អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កម្ពុជា៖ សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ តែ​ល្អ​ជាង​គេ​ក្នុង​អាស៊ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ ២០១០​នេះ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​លេខ​១២៨​ក្នុង​ចំណោម​ ប្រទេស​១៧៨​នៅ​​លើ​ពិភពលោក​ខាង​ផ្នែក​សេរីភាព​សារព័ត៌មាន។​ នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ​​២០១០​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ ព្រំដែន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​​បារាំង​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ ពុធ​នេះ។ ​តាម​រយៈ​ចំណាត់​ថ្នាក់​នេះ ​ប្រទេស​កម្ពុជា​​បាន​ធ្លាក់​ចុះ​ចំនួន​១១​ខ្ទង់​បើ​ធៀប​នឹង​ឆ្នាំ​២០០៩។ ​ប៉ុន្តែ ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​​អាស៊ាន ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​គេ។

កម្ពុជា៖ សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ តែ​ល្អ​ជាង​គេ​ក្នុង​អាស៊ាន
កម្ពុជា៖ សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ តែ​ល្អ​ជាង​គេ​ក្នុង​អាស៊ាន ©RFI
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០១០​នេះ ​​សេរីភាព​សារព័ត៌​នៅ​កម្ពុជា​បាន​រអិល​​ធ្លាក់​ចុះក្រោម​វិញ​យ៉ាង​គំហុក​ពោល​គឺ​កម្ពុជា​បាន​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទី​១១៧​នៅ​ឆ្នាំ​២០០៩​ដល់​១២៨​ក្នុង​ឆ្នាំ​២០១០​នេះ។ ​នេះ​ជា​ការ​វាយ​តម្លៃ​របស់​អង្គការ​សារព័ត៌មាន​គ្មាន​ព្រំដែន​( Reporter Sans frontière)​​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

គេ​អាច​យល់​បាន​ថា ​ព្រឹត្តិការណ៍​នៃ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នកកាសែត​ពីរ​រូប​គឺ​​លោក​ហង់ ​ចក្រា​ចាងហ្វាង​កាសែត​ប្រឆាំង​ឈ្មោះ​«ខ្មែរម្ចាស់ស្រុក» ​និង​អ្នក​កាសែត​​ម្នាក់​ទៀត​ឈ្មោះ​រស់ ​សុឃិត​ពិត​ជា​មូលហេតុ​ចម្បង​ដែលធ្វើឲ្យសេរីភាពសារព័ត៌មាន​នៅ​កម្ពុជា​ស្រុត​ចុះ​យ៉ាង​ដូច្នេះ។ ​លោកហង់ ចក្រា​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​៩​ខែ​មុន​នឹង​ត្រូវ​គេ​ដោះលែង​ឲ្យ​​មាន​សេរីភាព​ឡើង​វិញ។ លោក​ត្រូវ​បាន​មេធាវី​រដ្ឋាភិបាល​ប្តឹង​ពី​បទ​ផ្សាយ​ព័ត៌មាន​​មិន​ពិត​និង​ការ​ញុះញង់​ឲ្យ​មាន​អស្ថិរភាព​នយោបាយ។​ ចំណែក​ឯ​លោក​រស់​ សុឃិត​ ត្រូវ​បាន​អ្នក​កាសែត​ដូចគ្នា​ប្តឹង​ពី​បទ​គំរាម​កំហែង ​និង​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​​នៅ​ឡើយ។

ព្រឹត្តិការណ៍​នេះ​បាន​ទទួល​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​បក្ស​ប្រឆាំង​និង​អង្គការ​​សង្គម​ស៊ីវិល​មួយ​ចំនួន​និង​ជាពិសេស​ដោយ​ក្រុម​អ្នកកាសែត។ ​ពួកគេ​​ចាត់​ទុក​ថា​ជា​ការ​​ធ្វើ​​ទុក្ខ​​បុក​​ម្នេញ​ដល់​អ្នកកាសែត​​ក្នុង​គោល​ដៅ​បំបិទ​សេរីភាព​របស់​ពួកគេ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ។​ ប៉ុន្តែ រដ្ឋាភិបាល​ដែល​ជាដើម​បណ្តឹង​វិញ​បាន​អះអាង​ថា​នេះ​ជា​បញ្ហា​ផ្លូវ​ច្បាប់​សុទ្ធសាធ​ដែល​​អ្នកកាសែត​បាន​បំពាន។

ជា​ការពិត ​ស្តាប់​ទៅ ​ភាគី​នីមួយៗ​សុទ្ធតែ​មាន​អំណះ​អំណាង​រៀងៗ​ខ្លួន​សម្រាប់​​ការពារ​ទង្វើ​និង​ការ​រិះគន់​របស់​ខ្លួន​ ហើយ​អំណះ​អំណាង​ទាំង​នោះ​ ទោះ​តិច​ឬ​ច្រើន​​ក៏មាន​ការ​ពិត​នៅ​ក្នុង​នោះ​ដែរ។ ​ក៏ប៉ុន្តែ ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ក្នុង​បរិបទ​នៃ​​របប​ប្រជាធិបតេយ្យ​សេរី ​ការ​ចាប់​អ្នកកាសែត​ដាក់​ពន្ធនាគារ​ដោយ​សារ​តែ​ការ​សរសេរ​​អត្ថបទ​គឺ​ជា​រឿង​ដែល​មិន​គួរ​នឹង​កើត​មាន​ទៀត​ឡើយ​ពីព្រោះ​ថា ​សេរីភាព​សម្តែង​មតិ​​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ និង​ជា​ពិសេស​ដោយ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន។

រឿង​ចម្លែក​មួយ​សម្រាប់​កម្ពុជា​គឺ​អ្នកកាសែត​ត្រូវ​បាន​ដើម​បណ្តឹង​និង​តុលាការ​​យក​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​មក​ប្រើ​ជំនួស​ច្បាប់​ស្តីពី​របប​សារព័ត៌មាន។​ គោលដៅ​​នៃ​ការ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ចាប់​អ្នកកាសែត​ដាក់​ពន្ធនាគារ​​ឡើយ ។​ តាម​ពិត ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​មិន​បាន​ការពារ​អ្នកកាសែត​ដែល​​ធ្វើ​ខុស​ឡើយ​ពោល​គឺ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈ​នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​​យ៉ាង​ធ្ងន់ធ្ងរ។​ តែ​ច្បាប់​នេះ​គ្រាន់​តែ​ការពារ​អ្នកកាសែត​ឲ្យ​រួច​ផុត​ពី​ទោស​ជាប់​ពន្ធនាគារ​​តែ​ប៉ុណ្ណោះ។ ​ប៉ុន្តែ ​គួរ​ឲ្យ​សោកស្តាយ​ច្បាប់​របប​សារព័ត៌មាន​ជាញឹកញយ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​​ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ។

យ៉ាង​ណា​ក៏ដោយ ​កម្ពុជា​មាន​សេរីភាព​សារព័ត៌មាន​ល្អ​ជាង​គេ​ក្នុង​ចំណោម​​បណ្តា​ប្រទេស​អាស៊ាន។​ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​ពោល​គឺ​កម្ពុជា​បាន​​ឈរ​លំដាប់​ថ្នាក់​ទី​២​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​បន្ទាប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​​ដែល​ឈរ​នៅ​លេខ​រៀង​ទី​១១៧។ ​ក្នុង​ន័យ​នេះ ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មិន​​​អាក្រក់​នោះ​ឡើយ ​បើ​ធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ ដែល​សេរីភាព​សារព័ត៌មាន​​កំពុង​តែ​ជួប​ប្រទះ​នឹង​ព្យុះ​ព្យោមា​យ៉ាង​សម្បើម។

សរុប​មក​វិញ ​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ភូមិភាគ​អាស៊ី ​និង​ជាពិសេស​អាស៊ី​ប៉ែក​​អាគ្នេយ៍​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​ស្រុត​ចុះយ៉ាង​ខ្លាំង​ខាង​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​​បរិបទ​ដែល​ប្រទេស​មួយ​ចំនួន​ជួប​ប្រទះ​នឹង​អស្ថិរភាព​នយោបាយ​ដូច​ជា​ប្រទេស​ថៃ​​និង​ហ្វីលីព្វីន​ជាដើម។ ​នេះ​នៅ​មិន​ទាន់​រាប់​ប្រទេស​ដែល​កាន់​របប​កុម្មុយ​និស្ត​និយម​​ដូចជា​វៀតណាម​ឬឡាវ​នោះ​ទេ។

ដោយ​ឡែក​កម្ពុជា​ ស្ថិរភាព​នយោបាយ​មិន​ទាន់​មាន​បញ្ហា​ក៏​ពិត​មែន ​ក៏ប៉ុន្តែ​ ជួនកាល​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​អំពី​បញ្ហា​នេះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រើ​វិធានការ​ក្តៅ​ជ្រុល​ទៅ​លើ​ក្រុម​ប្រឆាំង​និង​ក្រុម​អ្នកកាសែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ