អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ប្រកាស​នីតិវិធី​ថ្មី​សម្រាប់​ការ​រៀបការ​រវាង​បរទេស និង​ពលរដ្ឋ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​បានផ្សព្វផ្សាយ ​នីតិវិធី​ថ្មី​ដែល​អាច​ធានា​ទប់ស្កាត់​ជា​អតិបរិមា​ការ​ជួញដូរ​មនុស្ស​ តាម​រយៈ​ការ​រៀបការ​រវាង​ជនបរទេស និង​ពលរដ្ឋ​កម្ពុជា។ កំណត់ទូត​ថ្មី​ដែល​រដ្ឋាភិបាល​ កម្ពុជា​បាន​ផ្ញើ​ទៅ​គ្រប់​ស្ថានទូត​បរទេស​នៅ​កម្ពុជា​ទាំងអស់​បញ្ជាក់​ថា គូស្រករ​ទាំងពីរ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ក្នុង​គ្រប់​ ដំណាក់​កាល​នៃ​នីតិវិធី។ 

អាពិហ៍​ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​ជន​ជាតិ​បារាំង​មុន​និតិវិធី​ថ្មី
អាពិហ៍​ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​ជន​ជាតិ​បារាំង​មុន​និតិវិធី​ថ្មី ©RFI
ផ្សាយពាណិជ្ជកម្ម

01:47

សំឡេង​របស់ លាង ដឺលុច

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​កំណត់ទូត​ថ្មី​មួយ​ស្តី​ពី​នីតិវិធី​ទប់ស្កាត់​ជា​អតិបរិមា​ការ​ជួញដូរ​មនុស្ស​តាម​រយៈ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ជន​បរទេស​ និង​ពលរដ្ឋខ្មែរ ទៅ​គ្រប់​ស្ថាន​បេសកកម្មការទូត​បរទេស​ទាំងអស់​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២​ខែ​មេសា​នេះ។ លោក កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ពន្យល់​ថា នីតិវិធី​បន្ថែម​នេះ បាន​បង្ហាញ​ពី​តម្លាភាព​នៃ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ជនបរទេស​និង​ពលរដ្ឋ​ខ្មែរ។

 
ពោល​គឺ នៅ​ក្នុង​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​នីតិវិធី ទាំងនៅ​ក្រសួង​ការបរទេស ក្រសួង​មហាផ្ទៃ និង​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន ភាគី​រៀប​អាពាហ៍ពិពាហ៍​ទាំង​សងខាង​ត្រូវ​បង្ហាញ​ខ្លួន ឬ​មាន​វត្តមាន​នៅក្នុង​គ្រប់​ដំណាក់​កាល។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បន្ត​ថា ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​ចៀសវាង​ការ​រត់ការ​ តាម​រយៈ​ឈ្មួញកណ្តាល ដែល​នៅទីនោះ​ហើយ លទ្ធភាព​នៃ​ការ​ជួញដូរ​មនុស្ស​អាច​កើត​មាន។

         សេចក្តី​សម្រេច​ថ្មី​ចុងក្រោយ​នេះ បាន​លុប​​ចោល​ជា​ស្វ័យប្រវត្តិ ការ​សម្រេច​របស់​រដ្ឋាភិបាល​មួយ​កាល​ពី​ខែ​មិនា ដែល​បាន​ប្រកាស​ឈប់​ផ្តល់ការ​អនុញ្ញាត​ជា​បណ្តោះ​អាសន្ន​ដល់​ជនជាតិ​កូរ៉េ​ដែល​ចង់​រៀបការ​ជាមួយ​ពលរដ្ឋ​កម្ពុជា។ ការ​សម្រេច​របស់​រដ្ឋាភិបាល​នៅពេលនោះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​បាន​ចាប់​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់ ដែល​ត្រូវ​បាន​សង្ស័យ​ថា បាន​ប្រមូល​ស្រ្តី​ខ្មែរ​ជាង​២០​នាក់ សម្រាប់​ទុក​រៀបការ​ជាមួយ​បុរស​កូរ៉េ។

         កាល​ពី​ឆ្នាំ​២០០៨ ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​ធ្លាប់​បាន​ប្រកាស​ណែនាំ​ដល់​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ទាំងអស់​ដែល​ចង់​រៀបការ​ជាមួយ​ពលរដ្ឋ​ខ្មែរ ត្រូវ​មក​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា និង​ស្ថានទូត​ផ្ទាល់ ដោយ​ពួកគេ​មិន​ត្រូវ​ទំនាក់ទំនង​តាម​ឈ្មួញ​កណ្តាល ឬ​អ្នក​រត់ការ​នោះ​ឡើយ។

         លោក កុយ គួង​ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​អនុវត្ត​វិធានការ​ទាំងឡាយ​ណា​ដែល​អាច​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ