អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដល់​ពេល​ដែល​ម្ចាស់​ឆ្នោត​ដាក់​គំនាប​ទៅ​លើ​អ្នក​នយោបាយ​វិញ​ម្តង​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះ​បី​ជា​​វិបត្តិ​​នយោបាយ​​ក្រោយ​​ការ​បោះ​ឆ្នោត​​ត្រូវ​បាន​​ដោះ​ស្រាយ​​ចប់​​ហើយ​ក៏​​ដោយ ​ក៏​​គណបក្ស​​សង្គ្រោះ​​ជាតិ​​កំពុង​​បន្ត​​រង​​សម្ពាធ​​យ៉ាង​ខ្លាំង​​ពី​​ម្ចាស់​ឆ្នោត​​របស់​ខ្លួន​។ ​នេះ​​គឺ​ជា​​ការ​វិវឌ្ឍ​​ដ៏​​សំខាន់​​មួយ​​ក្នុង​​ឆាក​នយោបាយ​​កម្ពុជា​​ជា​ពិសេស​​ក្នុង​ចំណោម​​ប្រជាពលរដ្ឋ​​ខ្មែរ​​ម្ចាស់​ឆ្នោត​។ ​កាល​ពី​​មុន​ ពួក​គេ​​​​មិន​សូវ​​​ចាប់​​អារម្មណ៍​​​នឹង​​​រឿង​​​នយោ​បាយ​​​ទេ ​​ហើយ​​​យ៉ាង​​​ច្រើន​​​ណាស់​​ ពួក​​គេ​​​គ្រាន់​​តែ​​​បំពេញ​​​កាតព្វកិច្ច​​​ទៅ​​​បោះឆ្នោត​​​ជា​​ការ​​​ស្រេច​​។ ​ចំណែក​​ឯ​​​ការ​​សម្រេច​​​យ៉ាង​​ណា​​​នោះ​​​គឺ​​ជា​​​រឿង​​​របស់​​​អ្នក​​នយោបាយ​​។ ​​ប៉ុន្តែ ​​បច្ចុប្បន្ន ​​គឺ​​ជា​​​ពេល​​វេលា​​​ដែល​​​ម្ចាស់​​ឆ្នោត​​​បន្ត​​​តាម​​ឃ្លាំ​​មើ​ល​​​និង​​​ដាក់​​​គំនាប​​​ទៅ​​លើ​​​អ្នក​​នយោបាយ​​​វិញ​​​ម្តង​​​ហើយ​​។​​

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​។
អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​។ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ជាង ២០ ឆ្នាំ​នៅលើ​របត់​ប្រជាធិបតេយ្យ ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់​គឺ​ផ្លាស់ប្តូរ​លឿន​ជាង​អ្នកនយោបាយ​ខ្លះទៅ​ទៀត។ ជាក់ស្តែង កាលពីមុន ប្រជាពលរដ្ឋ​ខ្មែរ​មិនសូវ​ចាប់អារម្មណ៍​នឹង​រឿង​នយោបាយ​ទេ​ដោយ​ពួកគេ​ប្រគល់​សិទ្ធិ​ទាំងស្រុង​ដល់​អ្នកនយោបាយ​ក្នុងការ​សម្រេច​ជោគវាសនា​របស់​ប្រទេសជាតិ។

ប៉ុន្តែ បច្ចុប្បន្ននេះ ពេលវេលា​ជិះសេះ​លែងដៃ​របស់​អ្នកនយោបាយ​ប្រហែលជា​ដល់ទី​បញ្ចប់​ហើយ។ ក្រៅពី​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​ហើយ​នោះ ម្ចាស់ឆ្នោត​នៅតែ​បន្ត​តាមឃ្លាំមើល​គណបក្ស​រប​ស់​ខ្លួន​ជា​រៀងរហូត ហើយ​ពួកគេ​បញ្ចេញ​ប្រតិកម្ម​នៅពេលដែល​ពួកគេ​យល់ថា​ការសម្រេចចិត្ត​ណាមួយ​មិនជា​ទី​ពេញចិត្ត​របស់ខ្លួន។ ប្រតិកម្ម​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពេលនេះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ នេះ​គឺជា​សារ​ដ៏​សំខាន់​មួយ​ដែល​អ្នកនយោបាយ​មិនអាច​មើលរំលង​បានឡើយ។

ជាការ​ពិតណាស់ នៅ​កម្ពុជា អ្នកនយោបាយ​ច្រើនតែ​នាំគ្នា​សកម្ម​ក្នុង​ការចុះ​ជួប​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​តែ​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​ពួកគេ​ត្រូវការ​សំឡេងគាំទ្រ​តែប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយពេល​បោះឆ្នោត សកម្មភាព​ក៏​ស្ងប់ស្ងាត់​ទៅវិញ​ជាធម្មតា។ រីឯ​ពាក្យសន្យា​ក៏​ច្រើនតែ​ក្លាយជា​ចម្រៀង​ឥតន័យ។ ហេតុ​ដូច្នេះហើយ​បានជា​ពលរដ្ឋ​ខ្មែរ​ច្រើន​តែង​ហៅ​នយោបាយ​ថា​ជា«នយោបាយ​បោក»ទៅវិញ។ យ៉ាងណា​ក៏ដោយចុះ ការវិវឌ្ឍ​ចុងក្រោយ​នេះ​ជា​សញ្ញា​បញ្ជាក់ថា ដំណាក់​កាលដែល​អ្នកនយោបាយ​បោក​ម្ចាស់ឆ្នោត​ប្រហែលជា​កន្លងផុត​ទៅហើយ។

ជាការ​ពិត មាន​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែច្រើនឡើងៗបាន​ចាប់អារម្មណ៍​នឹង​តាមដាន​រឿង​នយោបាយ មិន​ថា​អ្នកទីក្រុង ឬ​អ្នក​ជនបទ អ្នកគាំទ្រ​គណបក្សកាន់អំណាច​ឬ​បក្សប្រឆាំង​ឡើយ។ ពិត​ហើយ​ថា ជាទូទៅ​គឺ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្ហាញ​ភាព​សកម្ម​ក្នុង​នយោបាយ​តាមរយៈ​ការចូលរួម​ពិធី​ជួបជុំ​នយោបាយ ឬ​បាតុកម្ម​និង​ការតវ៉ាផ្សេង។ មិនតែប៉ុណ្ណោះ ពួកគេ​ក៏​សកម្ម​ផងដែរ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

ប៉ុន្តែ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បើទោះបីថា​ជាទូទៅ​មាន​សភាព​ស្ងប់ស្ងាត់ ក៏​មិនមែន​មានន័យថា ពួកគេ​មិន​បញ្ចេញ​ប្រតិកម្ម​នោះដែរ។ លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣ កន្លងទៅ​គឺជា​ភស្តុតាង​ដែល​បង្ហាញថា សមាជិក​អ្នកគាំទ្រ​គណបក្សកាន់អំណាច​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ព្រមាន​គណបក្ស​របស់ខ្លួន​ដោយ​ស្ងៀមស្ងាត់​តាមរយៈ​ការបោះឆ្នោត​អនុប្បវាទ ឬក៏​បែរមក​ទម្លាក់​សន្លឹកឆ្នោត​ឲ្យ​បក្សប្រឆាំង​វិញ។ នេះ​ជា​និន្នាការ​ថ្មី​គួរ​ឲ្យ​កត់សម្គាល់​ដែល​បញ្ជាក់​ពី​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​នយោបាយ។

នៅពេលដែល​ផ្នត់គំនិត​អ្នកបោះឆ្នោត​ផ្លាស់ប្តូរ គណបក្សនយោបាយនីមួយៗក៏ត្រូវ​រត់តាម​សភាពការណ៍​ដែរ។ ជាក់ស្តែង គណបក្ស​ប្រជាជន​កម្ពុជា​ដែល​របូត ២២ កៅអី​ទៅ​ឲ្យ​បក្សប្រឆាំង​ក៏បាន​ម្នីម្នា​ប្រកាស​កំណែទម្រង់​ដោយ​មិន​បង្អន់​យូរ​ឡើយ។ តាំងពីដើម​អាណត្តិ វេទិកាសាធារណៈ និង​គណៈកម្មការ​ចម្រុះ​ចុះ​មូលដ្ឋាន​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្តាប់​សំណូមពរ​និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។ ប៉ុន្តែ ប្រសិទ្ធភាព​ប៉ុណ្ណា​គឺជា​រឿង​មួយទៀត។ចំណែកឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ក៏​ប្រយ័ត្នប្រយែង​យ៉ាងខ្លាំង​ណាស់ដែរ​ចំពោះ​ប្រតិកម្ម​របស់​ម្ចាស់ឆ្នោត។ ប្រយ័ត្នប្រយែង​រហូតដល់​ពេលខ្លះ គណបក្ស​នេះ​ត្រូវគេ​មើលឃើញថា​ស្ថិតក្រោម​សម្ពាធ​របស់​អ្នកគាំទ្រ​យ៉ាងខ្លាំង​ថែម​ទៀតផង។

ស្ថានភាព​នេះ​សបញ្ជាក់​ថា តម្លៃ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ក្រសែភ្នែក​អ្នកនយោបាយ​កាន់តែ​ឡើង​ខ្ពស់ជាង​មុន។ នយោបាយ​ប្រជាភិថុតិ ពាក្យសន្យា​តែ​មាត់ ឬក៏​អំណោយ​បន្តិចបន្តួច​ពិតជា​មិន​គ្រប់គ្រាន់​ឡើយ​ក្នុងការ​ទាក់ទាញ​សន្លឹកឆ្នោត ពីព្រោះ​អ្វីដែល​ម្ចាស់ឆ្នោត​ត្រូវការ​គឺ​ធ្វើ​ឲ្យ​អ្នកនយោបាយ​ក្លាយជា​អ្នកបម្រើ​រាស្ត្រ​ពិតប្រាកដ​តែ​មិនមែន​ធ្វើជា​ចៅហ្វាយ​របស់​ពួកគេ​ទៀត​ទេ។ ក្នុង​បរិបទ​នេះ អ្នកនយោបាយ​ណា​ដែល​ដើរ​មិនទាន់​សភាពការណ៍​ច្បាស់​ជា​ដាច់​អាជីព​ជាមិនខាន។

សរុប​មកវិញ តម្លៃ​របស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់ឆ្នោត​កំពុង​ឡើង​ខ្ពស់ត្រដែត​នៅក្នុង​ក្រសែភ្នែក​អ្នកនយោបាយ ក្នុង​បរិបទ​ដែល​ប្រជាធិបតេយ្យ​កំពុង​រីកលូតលាស់​ចេញពី​មហាជន​ខ្លាំង​ជាង​ពី​មជ្ឈដ្ឋាន​អ្នកនយោបាយ។ ប៉ុន្តែ តើ​គណបក្សនយោបាយនីមួយៗអាចឆ្លើយតប​នឹង​ការទន្ទឹងរង់ចាំ​របស់​ម្ចាស់ឆ្នោត​បាន​កម្រិតណា? ចម្លើយ​តប​ទៅនឹង​សំណួរ​នេះ​នឹង​ឃើញច្បាស់​នៅក្នុង​ការបោះឆ្នោត​សភា​លើក​ក្រោយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ