អានតួអត្ថបទ
កម្ពុជា

កម្ពុជា​រៀបចំ​ខ្លួន​ក្នុង​ការចាត់ចែង​ផល​ពី​ធនធាន​រ៉ែ

បន្ទាប់​ពី​សន្និសីទ​ អន្តរជាតិ ស្តីពី ធនធាន​រ៉ែ រយៈពេល​ពេល​ពីរ​ថ្ងៃ ទើបតែ​បិទ​បញ្ចប់ នា​ថ្ងៃ​ទី​២៧ ឧសភា, នៅថ្ងៃនេះ វេទិកា​និយាយ​ពី​ប្រធានបទ ធនធាន​រ៉ែ ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​សមាជិកសភា។ វេទិកាសភា ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ នៅ​ព្រឹកមិញ ដើម្បី​ផ្តល់ព័ត៌មាន​ពី​ស្ថានភាព​ធនធាន​រ៉ែ នៅ​កម្ពុជា និង​ក៏​ដើម្បី​ជម្រុញ​ឲ្យ​សមាជិកសភា ចូលរួម​តាមដាន​លើ​ការស្រាវជ្រាវ រុករក​រ៉ែ ដែល​កំពុង​ដំណើរការ នៅ​កម្ពុជា ពេលនេះ។

វេទិកា​សភា​ស្តី​ពី​ស្ថានភាព​ធនធាន​រ៉ែ នៅ​កម្ពូជា រៀបចំ​នៅ​ថ្ងៃ​សុក្រ ទី ២៨​ឧសភា ២០១០
វេទិកា​សភា​ស្តី​ពី​ស្ថានភាព​ធនធាន​រ៉ែ នៅ​កម្ពូជា រៀបចំ​នៅ​ថ្ងៃ​សុក្រ ទី ២៨​ឧសភា ២០១០ ©លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

05:32

បទ​អន្តរាគមន៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ការរៀបចំ​សន្និសីទ​អន្តរជាតិ និង​ការរៀបចំ​វេទិកាសភា រយៈពេល​ពីរ-បី​ថ្ងៃ​ជាប់ៗ​គ្នា ដែល​និយាយ​ពី​ធនធាន​រ៉ែ នៅ​កម្ពុជា​ពេល​នេះ ជា​ការត្រៀម​រៀបចំ​ខ្លួន ក្នុង​ការចាត់ចែង​ផល​ពី​ធនធាន​រ៉ែ ដ៏​មហាសាល​របស់​ប្រទេស​កម្ពុជា។

ទាំង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទាំង​អង្គការសហប្រជាជាតិ ដែល​បាន​ជួយ​កម្ពុជា លើ​ការពិភាក្សា និង​បង្ហាញ​បទពិសោធន៍ ពី​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ចាត់ចែង​ប្រាក់ចំណូល ប្រកប​ដោយ​តម្លាភាព កំពុងតែ​ប្រឹងប្រែង​គិតគូរ​រួមគ្នា ធ្វើយ៉ាងណា ឲ្យ​ប្រទេស​កម្ពុជា ប្រើប្រាស់​ការទាញយក​ផល​ពី​ធនធាន​រ៉ែ ប្រកប​ដោយ​ពរជ័យ ដើម្បី​អភិវឌ្ឍន៍​សង្គម​កម្ពុជា។

វេទិកាសភា នៅ​ព្រឹកមិញ ក្រៅតែពី​ចំណាប់​អារម្មណ៍​សំខាន់ៗ ដើម្បី​បង្ហាញ​ដល់​ស្ថាប័ន​នីតិបញ្ញតិ្ត ដែលជា​អ្នកតាក់តែង​ច្បាប់ ស្តីពី ស្ថានភាព​ធនធាន​រ៉ែ នៅ​កម្ពុជា ក៏​មាន​ការលើក​ឡើង​លើ​ប្រធានបទ ស្តីពី បរិបទ​ថ្មីៗ​នៃ​ការរុករក​រ៉ែ នៅលើ​ពិភពលោក, ហានិភ័យ និង​ផល​តបស្នង​នៃ​ការរុករក​រ៉ែ, កត្តាបរិស្ថាន និង​សង្គម​នៃ​ការរុករក​រ៉ែ​បែប​ទំនើប ព្រមទាំង​បទ​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម ស្តីពី តម្លាភាព​លើ​ឧស្សាហកម្ម​នីស្សា​រណកម្ម​។ ប្រធានបទ​សំខាន់ៗ​ទាំងអស់នេះ ត្រូវបាន​អ្នកជំនាញ​ការបរទេស លើក​បង្ហាញ​ជា​បន្តបន្ទាប់។

ក្នុង​វេទិកា​សភា នៅ​ព្រឹកមិញ, លោក ឌូ​ក្លាស ប្រូដឺរិក ( Douglas Broderick ) អ្នកសម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ UNDP បាន​រម្លឹក​ពី​ការប្តេជ្ញា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ការអភិវឌ្ឍន៍​វិស័យ​រ៉ែ នៅក្នុង​អង្គ​សន្និសីទ​អន្តរជាតិ កាលពី​២​ថ្ងៃមុន​។ នោះ​គឺ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ការទទួលខុសត្រូវ ដោយ​គិតគូរ​ពី​ផលប៉ះពាល់​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច ព្រមទាំង​ការតាក់តែង​ក្រប​ខណ្ឌ​ច្បាប់ ជាដើម។

លោក ប្រូ ដឺរិក បាន​លើក​ជា​យោបល់​ថា អ្នកតំណាងរាស្ត្រ អាច​រៀបចំ​ដំណើរ​ទស្សនកិច្ច​ដ៏​ទៀងទាត់ ចុះ​ទៅ​ជួប​ជាមួយ​ម្ចាស់​ឆ្នោត​របស់ខ្លួន នៅ​តាម​កន្លែង ដែលមាន​សកម្មភាព​រុករក​រ៉ែ។ អ្នកតំណាងរាស្ត្រ ក៏​អាច​ស្តាប់​ពី​ការយល់ឃើញ​របស់​សហគមន៍​ទាំងឡាយ​នោះ ហើយ​សិក្សា​ស្វែង​យល់​មើល ថា​តើ​មាន​ការគោរព​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ ដែល​ដាក់​ចេញ ឬ​អត់? អ្នកតំណាងរាស្ត្រ ក៏​អាច​ជម្រុញ​ឲ្យមាន​ការបើក​បង្ហាញ​ផ្នែក​ហិរញ្ញវត្ថុ ឲ្យបាន​កាន់តែ​ទូលំទូលាយ​ជាង​មុន​ផងដែរ ពាក់ព័ន្ធ​នឹង​រាល់​សកម្មភាព​ទាំងឡាយ ផ្នែក​ការងារ​រ៉ែ និង​ឧស្សាហកម្ម​និស្សារណកម្ម។

តាម​លោក ប្រូ​ដឺរិក តម្លាភាព​កាន់តែ​ទូលំទូលាយ គឺ​មាន​អត្ថន័យ​ផ្នែក​សេដ្ឋកិច្ច ពីព្រោះ​វា​ធ្វើឲ្យ​វិស័យ​រ៉ែ​នៅ​កម្ពុជា កាន់តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​វិនិយោគិន​អន្តរជាតិ និង​ការទទួលបាន​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ធំធេង សម្រាប់​ប្រទេស​កម្ពុជា។

ប្រធាន​រដ្ឋ លោក ហេង សំរិន បានធ្វើការ​ក្រើនរម្លឹក​ថា ទោះបីជា​កម្ពុជា​ទទួលបាន​នូវ​សញ្ញា​វិជ្ជមាន ពី​ដំណើរការ​អភិវឌ្ឍន៍ និង​វិនិយោគ​លើ​វិស័យ​រ៉ែ​នេះ​ក៏ដោយ ក៏​យើង​ចាំបាច់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ចំពោះ​ហានិភ័យ​ណាមួយ ដែល​នឹង​អាច​កើតមានឡើង ដោយ​ចៃដន្យ នៅក្នុង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ព្រោះថា បទពិសោធន៍​ពិភពលោក មាន​ប្រទេស​មួយចំនួន ទទួលបាន​នូវ​ពរ​ជ័យ​ពី​ការ​ទាញយក​ផល​ពី​ធនធាន​រ៉ែ ដើម្បី​អភិវឌ្ឍន៍​សង្គម​។ រីឯ​ប្រទេស​ខ្លះទៀត ក៏​ត្រូវ​ទទួលរង​បណ្តាសារ ដោយសារ​ការវិនិយោគ និង​ការធ្វើ​និស្សា​រណកម្ម​រ៉ែ​នេះ​ផង​ដែរ។

ក្នុង​វិស័យ​រ៉ែ​នេះ លោក ហេង សំរិន បាន​អះអាង​ថា រដ្ឋសភា​បាន​ចូលរួមចំណែក លើ​ការបង្កើត​នូវ​ក្របខណ្ឌ​ច្បាប់​ចាំបាច់​មួយ​ចំនួន ដូចជា ច្បាប់​ស្តីពី ការគ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​រ៉ែ និង​ច្បាប់​ស្តីពី ការការពារ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ជាដើម ដើម្បី​គ្រប់គ្រង​ធនធាន​រ៉ែ បរិស្ថាន និង​ធម្មជាតិ ឲ្យ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ចីរភាព សំដៅលើ​កម្ពស់​កំណើន​សេដ្ឋកិច្ច ឈាន​ទៅ​កាត់​បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​កម្ពុជា នាពេល​អនាគត។

កម្ពុជា មាន​សក្តានុពល​រ៉ែ ច្រើន​ប្រភេទ មាន​ជាអាទិ៍ៈ រ៉ែ​ទង់ដែង រ៉ែ​មាស និង​រ៉ែ​ដែក ជាដើម នៅ​ទូទាំង​ប្រទេស ទាំង​ដែនទឹក និង​ដែន​គោក សូម្បីតែ​នៅ​ខេត្ត​ស្វាយរៀង ក៏​មាន​ធនធាន​រ៉ែ​ប្រេងកាត​ដែរ​។ ក៏​ប៉ុន្តែ​គេ​ពុំ​ទាន់​វាយតម្លៃថា តើ​វា​មាន​បរិមាណ​ប៉ុន្មាន ហើយ​វា​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដែល​អាច​ធ្វើ​អាជីវកម្ម​បានដែរ ឬទេ?

យ៉ាងណា​ក៏ដោយ ក្នុង​វេទិកា​នៅ​ព្រឹកមិញ លោក តាន់ គឹម​វិន រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហម្ម រ៉ែ និង​ថាមពល បាន​លើក​បញ្ជាក់​ថា មកដល់​ថ្ងៃនេះ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​របស់​ក្រុមហ៊ុន​ខ្លះ ក្នុងចំណោម​ក្រុមហ៊ុន​ជាង ៦០ ដែល​កំពុង​រុករក​រ៉ែ​នៅ​កម្ពុជា បាន​ផ្តល់​ក្តីសង្ឃឹម​ថា នឹង​អាច​ធ្វើ​អាជីវកម្ម​ក្នុង​រូបភាព​ឧស្សាហកម្ម​និស្សារ​ណ​កម្មបាន ដូចជា ក្រុមហ៊ុន OZ Mineral, ក្រុមហ៊ុន Southern Gold ( Cambodia ) Co. Ltd និង​ក្រុមហ៊ុន Indochine Resources Ltd​។ កាលពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​អូស្ត្រាលី OZ Mineral បានប្រកាសថា ខ្លួន​បាន​រកឃើញ​រ៉ែ​មាស ប្រមាណ ៨,១ លាន​តោន នៅ​ខេត្ត​មណ្ឌលគិរី ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ