អានតួអត្ថបទ
កម្ពុជា

ក្រុម​យុវជន​ស្នើ​រដ្ឋាភិបាល​កែ​ប្រែ​តំបន់​អារ៉ែង​ទៅ​ជា​តំបន់​អេកូ​ទេស​ចរណ៍​

តំបន់​​អា​រ៉ែ​ង​​នៅ​ក្នុង​​ខេត្ត​កោះកុង ​ដែល​​កំពុង​​រង​​ការ​​គម្រាម​កំហែង​​ពី​​គម្រោង​​សាង​សង់​​ទំនប់​​វា​​រី​​អគ្គិសនី ​ត្រូវ​បាន​​ក្រុម​យុវជន​​លើក​​មក​​ពិភាក្សា​គ្នា​​នៅ​ក្នុង​​សិក្ខា​សាលា​​មួយ​​នៅ​​ព្រឹក​​ថ្ងៃ​ អាទិ​ត្យ​ ទី​៣១ ​សីហា​​នេះ ​ដែល​​រៀប​ចំ​​ដោយ​​សមាគម​​ចលនា​​និស្សិត​​បញ្ញវន្ត​​ខ្មែរ​។ ​ក្រុម​យុវជន​​បាន​ស្នើ​​ដល់​​រដ្ឋាភិបាល​​កម្ពុជា​​លុប​ចោល​​គម្រោង​​សាង​សង់​​ទំនប់​​វា​​រី​​អគ្គិសនី​​នៅ​ក្នុង​​តំបន់​​អា​រ៉ែ​​ង​ និង​​កែ​ប្រែ​​តំបន់​​នេះ​​ឲ្យ​​ទៅ​ជា​​តំបន់​​អេកូ​​ទេស​ចរណ៍​​វិញ​។  

តំបន់​អារ៉ែង​នៅ​ក្នុង​ខេត្ត​កោះ​កុង​
តំបន់​អារ៉ែង​នៅ​ក្នុង​ខេត្ត​កោះ​កុង​ @Mother Nature Cambodia
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ឲ្យ​តំបន់​អា​រ៉ែ​ង​រួច​ផុតពី​ការបំផ្លាញ​ដោយ​ទំនប់​វា​រី​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​នោះ ក្រុមយុវជន​ដែល​ស្រឡាញ់​ធនធានធម្មជាតិ បានស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​វិញ។

លោក ចារ សីហា​ក់ ប្រធាន​សមាគម​ចលនា​និស្សិត​បញ្ញវន្ត​ខ្មែរ​បានលើកឡើង​នៅ​ចំពោះមុខ​ក្រុមយុវជន សកម្មជន​ការពារ​ព្រៃឈើ រួមទាំង​ព្រះសង្ឃ​ប្រមាណ​ជិត ១០០នាក់ និង អង្គ​ថា ការកែប្រែ​តំបន់​អា​រ៉ែ​ង​ឲ្យ​ទៅជា​តំបន់​អេកូ​ទេសចរណ៍ គឺ​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​នោះ។

លោក ពន្យល់ថា តំបន់​អេកូ​ទេសចរណ៍ នឹង​ជួយ​ការពារ​ធនធានធម្មជាតិ ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ បង្កើន​ប្រាក់ចំណូល និង ធ្វើ​ឲ្យ​មានការ​អភិ​វ​ឌ្ឈ​ន៍ផ្សេងៗក្នុង​តំបន់​នោះ។ ផ្ទុយទៅវិញ ប្រសិនបើ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​តំបន់​អា​រ៉ែ​ង នោះ​វា​នឹងធ្វើ​ហិនហោច​តំបន់​ព្រៃឈើ​ជាង ២ ម៉ឺន​ហិកតា សត្វ​កម្រ ជាង ៣១ ប្រភេទ និង តំបន់​ទេសចរណ៍ធម្មជាតិ​ដទៃទៀត។ បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​នោះ ក៏​រង​ផលប៉ះពាល់​ខ្លាំង​ផងដែរ។

លោក​បណ្ឌិត កែម ឡី អ្នកសិក្សា​ស្រាវជ្រាវ​សង្គម ដែល​បាន​ចូលរួម​សិក្ខាសាលា​នោះ បាន​គាំទ្រ​ចំពោះ​សំណើ​របស់​ក្រុមយុវជន​នេះ ។ លោក លើកឡើងថា តំបន់​អា​រ៉ែ​ង​មាន​អំណោយផល​ក្នុងការ​ប្រែក្លាយ​ទៅជា​តំបន់​អេកូ​ទេសចរណ៍ ព្រោះ​តំបន់​នេះ សម្បូរ​ធនធានធម្មជាតិ និង ធនធាន​រ៉ែ​ជាដើម។ លោក​បញ្ជាក់ថា​កម្ពុជា​ត្រូវការ ថាមពល​អគ្គិសនី​ជា​ចាំបាច់​មែន ប៉ុន្តែ​ការសាងសង់​តំបន់​វា​រី​អគ្គិសនី​នៅក្នុង​តំបន់​នេះ វា​ផ្តល់​ផលប៉ះពាល់​ច្រើន។ លោក កែម ឡី ស​ង្ឈឹ​ម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​សិក្សា​បន្ថែមទៀត​ពី​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ក្នុង​តំបន់​អា​រ៉ែ​ង​នេះ។

យ៉ាងណាក៏ដោយ ក្រុមយុវជន​មិនទាន់បាន​ដាក់សំណើ​នេះ​ទៅកាន់​រដ្ឋាភិបាល​នៅឡើយ​ទេ ប៉ុន្តែ លោក ចារ សីហា​ក់ បាន​គូសបញ្ជាក់ថា សមាគម​របស់លោក​គ្រោង​ដាក់​ញត្តិ​ទៅកាន់​រដ្ឋសភា​នៅពេលឆាប់ៗខាងមុខនេះ ដើម្បី​ស្នើ​ឲ្យ​រដ្ឋសភា​លុបចោល​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំ​នប់​អា​រ៉ែ​ង និង កែប្រែ​តំបន់​នេះ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ