អានតួអត្ថបទ
កម្ពុជា

សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ ស្វែង​រក​ក្រុម​គ្រួសារ​ស្ម័គ្រ​ចិត្ត​ ដើម្បី​ទទួល​ប្រតិភូ​យុវជ​នអាស៊ាន​ និង​ជប៉ុន​

សមាគម​​នាវា​​យុវជន​​អាស៊ី​​អាគ្នេយ៍​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​រៀប​ចំ​ពិធី​ជួប​ជុំ​មួយ​ជាមួយ​យុវជន និង​ក្រុម​គ្រួសារ​ស្ម័គ្រចិត្ត ដើម្បី​ទទួល​ប្រតិភូ​យុវជន​អាស៊ាន និង​ជប៉ុន​។ ប្រតិភូ​យុវជនអាស៊ាន និង​ជប៉ុន​ជាង​៣រយ​នាក់ ដែល​នឹង​ត្រូវ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ខាង​មុខ​។ ទន្ទឹម​គ្នា​នេះ សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ ក៏​បាន​អំពាវនាវ​រក​ក្រុម​គ្រួសារ​ស្ម័គ្រចិត្ត​បន្ថែម​ទៀត​ផង​ដែរ​។

ក្រុម​គ្រួសារ​ស្ម័គ្រ​ចិត្ត​ ស្ដាប់​បទ​បង្ហាញ​របស់​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ ​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ ថ្ងៃ​ទី​៣១​សីហា ​ឆ្នាំ​២០១៤​
ក្រុម​គ្រួសារ​ស្ម័គ្រ​ចិត្ត​ ស្ដាប់​បទ​បង្ហាញ​របស់​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ ​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ ថ្ងៃ​ទី​៣១​សីហា ​ឆ្នាំ​២០១៤​ RFI/Rachna IM
ផ្សាយពាណិជ្ជកម្ម

សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ អំពាវ​នាវ​ស្វែង​រក​ក្រុម​គ្រួសារ​ស្ម័គ្រ​ចិត្ត​ចំនួន​៧០​បន្ថែម​ទៀត ដើម្បី​ទទួល​ប្រតិភូ​យុវជន​អាស៊ាន និង​ជប៉ុន​។ ប្រតិភូ​យុវជន​អាស៊ាន​និង​ជប៉ុន​ជាង​៣​រយ​នាក់ ដែល​នឹង​ត្រូវ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ខាង​មុខ​។ ជា​ដំណើរ​ទស្សនកិច្ច ដែល​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​របស់​ជប៉ុន​។

ក្រៅ​ពី​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ជាមួយ​យុវជន​កម្ពុជា និង​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​នៅ​កម្ពុជា ប្រតិភូ​យុវជន​អាស៊ាន​និង​ជប៉ុន តម្រូវ​ឲ្យ​ចំណាយ​ពេល​ពីរ​យប់​ជាមួយ​ក្រុម​គ្រួសារ​កម្ពុជា​។ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​នោះ ក្រុម​គ្រួសារ​ដែល​ស្ម័គ្រ​ចិត្ត​ទទួល​យុវជន ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ផ្សព្វផ្សាយ​ពី​ប្រពៃណី វប្បធម៌ និង​ទំនៀម​ទម្លាប់​ខ្មែរ​ដល់​ប្រតិភូ​យុវជន​។

លោក​ស៊្រាង គឹមលី អនុប្រធាន​ទី​១​នៃ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ មាន​ប្រសាសន៍​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សមាគម​ត្រូវ​ការ​ក្រុម​គ្រួសារ​ចំនួន​១៦០ ដើម្បី​ទទួល​ប្រតិភូ​យុវជន​។ លោក​បន្ត​ថា បច្ចុប្បន្ន មាន​ក្រុម​គ្រួសារ​ប្រហែល​៩០​ប៉ុណ្ណោះ ដែល​បាន​ចុះ​ឈ្មោះ​ទទួល​ប្រតិភូ​យុវជន​។

អនុប្រធាន​សមាគម​រូប​នេះ បាន​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​ខ្មែរ​ដែល​មាន​ទី​លំនៅ​នៅ​ភ្នំពេញ ឲ្យ​ចូល​រួម​ទទួល​ប្រតិភូ​យុវជន​អាស៊ាន និង​ជប៉ុន​។ លោក​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ជា​លើក​ទី​១ ដែល​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ចូល​មក​ប្រទស​កម្ពុជា​។ ហើយ​ក្រុម​គ្រួសារ​ដែល​ស្ម័គ្រ​ចិត្ត​ទទួល​ប្រតិភូ​យុវជន នឹង​ទទួល​បាន​បទ​ពិសោធ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​។

សម្រាប់​ក្រុម​គ្រួសារ​ដែល​ចាប់​អារម្មណ៍​ទទួល​ប្រតិភូ​យុវជន​ឲ្យ​ស្នាក់​នៅ​ជាមួយ ឬ​ចង់​ជ្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​កាន់​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ តាម​រយៈ​ទូរសព្ទ​លេខ ០៧៧ ៨៤ ៣៣ ៣៨​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ