អានតួអត្ថបទ
កម្ពុជា

លោកស្រី មូរ សុខហួរ បង្កើតមូលនិធិជួយស្ត្រី

នៅ​ថ្ងៃ​អង្គារ​នេះ ​លោកស្រី ​មូរ សុខ​ហួរ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម​ រង្ស៊ី ​ដែល​បាន​ចាញ់​ក្តី ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក្នុង​សំណុំរឿង​បរិហារ​កេរ្តិ៍ ​បាន​ប្រកាស​បង្កើត​មូលនិធិ ​ស្ត្រី​ដើម្បី​យុត្តិធម៌។​ មូលនិធិ​នេះ នឹង​ជួយ​ដល់​ស្ត្រី​វ័យ​ក្មេង ​ដើម្បី​ក្លាយ​ខ្លួន ជា​មេធាវី ​សម្រាប់​ការពារ​ក្តី​ស្ត្រី​រង​គ្រោះ​កម្ពុជា។ 

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

02:38

សេចក្តីរាយការណ៍របស់​ លី ម៉េងហួរ

លី ម៉េងហួរ

ក្រុម​ចលនា​ស្ត្រី​ខ្មែរ​ដែល​គាំទ្រ​លោកស្រី ​មូរ សុខ​ហួរ ​បាន​ប្រគល់​ថវិកា​​រៃ​អង្គាស​ជិត ​៤ លាន​រៀល ​ស្មើ​ប្រមាណ ១.០០០ ដុល្លារ​អាមេរិក ជា​មួយ​​នឹង​ស្នាម​មេដៃ​ជាង ​៤.០០០ នាក់ ​ជូន​លោកស្រី​ មូរ ​សុខហួរ ។​ ថវិកា​នេះ​ជា​ផ្នែក​មួយ​ នៃ​ថវិកា​រៃ​អង្គាស​ ១៣,៦ លាន​រៀល ដែល​ចលនា​​ស្ត្រី​ខ្មែរ ​ប្រមូល​បាន​ពី​ក្រុម​កម្មករ ​ស្ត្រី​ប្រកប​របរ​ផ្លូវភេទ ​ស្ត្រី​ផ្សព្វផ្សា​យ​ស្រា​បៀរ ​ក្រុម​អ្នក​រត់​ម៉ុតូឌុប​ អាជីវករ​ កសិករ ​សិស្ស​និស្សិត ថ្នាក់​ដឹកនាំ​សហជីព ​គ្រូបង្រៀន និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ក្នុង​យុទ្ធនាការ​ ចាប់​តាំងពី​ដើម​ខែ​កក្កដា​នេះ។

 
ការ​រៃ​អង្គាស​ថវិកា​នោះ​ ដើម្បី​ជួយ​លោកស្រី​ មូរ សុខ​ហួរ ​យក​ទៅ​បង់​ពិន័យ​ក្នុង​រឿង​បរិហារ​កេរ្តិ៍ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។
ក៏​ប៉ុន្តែ​ក្នុង​ពេល​ទទួល​កញ្ចប់​ថវិកា​រៃអង្គាស​ ៣.​៨១០.១០០ រៀល ពី​តំណាង​ចលនា​ស្ត្រី​ខ្មែរ ​នៅ​ព្រឹក​មិញ ​លោកស្រី មូរ សុខ​ហួរ បាន​បញ្ជាក់​ទាំង​ទឹកភ្នែក​ថា​ ថវិកា​នោះ នឹង​ត្រូវ​បង្កើត​ជា​មូលនិធិ ​ស្ត្រី​ដើម្បី​យុត្តិធម៌ ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​បង់ថ្លៃ​សិក្សា​ដល់​ស្ត្រី ​ឲ្យ​ក្លាយ​ជា​មេធាវី ​ហើយ​ចូលរួម​ក្នុង​វិស័យ​ច្បាប់​និង​សម្រាប់​ផ្តល់​សេវា​ជូន​ស្ត្រី ដែល​​រងគ្រោះ​នូវ​អំពើ​អយុត្តិធម៌​ទាំងឡាយ។

លោកស្រី ​មូរ សុខ​ហួរ ​បាន​បន្ថែម​ថា​ ថវិកា​ដែល​ចលនា​ស្ត្រី​រៃអង្គាស​បាន​ហើយ​ប្រគល់​ជូន​លោកស្រី​នា​ពេលនេះ​ ជា​ញើស​និង​ជា​ឈាម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​។ ​លោកស្រី​មិន​យក​ថវិកា​នោះ​ទៅ​បង់​ពិន័យ​និង​បង់​សំណង​ជម្ងឺ​ចិត្ត​តាម​បញ្ជា​របស់​តុលាកា​ នៅ​ក្នុង​រឿងក្តី​បរិហារ​កេរ្តិ៍​លោកនាយក​រដ្ឋមន្ត្រី​ទេ។

ក្នុង​រឿងក្តី​បរិហារកេរ្តិ៍​លោកនាយក​រដ្ឋមន្ត្រី​ តុលាការ​បាន​សម្រេច​ឲ្យ​លោក​ស្រី ​មូរ ​សុខ​ហួរ បង់​ប្រាក់​ពិន័យ​និង​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​សរុប​ចំនួន​ ១៦,៥ លាន​រៀល ស្មើ​ជាង​៤.០០០ ដុល្លារ​អាមេរិក។​ ចុងក្រោយ​នេះ តុលាការ​បាន​សម្រេច​កាត់​ប្រាក់ខែ​សមាជិក​សភា​របស់​លោក​ស្រី។​

ចំពោះ​ការ​ទទួល​ប្រាក់​និង​បង្កើត​មូលនិធិ​ស្ត្រី​របស់​លោកស្រី មូរ សុខ​ហួរ​នៅ​ថ្ងៃនេះ ​ត្រូវ​បាន​លោក​ ទិត សុធា​ អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​លើកឡើង​ថា នេះ​ជា​យុទ្ធនាការ​មួយ​ដែល​បង្កើត​ឡើង ​ដើម្បី​បម្រើឲ្យ​ផល​ប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​របស់​លោកស្រី ​មូរ សុខ​ហួរ​ មិន​អាច​លាត​សន្ធឹង តំណាង​ឲ្យ​ស្ត្រី​ខ្មែរ​ទូទាំង​ប្រទេស​បាន​ទេ។

លោក ​ទិត សុធា ​បាន​បញ្ជាក់​ថា​ យុទ្ធនាការ​នេះ ក៏​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​របស់​លោកស្រី​ មូរ សុខ​ហួរ ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក សម រង្ស៊ី ​ហើយ​មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា​ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ