អានតួអត្ថបទ
កម្ពុជា

ក្រុម​យុវជន​ស្នើ​កែ​ទម្រង់​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ីន​ធើ​​ណេត

ក្រុមយុវជន​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​តាមរយៈ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​បាន​រៀប​ចំ​ការស្នើសុំ​កែទម្រង់​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត។ ក្រុមប្រឹក្សា​យុវជន​កម្ពុជា​បាន​ពន្យល់ថា ការបង្កើត​ឲ្យ​មានការ​ទាមទារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នេះ គឺ​​ដោយ​សារ​តែ​​មាន​ការ​​រឹត​ត្បិត​​ក្នុង​​ជួប​ជុំ​ ដែល​​មិន​អាច​​ឲ្យ​​ក្រុម​យុវជន​​ជួប​ជុំគ្នា​​ទាម​ទារ​​បាន​។​ យ៉ាង​​ណា​ក៏​ដោយ​ នៅ​ពេល​​ទទួល​បាន​​អ្នក​គាំ​ទ្រ​​ប្រមាណ​ ពី​៤​ពាន់​ទៅ ​៥ ​ពាន់​​នាក់​​នោះ​ ក្រុម​ប្រឹក្សា​​យុវជន​​កម្ពុជា​​នឹង​​បញ្ជូន​​សំណើ​​នេះ​​ទៅ​កាន់​​គណបក្ស​​ប្រជាជន​​កម្ពុជា​ គណ​​បក្ស​​សង្គ្រោះ​​ជាតិ ​និង ​គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ដើម្បី​​ពិចារណា ​និង ​ដោះ​​ស្រាយ​។​ 

រូបភាពបង្ហាញពីការចូលទៅចុះឈ្មោះគាំទ្រលិខិតសំណូមពររបស់ក្រុមយុវជន។
រូបភាពបង្ហាញពីការចូលទៅចុះឈ្មោះគាំទ្រលិខិតសំណូមពររបស់ក្រុមយុវជន។ RFI
ផ្សាយពាណិជ្ជកម្ម

យុវជន​ទូទៅ​ជាពិសេស​យុវជន​ដែល​បាន​ឃ្លាតឆ្ងាយ​ពី​ស្រុកកំណើត​អាច​ទាមទារ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ និង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​ផ្តល់​ងាយស្រួល​ដល់​ពួកគេ។ ជាការ​ទាមទារ​ដែល​ធ្វើឡើង​ដោយ​សេរី​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត។

លោក សុខ ពិទូរ្យ នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​នៅ​ថ្ងៃទី ១៣ មិថុនា ឆ្នាំ ២១០១៤ ​ថា ការរៀបចំ​ស្វែងរក​ការគាំទ្រ​លើ​កែទម្រង់​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​នេះ​បានចាប់ផ្តើម​កាលពី​ចុងខែ​ឧសភា ហើយ​មកដល់ពេលនេះ​មាន​អ្នក​ចូលទៅ​ចុះឈ្មោះ​គាំទ្រ​បាន​ប្រមាណ​ជិត៣០០នាក់​ហើយ។ នាយក​ប្រតិបត្តិ​រូបនេះ​បន្តថា មូល​ហេតុដែល​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​បង្កើត​ឲ្យ​មានការ​ទាមទារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នេះ គឺ ដោយសារ​មានការ​រឹតត្បិត​ការជួបជុំ​ដែល​ធ្វើ​ឲ្យ​ក្រុមយុវជន​មិនអាច​ជួបជុំគ្នា​ធ្វើការ​ទាមទារ​តាម​បំណង​របស់ខ្លួន​បាន។

ដោយឡែក ចំពោះ​ការចូលទៅ​ចុះឈ្មោះ​គាំទ្រ​សំណើ​នេះ​វិញ លោក សុខ ពិទូរ្យ​បាន​ពន្យល់ថា ប្រជាពលរដ្ឋ​ទូទៅ​គ្រាន់តែ​ចូលទៅ​គេហទំព័រ​របស់​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​តាមរយៈ​អាសយដ្ឋាន( www.ycc.org.kh) នឹង​ឃើញ​នូវ​សំណើ​ទាមទារ​នេះ។ បន្ទាប់មក​ចុច​ចូលក្នុង​សំណើ​នោះ នឹង​ឃើញ​ការណែនាំ​នៃ​ការចុះឈ្មោះ​គាំទ្រ។

តាមរយៈ​សំណើ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នេះ ក្រុមយុវជន​បាន​រៀបរាប់​ការលំបាក​នានា​ដែល​ខ្លួន និង​ប្រជាពលរដ្ឋ​ដទៃទៀត បាន​ជួបប្រទះ​ក្នុងការ​ទៅ​ចុះ​ឈ្នោះ និង ពិនិត្យ​ឈ្មោះ​បោះឆ្នោត។ ផល​លំបាក​នោះ​រួមមាន​ដូចជា ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន ការិយាល័យ​ចុះឈ្មោះ​នៅ​ឆ្ងាយ  និង ការចុះឈ្មោះ​បោះឆ្នោត​មាន​រយៈពេល ខ្លី​ជាដើម។

ក្រុមយុវជន​បាន​សំណូមពរ​ដល់​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ពិចារណា​ក្នុងការ​កែទម្រង់​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​បច្ចុប្បន្ន ដើម្បី​ជួយ​សម្រួល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ចុះឈ្មោះ បោះឆ្នោត និង​ធ្វើយ៉ាងណា​ឲ្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​មានគុណ​ភាព មាន​ភាពត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មាន​ប្រជាពលរដ្ឋ​បាត់​សិទ្ធិ​ក្នុងការ​បោះឆ្នោត​ដោយសារតែ មកពី​បញ្ហា​នៃ​បញ្ជី និង​ប្រព័ន្ធ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នេះ។

លោក សុខ ពិទូរ្យ បានលើកឡើង​ផងដែរ ថា​នៅពេលដែល​ទទួលបាន​អ្នកគាំទ្រ​ប្រមាណ​ពី៤ ពាន់ ទៅ ៥ ពាន់​នាក់​នោះ ក្រុមប្រឹក្សា​យុវជន​កម្ពុជា​នឹង​បញ្ជូន​សំណើ​នេះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងបី គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ធ្វើការ​ពិចារណា និង ដោះស្រាយ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ