ខែ កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ